ខេត្តបន្ទាយមានជ័យ ៖ ច្រករបៀងណង់ចាន់ គឺជាច្រកសម្រាប់ពលករខ្មែរទៅរកការងារធ្វើតាមបន្ទាត់ព្រំដែន ទៅព្រឹកវិលល្ងាច ដែលស្ថិតភូមិអាងសីលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
ជាក់ស្តែងនៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ នៅច្រកណងចាន់ (អាងសីលាខ្មែរ) ឃើញថា មានប្រជាពលរដ្ឋខ្មែរត្រឡប់មកពីធ្វើការនៅប្រទេសថៃ តាមបន្ទាត់ព្រំដែន ដោយទៅព្រឹកវិលល្ងាច ក្នុង១ថ្ងៃគឺមានប្រមាណជិត១០០នាក់ ដែលជាពលរដ្ឋរស់នៅក្បែរព្រំដែន។
![Picture]()
ហើតាមប្រជាពលរដ្ឋបានប្រាប់ថា ប្រជាពលរដ្ឋដែលរស់ក្បែរព្រំដែន គ្មានមុខរបបអ្វីក្រៅពីនាំគ្នាឆ្លងដែនទៅរកការងារធ្វើតាមជាយដែននៃប្រទេសថៃ ដែលធ្វើជាពលករកា.ប់អំពៅ ជីកដំឡូងមី និងធ្វើការងារអ្វីផ្សេងទៀត សម្រាប់ជីវិភាពគ្រួសារដែលរកកម្រៃបានក្នុង១ថ្ងៃចាប់ពី៣០០ទៅ៤០០បាត ហើយអាចទៅមកព្រឹកវិលល្ងាច ដែលមានថៅកែថៃចាំមកទទួលនៅក្បែរព្រំដែនផងដែរ។
![Picture]()
ប្រជាពលរដ្ឋបានបញ្ជាក់ថា នៅពេលដែលពួកគាត់ឆ្លងដែនតាមច្រករបៀងទៅរកការងារធ្វើតាមបន្ទាត់ព្រំដែន ស្ថិតក្នុងទឹកដីថៃ គឺចេញ-ចូលដោយប្រើតែអត្តសញ្ញាណប័ណ្ណ និងប័ណ្ណចាក់វ៉ាក់សាំងការពារកូវីដ១៩ ដែលមានការយោគយល់ពីកងកកម្លាំងកម្ពុជា និងកម្លាំងភាគីថៃ ដោយឱ្យចេញ-ចូលទៅរកការងារធ្វើព្រឹកវិលល្ងាច គឺមិនបានអស់លុយអ្វីនោះទេ។
![Picture]()
ប្រជាពលរដ្ឋបានរំលឹកថា ប្រជាពលរដ្ឋដែលនៅក្បែរព្រំដែន ខណៈពេលទំនេរពីការធ្វើស្រែ និងចម្ការខ្លួនឯង ដែលគ្មានការងារធ្វើ គឺភាគច្រើនបានឆ្លងដែនទៅរកការងារធ្វើតាមបន្ទាត់ព្រំដែន សម្រាប់បានកម្រៃចិញ្ចឹមគ្រួសារ ដោយគ្រាន់តែកាន់កាំបិ.ត និងពូថៅ ឬចម ចូលទៅរកការងារនៅក្បែរព្រំដែន ស្ថិតក្នុងទឹកដីថៃ ទៅព្រឹកវិលល្ងាច ហើយបាននៅជាមួយក្រុមគ្រួសារទៀតផង។
![Picture]()
បើតាមកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន បានបញ្ជាក់ផងដែរថា សម្រាប់ប្រជាពលរដ្ឋដែលចេញ-ចូលទៅព្រឹកវិលល្ងាច ដើម្បីរកការងារធ្វើតាមបន្ទាត់ព្រំដែន ក្នុងទឹកដីថៃ គឺគ្មានច្បាប់អោយចេញ-ចូលនោះទេ តែដោយមានការយោគយល់ពីកងកម្លាំងជាប់ព្រំដែនកម្ពុជា និងថៃ ដែលបានសម្របសម្រួលគ្នាអោយប្រជាពលរដ្ឋចេញ-ចូលព្រឹកវិលល្ងាច សម្រាប់ប្រជាពលរដ្ឋរស់នៅជាប់ជាយដែនឃើញមុខរាល់ថ្ងៃ ទើបអនុញ្ញាតិឱ្យ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ