ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ចែក​ប្លង់​កម្ម​សិទ្ធ​ស្របច្បាប់​ដល់​អតីត​យុទ្ធ​ជន​ពិការ

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ផ្ទះល្វែង​សង់​អំពី​ឈើ​ប្រក់​ស៊ី​ប្រូ​ស៊ីម៉ង​ត៏ មាន​ចំនួន​១០​បន្ទប់​សម្រាប់​ក្រុម​អតីត​យុទ្ធ​ជន​ពិការ

ខេត្តកំពង់ចាម ៖  ផ្ទះល្វែង​សង់​អំពី​ឈើ​ប្រក់​ស៊ី​ប្រូ​ស៊ីម៉ង​ត៏ មាន​ចំនួន​១០​បន្ទប់​សម្រាប់​ក្រុម​អតីត​យុទ្ធ​ជន​ពិការ​រស់នៅ​ជា​ច្រើន​គ្រួសារ ក្នុងភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។ ដោយ​ជើង​សសរ​បាន​ពុក​ផុយ​ដែល​បង្កក្តី​កង្វល់​ខ្លាច​រលំ នៅ​ពេល​ណា​មូ​យ​ដោយសារ​មាន​ភ្លៀង​ខ្យល់​បោកបក់​ជាមួយ​នោះ​ពួក​គាត់​បាន​សំណូមពរ​ដល់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន មេត្តា​ជួយ​សាងសង់​ជំរក​នេះ សម្រាប់​រស់នៅ​ឲ្យ​បាន​សមរម្យ​ផង​ដែរ ។លោក ស្រ៊ុ​ន ស អាយុ​៥០​ឆ្នាំ តំណាង​ឲ្យ​គ្រួសារ​អតីត​យុទ្ធ​ជន​ចំនួន​២៤​គ្រួសារ ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក ថ្ងៃទី​០៥ ខែកញ្ញា ២០១៧​នេះ​ថា រូប​លោក​និង​គ្រួសារ​ដ៏​ទៃ​ទៀត​បាន​នាំ​គ្នា​មក​រស់នៅ​ត្រង់​ទីតាំង​ខាងលើ​នេះ​ជា​បន្តបន្ទាប់​តាំងពី​ក្នុង​អំឡុង​ឆ្នាំ​១៩៩២ ដែល​ថ្នាក់ដឹកនាំ​ខេត្ត​បាន​យកចិត្តទុកដាក់ ធ្វើ​ផ្ទះ​ឈើ​១​ល្វែង​មាន​ចំនួន​១០​បន្ទប់ ដោយ​បាន​រស់នៅ​ក្នុង​ភាព​សុខដុម  រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ថែម​ទាំង​បាន​ប្លង់​ដី​ស្របច្បាប់​គ្រប់​ៗ​គ្នា​ពិតជា​មាន​ក្តី​សប្បាយ​រីករាយ​។លោក ស្រ៊ុ​ន ស  រំលឹក​ថា មាន​ពេល​មួយ​នោះ​រូប​លោក​កំពុង​តែ​នាំ​គ្នា​ដើរ​ល្បាត​តាម​ខ្សែត្រៀម​នៅ​ក្នុងស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ មុន​ពេល​ដែល​កងកម្លាំង​អង្គការសហប្រជាជាតិ ( UN ) មាន​វត្ត​មាននៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​រៀបចំ​ឲ្យ​មានការ​បោះ​ឆ្នោត​ជា​លើក​ដំបូង ។

ក្នុង​គ្រានោះ​ទាហាន​ជា​ច្រើន​នាក់បាន​ដើរទៅ​ផុត​អស់ លុះ​ពេល​ដែល​រូប​លោក​ដើរ​ចុង​ក្រោយ​គេ​ស្រាប់តែ​ជាន់​មីន របស់​ខ្មែរក្រហម​ដែលបាន​លួច​កប់​ក្នុង​ដី បណ្តាល​ឲ្យ​ផ្ទុះ​ឡើង​ហើយ​រង​របួស​ជើង​ខាងឆ្វេង ត្រូវ​បាន​ពេទ្យ​កាត់​លើ​ជង្គង់​ក្រោយ​ពី​បានជា​សះស្បើយ​ត្រូវ​បាន​គេ​បញ្ជូន​មក​កាន់​ស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ។ បន្ទាប់​មក​ត្រូវ​បានថ្នាក់ដឹកនាំ​ខេត្ត​ក៏​ដូច​ជា​អង្គភាព​ពាក់ព័ន្ធ​បាន​យកចិត្តទុកដាក់ ធ្វើ​ផ្ទះល្វែង​សម្រាប់​ឲ្យ​យុទ្ធ​ជន​ពិការ​រស់នៅ​ដែល​មាន​ចំនួន​១០​បន្ទប់​នោះ ក្នុង​ពេល​ដំបូង​សំណង់​នេះ​ល្អ​មែន តែ​មក​ដល់​សព្វ​ថ្ងៃនេះ​ជិត​២០​ឆ្នាំ​ហើយ សសរឈើ​សម្រាប់​ទ្រទ្រង់​ផ្ទះ​ត្រូវ​បាន​ពុក​ផុយ ដោយ​ពួក​គាត់​បាន​នាំ​គ្នា​យក​ឈើ​ផ្សេង​មក​ជួសទ្រ​ពី​ខាងក្រោម ទោះជា​បែប​នេះ​ក្តី​ក៏​មិន​ធានា​បាន​ដែរ ។ ដោយ​ប្រឈម​នឹង​គ្រោះថ្នាក់​រាល់ថ្ងៃ​ខ្លាច​តែ​មាន​ភ្លៀង​ខ្យល់​បោកបក់​ខ្លាំង​នោះ អាច​នឹង​រលំ​មើល​មិនឃើញ​នោះ​ទេ ។  ដូច្នេះ​ក្តី​កង្វល់​នេះ​ពួក​គាត់​មិន​មាន​ថវិការ​មកពីណា​សម្រាប់​សាងសង់​ថ្មី​ឡើង​វិញ​ទេ ហើយ​ក៏​មាន​សេចក្តី​ត្រេកអរ​ដែល​ឯកឧត្តម គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ចុះ​ចែក​ប្លង់​ដី​ស្របច្បាប់​ដល់​ពួក​គាត់ ទាំង​២៤​គ្រួសារ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ពិតជា​មាន​ក្តី​សប្បាយ​រីករាយ ។  សំណង់ផ្ទះ​ឈើ​ចំនួន​១០​បន្ទប់​កំពុង​តែ​ទ្រុឌទ្រោម គាត់​សូម​លើក​ម្រាមដៃ​ដប់​គោរព ដល់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សូម​មេត្តា​ជួយ​សាងសង់​ផ្ទះ​ឈើ​ល្វែង​ដល់​ពួក​គាត់ ក្នុង​កំរិត​សមរម្យ​ដោយ​ក្តី​អនុគ្រោះ​។

ចំណែក​អតីត​យុទ្ធ​ជន​ពិការ​ឈ្មោះ សុវណ្ណ នី អាយុ​៦០​ឆ្នាំ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា គាត់​បាន​ពិការ​ក្នុង​អំឡុង​ឆ្នាំ​១៩៨៣ ពេល​ដែល​បាន​ចេញ​ទៅ​តស៊ូ​ច្បាំង​ជាមួយនឹង​ខ្មែរក្រហម​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន បន្ទាប់​មក​គាត់​បាន​ត្រូវ​គេ​បញ្ជូន​មក​ឲ្យ​រស់នៅ ក្នុង​មណ្ឌល​យុទ្ធ​ជន​ពិការ​ខេត្តកំពង់ចាម​។ កន្លង​មក​ពួក​គាត់​ធ្លាប់​ត្រូវ​បាន​គេ​ឲ្យ​ចាក​ចេញពី​មណ្ឌល​នេះ​៣​ទៅ​៤​លើក តែ​ម្នាក់​ៗ​ក្រាញននៀល​មិន​ព្រម​ចេញ​ព្រោះ​មិនដឹង​ជា​ទៅ​រស់នៅ​ទីណា​ទេ ទីបំផុត​ក៏​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ខេត្ត  ក៏​សម្រេច​ចេញ​ប្លង់​កម្ម​សិទ្ធ​ស្របច្បាប់​ឲ្យ​នៅ​ឆ្នាំ​២០១៧​នេះ ធ្វើ​ឲ្យ​ពួក​គាត់​មាន​ក្តី​រំភើប​សប្បាយ​រីករាយ​គ្រប់​ៗ​គ្នា​៕