រាជធានីភ្នំពេញ ៖ មិនថាប្រទេសណាមួយឡើយតែងតែមានជំនឿ ប្រពៃណី សាសនា ទំនៀមទម្លាប់ជាតិរបស់ខ្លួន។ មនុស្សគ្រប់រូបមានសិទ្ធិជឿលើទស្សនៈ និងគោរពប្រតិបត្តិលើបុគ្គលដែលជាម្ចាស់ទស្សនៈ លទ្ធិសាសនា ឬនិកាយនោះផងដែរ។ ប៉ុន្តែរឿងសំខាន់មួយដែលគេមិនត្រូវភ្លេច គឺមិនត្រូវជឿអ្វីទាំងងងឹតងងល់ ឬមិនត្រូវជឿអ្វីដោយខ្វះការពិចារណាឡើយ។
ជាក់ស្តែង កាលពីកន្លងមកនេះក៏មានសំណួរសួរទៅលោកម្ចាស់គ្រូ សាន សុជា ថា តើការអុជធូបសែនផ្លែឈើនៅផ្ទះថ្ងៃសីល តើល្អ ឬមិនល្អ ហើយមានផលប្រយោជន៍ និងគុណវិបត្តិអ្វីខ្លះ ? ដើម្បីដឹងកាន់តែច្បាស់នូវសំណូរខាងលើនេះលោកម្ចាស់គ្រូ សាន សុជាក៏បានបកស្រាយថា ៖ វានៅលើវត្ថុបំណងរបស់យើង បើសិនជាយើងអុជសុំសុខ សុំសិរីអីនោះវាជាការបង្ហាញថា យើងវាខ្វះខាតសេចក្តីសុខខ្លាំងណាស់ វាអត់មានសេចក្តីសុខផ្លូវចិត្តអីសម្រាប់ផ្សព្វផ្សាយមេត្តាដល់ពពួកសត្វកើត ឃើញថាខ្វះរហូតហ្មង។ យើងដឹងហើយថា ស្អីតែខ្វះគឺមិនសម្បូរទេ តែមិនសម្បូរ វាអត់មាន អត់មានឲ្យគេអត់កើត គិតតែសុំគេរហូត ។

ទន្ទឹមនោះដែរ លោកម្ចាស់គ្រូ សាន សុជា មានសង្ឃដីកាបន្តថា ៖ ជាធម្មតាទេ អ្នកសុំគ្មានពីណាចង់ដើរជិត អ្នកសុំរមែងទាស់ចិត្តអ្នកឲ្យ ការសុំនោះហើយរមែងឲ្យបែកមិត្ត អ្នកសុំគ្មានពីណាចង់ដើរជិត ជាតិជាបណ្ឌិតត្រូវគិតហើយ ត្រូវសុំចាំសុំ បើមិនសុំ កុំសុំ ។ សុខក៏ដូចគ្នាចឹងដែរ ចំពោះពពួកអមនុស្សយើងគួរតែអាណិតគ្នា គួរតែផ្តល់សេចក្តីសុខឲ្យគ្នា គួរតែផ្សព្វផ្សាយចិត្តល្អៗឲ្យគ្នា ផ្សព្វផ្សាយមេត្តាឲ្យគ្នា ។ ហើយមិនដឹងគ្នាសុខទុក្ខម៉េចផងសុំទៀតហើយ យើងដឹងថា ពពួកអមនុស្សគ្នាកើតទុក្ខដែរ? កំណើតហ្នឹងវាថោកទាបជាងយើងផង កំណើតអ្នកនៅជុំវិញយើងពពួកអទេសមាន ពួកអាសូរកាយ ពួកប្រេត ពួកព្រាយ ពួកខ្មោច អារក្សស្អីហ្នឹងវាគ្មានសុខអីវា វាកើតទុក្ខជាងយើង។ ភាគច្រើនវានៅក្នុងទុក្ខគតិទៀត វាអត់បានកំណើតប្រហែលយើងផងហ្នឹង គួរណាស់តែយើងទេដែលផ្តល់សេចក្តីសុខឲ្យពួកហ្នឹង អ៊ីចឹងហើយបានពពួកអស់ហ្នឹងព្រះពុទ្ធមានតែបង្រៀនឧទ្ទិសឲ្យ បើនិយាយពីការធ្វើទាន ធ្វើកោសល្យវិញមានតែការឧទ្ទិសឲ្យ ឲ្យអីឲ្យហ្នឹងវាបានសុខ ពួកហ្នឹងបានសុខ ព្រោះគ្នាវាខ្វះខាតសេចក្តីសុខខ្លាំងណាស់។ បើកាលណាយើងអនុមោទនា ឧទ្ទិសនូវសេចក្តីល្អឲ្យទៅ គ្រែងល៎គ្នាក៏នឹកឃើញ ចេះត្រេអរហ្នឹងសេចក្តីល្អនោះទៅ កុសលវាកើតនៅក្នុងចិត្តនោះអាចឧបត្ថម្ភឲ្យរួចផុតពីកំណើតទាំងអស់ហ្នឹង ។

ជាមួយគ្នានោះដែរ លោកម្ចាស់គ្រូ បានមានសង្ឃដីកា៖ អ៊ីចឹងអាត្មាសុំនិយាយថា អុជល្អ ឬមិនល្អអីទេ តែសំខាន់បំណងយើងហ្នឹងយ៉ាងម៉េច ជាបំណងអ្នកចែកសុខ ឬបំណងអ្នកសុំសុខ ។ បើបំណងអ្នកសុំសុខវិញជាការប្រាប់មកថាយើង អត់មានសុខផង វាអត់មានបុណ្យនៅក្នុងចិត្តផង មានតែខ្វះរហូត តួខ្វះនោះស្អីគេ គឺលោភៈ តួអកុសល ហើយសុំពីណាមិនសុំ ទៅសុំចំសត្វខ្វះដែរហ្នឹងដូចពួកជំនាវផ្ទះ ពួកទេវតាទាបៗសុទ្ធតែពួកអ្នកខ្វះសុខ រកតែផ្ទះខ្លួនឯងនៅមិនបានផង មកនៅផ្ទះយើងហ្នឹង គ្នាវាខ្វះសុខ មានសុខឯណាចែកយើង មានតែយើងទេដែលចែកសេចក្តីសុខឲ្យ ។ ប៉ុន្តែដូចព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ចឹងថា ៖ អ្នកមានប្រាជ្ញាគឺតែងតែឲ្យសេចក្តីសុខដល់អ្នកដទៃ ហើយរមែងចូលទៅដល់សេចក្តីសុខហ្នឹងដោយខ្លួនឯង កាលបើពួកអ្នកទាំងអស់ហ្នឹងទទួលសេចក្តីសុខពីយើងហើយ រឿងអីគេមិនអរគុណ យើងឲ្យសុខឲ្យគេសិន យើងមិនទាន់ឲ្យផង យើងដាក់នេះដាក់នោះតិចសុំហើយដូចយកទៅសូកភ្លាមៗមើលទៅមិនឃើញជាការឲ្យ ។

លើសពីនេះទៅទៀតលោកម្ចាស់គ្រូ បានបន្ថែមថា ៖ រឿងនេះក៏ផ្តើមដោយការយល់ បើយើងយល់ថា បុណ្យហ្នឹងជាអ្វី? គឺផ្តើមដោយចិត្តនោះពេញលេញ ដោយមេត្តាករុណា ហើយផ្តល់សេចក្តីសុខនោះឲ្យពពួកសត្វហ្នឹងដោយការផ្សព្វផ្សាយមេត្តា ព្រោះពួកហ្នឹងខ្វះសុខណាស់ សូម្បីតែរុក្ខទេវតា ស្អីៗហ្នឹងក៏មិនសម្បូរសុខប៉ុន្មានទេ ខ្វះកន្លែងនៅ មកនៅតាមដើមឈើ ដើមព្រៃអី ឃើញទេភិក្ខុទៅនៅចឹងទៅក៏មួរម៉ៅក្តៅក្រហាយ ក៏ធ្វើបាបភិក្ខុចឹងទៅ ។ ដល់ភិក្ខុទៅរៀនមន្តពីព្រះសម្មាសម្ពុទ្ធមក យកមន្តអីគឺមន្តទឹកចិត្ត មេត្តា ករុណា ផ្សព្វផ្សាយធម៌មេត្តាចិត្តឲ្យពពួកសត្វអស់ទាំងនោះបានសេចក្តីសុខ ហ្នឹងអីចឹង។

លោកម្ចាស់គ្រូ បានមានសង្ឃដីកា ៖ ធូបអត់ចង្រៃទេណា ចង្រៃតែអ្នកដុត អុជខុស ឬមិនខុសអីទេ ធូបអត់មានចង្រៃអីផង ចង្រៃៗតែអ្នកដុត រហូតដល់តែញៀនថាអត់ធូបវាមិនកើត មិនអុជធូបវាមិនកើត អាហ្នឹងចង្រៃមនុស្សជាប់តើ វាមានចង្រៃអីហ្នឹងធូបហ្នឹង ។ ហើយថាធូបហ្នឹងអ្នកកាន់ពុទ្ធសាសនាទាល់តែមានធូបហ្នឹង អាហ្នឹងចេះតែថា មើលគេសែនអ្នកតាចិនគេអុជធូបឡើងទ្រលោមដែរហ្នឹង អាហ្នឹងពុទ្ធសាសនាដែរ ?ស្រេចតែគេយកទៅប្រើតើអាហ្នឹង ។


មួយវិញទៀត លោកម្ចាស់គ្រូ សាន សុជា បានមានសង្ឃដីកា ៖ តែបើយើងគ្រាន់តែតំណាង វាគ្មានស្អីក្នុងដៃសោះវាមិនកើតទេ ទំនៀមទម្លាប់អីចឹងទៅ ប៉ុនតែយើងមែនថា ធូបហ្នឹងវានាំជ័យ នាំសិរីស្អីទេ វាអត់ជឿចឹងទេ គ្រាន់តែថា ធ្វើចឹងទៅដូចទំនង ធ្វើទៅ មានទាស់អី អុជទៅចង់អុជ ។ ហើយសួរថាមានផលវិបាកអីចង្រៃ កន្លែងចង្រៃ គឺចង្រៃដូចវត្តនៅអូស្រា្តលី មានញាតិញោមគាត់និយាយខ្លះនាំគ្នាដុតធូបខ្លាំងពេកគេប្តឹងបិទវត្ត អ្នកអូស្ត្រាលីនោះគេធំក្លិនផ្សែងហ្នឹងមិនបានទេ ខូចសុខភាពគេ ផ្សែងធូបឡើងមួយបាច់ៗមិនធម្មតាណា គិតពីរឿងសុខភាពនោះនាំឲ្យកើតរោគសួតទៀតផ្សែង ។ និយាយថាដុត ដុតឲ្យស្លា.ប់ហើយដល់តែហិត ហិតតែមនុស្សរស់ មនុស្សស្លា.ប់ឯណាមានច្រមុះមកហិត អ្នកស្រង់ក្លិនធូបមនុស្សរស់ហ្នឹងឯង ខូចសួត ខូចថ្លើមដោយសារតែផ្សែង ហើយបើអុជមិនប្រយ័ត្នវាឆេះកុដ្ឋ ឆេះសាលា ឆេះវិហារ ឆេះផ្ទះតែញយ ឃើញទេនេះ ផលវិបាកផលចង្រៃ។ មិនដែលឃើញខ្មោចឯណាមកទារធូបផង ណាស់តែមនុស្សទេដែលអត់ធូបមិនបាន មនុស្សរស់ហ្នឹងអ្នកថា ខ្មោចមិនដែលថាផងហ្នឹង អ្នកស្លា.ប់មិនដែលថាផង ។

លោកម្ចាស់គ្រូ សាន សុជាបានបន្តថា ៖ អ៊ីចឹងនៅលើការពិចារណារបស់យើងទេ ស្អីក៏ដោយមិនចំពោះតែធូបទេ សូម្បីតែផ្កាយើងយកមកបូជាព្រះរតនាត្រ័យហ្នឹង បើយើងបូជាដោយសេចក្តីជ្រះថ្លាអត់បញ្ហាអីទេ តែបើយើងគិតថាបូជាទៅវាកើតលាភ កើតសិរីចេះចុះ អាហ្នឹងចង្រៃទៀត ចង្រៃអ្នកថ្វាយទៀត ។ មិនចំពោះតែរឿងធូប រឿងផ្កា រឿងទាននោះទេ សូម្បីតែដៃទទេ យើងទៅថ្វាយបង្គុំព្រះចេតិយ ថ្វាយបង្គុំព្រះពុទ្ធរូប បើថ្វាយបង្គុំដោយក្តីសេចក្តីជ្រះថ្លា ដោយការដឹងគុណ អូខេល្អ ចម្រើនកុសលថែម តែបើទៅថ្វាយបង្គុំសុំនេះសុំនោះចង្រៃទៀត ។ អត់មានប្រយោជន៍អីទេកុំថ្វាយល្អជាង មិនទាន់ដឹងអីផងទៅសុំភ្លាមហើយ ។ ដូចខ្ញុំករុណាធ្លាប់លើកឡើងថា ម៉េចទៅទើបហៅថាដឹងគុណនោះ ?ឧទាហរណ៍ថា យើងដឹងគុណម៉ែ មែនទៅដល់ថ្វាយបង្គុំសុំអីទៀតទេ នឹករំលឹកទុក្ខលំបាកម៉ែដែលគាត់ខំចិញ្ចឹមមក ខំរកលុយកាក់ឲ្យយើងរៀនបានចប់ ខ្លួនគាត់នោះលំបាក ដល់យើងនឹករំលឹកទៅ ក៏ទៅគោរពសំពះគាត់ទៅ សុំឲ្យអ្នកម្តាយហ្នឹងសម្រាកឲ្យស្រួល។ ហើយការចំណាយលើការហូចចុកអីហ្នឹង ពីហ្នឹងទៅទុកឲ្យកូនជាអ្នកគិតគូទៅចុះ សូមអ្នកម្តាយលោកឪពុកហ្នឹងកុំខ្វល់ខ្វាយទៀតហើយ ។ នេះបានហៅថាថ្វាយបង្គុំឲ្យ ដឹងគុណនោះ។


លោកម្ចាស់គ្រូ សាន សុជា បានមានសង្ឃដីកា ៖ ទៅដល់ថ្វាយបង្គុំព្រះអង្គអើយសុំបានសុខចេះៗ ធ្វើអីឲ្យព្រះអង្គហើយ ហើយព្រះអង្គជំពាក់យើងពីពេលណា ចេះតែទៅសុំមិនចេះចប់ចឹង នេះគ្រាន់តែលើកឲ្យគិតទេ ។ ថា ធម៌ក៏អត់ចង្រៃ ផ្កាក៏អត់ចង្រៃ ថ្វាយបង្គុ ំក៏អត់ចង្រៃ និយាយទៅរបស់ហ្នឹងទង្វើប៉ុណ្ណា សំខាន់នេះទិដ្ឋិខាងក្នុងរបស់យើងហ្នឹងយល់ថាម៉េច? អាហ្នឹងទើបជារឿងសំខាន់ ៕
ចែករំលែកព័តមាននេះ