ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​រ៉ែ​ន​ប្រកាស​អាសន្នលាន់​កក្រើក… មនុស្ស​ជាង១០០នាក់​សន្លប់

6 ឆ្នាំ មុន

ខេត្តកោះកុង ៖ កម្មករ​រោងចក្រ​កាត់ដេរ​ជាង​១០០​នាក់​​ដែល​ភ័យ​តក់ស្លុត

ខេត្តកោះកុង ៖ កម្មករ​រោងចក្រ​កាត់ដេរ​ជាង​១០០​នាក់​​ដែល​ភ័យ​តក់ស្លុត បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​គ្នា បន្ទាប់​ពី​ឮ​សំឡេង​ស៊ី​រ៉ែ​ន​ប្រកាសអាសន្ន​នៅ​ក្នុង​រោងចក្រ​ពេល​កំពុងធ្វើការ ។ តាម​ពិត ស៊ី​រ៉ែ​ន​ប្រកាស​អាន្ន​ដែល​លាន់ឮ​ឡើង​នោះ​ ដោយសារ​ឆ្លង​ចរន្តអគ្គិស​នី​​ប៉ុណ្ណោះ ។

ហេតុការណ៍​ផ្អើល​ឆោឡោ​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៥ ខែកញ្ញា ចាប់ពី​ម៉ោង​៧​និង​១០​នាទី​ដល់​ម៉ោង​៨​និង​៣០​នាទី​ព្រឹក នៅ​រោង​ចក្រ​កាត់ដេរ KKN​ទី​៣ ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ។ ភ្លាម​ៗ កម្មករ​កម្មការិនី​ដែល​ដួល​សន្លប់ ត្រូវ​បាន​ដឹក​បញ្ជូន​តាម​រថយន្ត​របស់​រោងចក្រ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។

ប្រភព​ពី​កម្មករ​រោងចក្រ​ជា​ច្រើន​នាក់​អះអាង​ថា ខណៈ​កម្មករ​រាប់រយ​នាក់​ទើបតែ​ចូល​ដល់​ក្នុង​រោងចក្រ​មិន​បាន​ប៉ុន្មាន​នាទី​ផង ស្រាប់តែ​សំឡេង​ស៊ី​រ៉ែ​ន​ប្រកាស​អាសន្ន​បាន​បន្លឺ​ឡើង​យ៉ាង​កងរំពង​ពេញ​ក្នុង​រោងចក្រ ។ ភ្លាម​ៗ​នោះ​កម្មករ​ទាំងអស់​មានការ​ភ័យ​ស្លន់ស្លោ និង​ចាប់ផ្តើម​មានការ​ដួល​សន្លប់​ជា​បន្តបន្ទាប់​តែ​ម្តង ។ ប្រភព​ដដែល​បន្ត​ថា មួយសន្ទុះ​ក្រោយមក​សំឡេង​ស៊ី​រ៉ែ​ន​ក៏​ត្រូវ​បាន​បិទ ប៉ុន្តែ​ដោយ​ឃើញ​ដួល​សន្លប់​ច្រើន​ពេក អ្នក​ដែល​មិន​ទាន់​ដួល​ក៏​ចាប់ផ្តើម​ដួល​សន្លប់​ជា​បន្តបន្ទាប់​ទៀត​ដែរ ទោះបី​មិន​មាន​សំឡេង​ស៊ី​រ៉ែ​ន​ក៏​ដោយ ។ នៅ​ពេល​នោះ ខាង​រោងចក្រ​ក៏​ចាត់វិធានការ​ជា​បន្ទាន់ យក​រថយន្ត​រដឹក​កម្មការិនី​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្ត ដែល​មាន​ចម្ងាយ​ប្រមាណ​៨​គីឡូម៉ែត្រ​ពី​រោងចក្រ ។

លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ថ្លែង​ថា កម្មករ​កម្មការិនី​ដែល​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​មាន​ចំនួន​១០០​នាក់ និង​មាន​ក្រុម​គ្រូពេទ្យ​ទៅ​សង្គ្រោះ​ដល់​រោងចក្រ​មួយ​ចំនួន​ទៀត ចំពោះ​អ្នក​ដែល​មាន​អាការ​ស្រាល ។ លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា ការ​សន្លប់​របស់​កម្មករ​កម្មការិនី​ទាំងនោះ កើតឡើង​ដោយសារ​ភ័យរន្ធត់​ខ្លាំង ចង្វាក់បេះដូង​ដើរ​ខុស​ប្រក្រតី  ឬ​ក៏​ហៅ​ថា​ស្រឺ​ត ។ ចំពោះ​ការ​សង្គ្រោះ គឺ​ត្រូវ​បញ្ចូល​សេរ៉ូម​ទាំង​១០០​នាក់​តែ​ម្តង ហើយ​ក្រុម​គ្រូពេទ្យ​ត្រូវ​ដើរ​ពិនិត្យ​និង​សម្រួល​អារម្មណ៍​ដល់​ពួក​គាត់​តាម​រយៈពាក្យ​សម្តី​លួងលោម ដើម្បី​ឱ្យ​ចង្វាក់បេះដូង​ត្រឡប់​មក​ភាព​ប្រក្រតី​វិញ ។

រហូត​មក​ដល់​ម៉ោង​២​កន្លះ​រសៀល​ថ្ងៃ​ដដែល​លោកគ្រូ​ពេទ្យ​នៅ​មិន​ទាន់​អនុញ្ញាត​ឱ្យ​កម្មករ កម្មការិនី​ណា​ម្នាក់​ចេញពី​មន្ទី​ពេទ្យ​នៅ​ឡើយ​ទេ ទោះបី​ពួក​គាត់​ខ្លះ​មាន​អាការ​ធូរស្រាល ហើយ​បាន​សុំ​វិល​ត្រឡប់​ទៅ​វិញ​ក៏​ដោយ ។ ចំណែក​ភាគី​ខាង​រោងចក្រ​បាន​បញ្ជាក់​​ជា​ផ្លូវការ​ថា ការ​កើត​មាន​សំឡេង​ស៊ី​រ៉ែ​ន​នៅ​ក្នុង​រោងចក្រ​នេះ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។ មានការ​កត់​សម្គាល់ថា កាលពី​ប៉ុន្មាន​ខែ​មុន មាន​ករណី​ដូច​គ្នា​នេះ​ដែរ​បាន​កើតឡើង​នៅ​រោងចក្រ​KKN​ទី​២ តែ​ពេល​នោះ​មានការ​ដួល​សន្លប់​តិច​នាក់​ទេ៕