ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពត​នឹង​សាងសង់​កំពង់​ផែ​ទេសចរណ៍​នៅ​ចុងឆ្នាំ​នេះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កំពង់​ផែ​ទេសចរណ៍​ថ្មី​មួយ​ដែល​មាន​តម្លៃ​១០​លាន​ដុល្លារ​

រាជធានី​ភ្នំពេញ ៖ កំពង់​ផែ​ទេសចរណ៍​ថ្មី​មួយ​ដែល​មាន​តម្លៃ​១០​លាន​ដុល្លារ​ក្រោម​ជំនួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា (ADB) គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុងឆ្នាំ​នេះ និង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៩​ខាង​មុខ ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​៥ កញ្ញា ថា ក្រោម​ជំនួយ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុង​ក្របខ័ណ្ឌ​នៃ​បណ្តា​ប្រទេស​តាម​អនុ​តំបន់​ទន្លេមេគង្គ នៃ​ច្រករបៀង​ភាគ​ខាងត្បូង ធនាគារ​នេះ​បាន​ផ្តល់​ឥណទាន​ចំនួន​១៨​លាន​ដុល្លារ​ដើម្បី​សាងសង់​កំពង់​ផែ​ទេសចរណ៍​នេះ ។ កំពង់​ផែ​នេះ​គ្រោង​ចំណាយ​ទឹកប្រាក់​១០​លាន​ដុល្លារ និង​ថវិកា​ដទៃ​ទៀត​គ្រោង​នឹង​ប្រើប្រាស់​សម្រាប់​អភិវឌ្ឍន៍​ផ្សារ​ក្តាម ក្នុង​ខេត្តកំពត​ផង​ដែរ ។

លោក​បន្ត​ថា ៖« កំពង់​ផែ​នេះ​នឹង​ជួយ​រួមចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់ ពិសេស ប្រទេស​វៀតណាម និង​ថៃ តាម​រយៈ​ភ្ជាប់​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក​តាម​កប៉ាល់​លឿន ឬ​កប៉ាល់​ទេសចរណ៍​ខ្នាត​ធំ​» ។ លោក​បន្ត​ថា ៖« កំពង់​ផែ​នេះ​ជា​ផ្នែក​មួយ​នៃ​ជំនួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី តាម​រយៈ​ក្របខ័ណ្ឌ​នៃ​បណ្តា​ប្រទេស​ក្នុង​អនុ​តំបន់​ទន្លេមេគង្គ​នៃ​ច្រករបៀង​ភាគ​ខាងត្បូង » ។

គម្រោង​សាងសង់​ផែ​នេះ មាន​ទីតាំង​ក្នុងភូមិ​ជំ​គ្រាល ឃុំ​ជំ​គ្រាល ស្រុក​ទឹកឈូ ខេត្តកំពត ។

លោក​រដ្ឋមន្ត្រី​ទេសចរណ៍​បាន​បន្ត​ថា ទំហំ​វិសាលភាព​នៃ​កំពង់​ផែ​នេះ នឹង​មាន​លទ្ធភាព​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​ឆ្លងកាត់​បាន​ចំនួន​១,៥​លាន​នាក់​ក្នុង​១​ឆ្នាំ ។ ក្នុង​គម្រោង​សាង សង់​នេះ នឹង​ផ្ដល់​ផលប្រយោជន៍​ជា​ច្រើន​ដល់​តំបន់​ទេសចរណ៍​ផ្សេង​ទៀត​ផង​ដែរ ក្នុង​នោះ វា​អាច​បង្ក​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ ដែល​មាន​បំណង​ចង់​បន្តដំណើរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​ដូច​ជា ពី​ខេត្តកំពត ទៅ​ភ្នំ​បូកគោ ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប​ជាដើម ។

ទាក់ទង​នឹង​ការ​សាងសង់​កំពង់​ផែ​ទេសចរណ៍​នេះ លោក ចាន់ ជេ​ស្ដា អភិបាល​ខេត្តកំពត បញ្ជាក់​ថា ផែ​ទេសចរណ៍​នេះ​នឹង​ផ្ដល់​ផលប្រយោជន៍​ជា​ច្រើន​មក​ប្រទេស​ជាតិ​ទាំងមូល ហើយ​វា​នឹង​ផ្ដល់​ការងារ​កាន់តែ​ច្រើន​លើ​វិស័យ​ទេសចរណ៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ។

លោក​ក៏​បាន​បន្ថែម​ថា តាម​រយៈ​កំពង់​ផែ​នេះ ក៏​ជា​ផ្នែក​មួយ​ដែល​នឹង​ស្រូប​យក​ភ្ញៀវ​ទេសចរ​អឺរ៉ុប​កាន់តែ​ច្រើន​ផង​ដែរ ព្រោះ​កំពង់​ផែ​នេះ​ផ្ដល់​សេវាកម្ម​ទេសចរណ៍​ជា​កញ្ចប់ ដែល​នាំ​ភ្ញៀវ​ទេសចរ​ពី​ខេត្តកំពត ទៅ​កោះត្រល់ ប្រទេស​វៀតណាម និង​ដែនសមុទ្រ​ប្រទេស​ថៃ ។

លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ថ្លែង​ថា វា​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ​សម្រាប់​កម្ពុជា​អាច​ភ្ជាប់​ជាមួយ​ប្រទេស​ជិតខាង តាម​រយៈ​ទេសចរណ៍​ផ្លូវទឹក ព្រោះ​កម្ពុជា​អាច​ភ្ជាប់​ខ្សែ​ទស្សនកិច្ច​ជាមួយ​កោះ​ភូ​កុក ឬ​កោះត្រល់ និង​ជាមួយ​ប្រទេស​ថៃ ។ លោក​បន្ត​ថា ខ្សែ​ទស្សនកិច្ច​តាម​ផ្លូវទឹក​មាន​សក្តានុពល​ច្រើន ដែល​កម្ពុជា​នឹង​ទទួល​បាន​ផលប្រយោជន៍​ច្រើន​សម្រាប់​តំបន់ឆ្នេរ និង​អា​ចត​ភ្ជាប់​ទៅ​កាន់​ខេត្តសៀមរាប តាម​រយៈ​ព្រ​លាន​យន្តហោះ​កងកេង ខេត្ត​ព្រះ​សីហ​នុ ។
លោក​បន្ត​ថា ៖« តំបន់ឆ្នេរ​កម្ពុជា​មានការ​រីក​ចម្រើន​ខ្លាំង ដោយសារ​ការ​ទៅ​ដល់​របស់​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន ដែល​ធ្វើ​ឲ្យ​មាន​ទាំង​ការ​អភិវឌ្ឍ និង​បញ្ហា​ប្រឈម ។

ហេតុនេះ ការ​ដោះស្រាយ​បញ្ហា​បរិស្ថាន​ជា​កង្វល់​មួយ ដែល​ត្រូវ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ » ។

តាម​របាយការណ៍​ក្រសួងទេសចរណ៍ ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៧ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា​មាន​ចំនួន ២.៦៦២.៦៧៩​នាក់ កើនឡើង​១២,៨% ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦ ក្នុង​នោះ​ការ​មក​ដល់​តាម​ផ្លូវទឹក​មាន​ចំនួន​៨៩,៥២៥​នាក់ ៕