ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេចដកដំណែងលោក ឈឺន សុធន អភិបាលស្រុកបសេដ្ឋ ដាក់ជំនួសដោយ​អភិបាលរងវិញ

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ដូចអ្វីដែលកោះសន្តិភាព ធ្លាប់បានផ្សាយហើយ មិនខុសមែន គឺពេលនេះសម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៦ ខែមីនា…

ខេត្តកំពង់ស្ពឺ៖ ដូចអ្វីដែលកោះសន្តិភាព ធ្លាប់បានផ្សាយហើយ មិនខុសមែន គឺពេលនេះសម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនេះ បានចេញអនុក្រឹត្យផ្ទេរភារកិច្ចលោក ឈឺន សុធន ចេញពី​អភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋ។ នេះបើយោងតាមអនុក្រឹត្យ ដែលបណ្ដាញ​សារព័ត៌មានយើង ទើបទទួលបាននៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងមាត្រា១ សម្រេចផ្ទេរភារកិច្ចលោក ឈឺន សុធន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាល​ស្រុកបសេដ្ឋ ឲ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ស្ពឺ។

នៅក្នុងមាត្រា២ សម្រេចតែងតាំងលោក សំអឿន សុបញ្ញា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

គួររំលឹកផងដែរថា លោក ឈឺន សុធន ធ្លាប់ត្រូវបាន​លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជា​ប្រធានអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ (ACU) កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣​ បានចេញលិខិតព្រមាន និងប្រាប់ឱ្យលោក ឈឺន សុធន អភិបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ផ្អាកចំពោះការអនុញ្ញាត​ឱ្យលោកស្រី វន់ ឈើវិនគី​អាសាយណាវ ប្រមូលទិញទិញដី ដោយខុសច្បាប់​។ ករណីទិញលក់ដីរដ្ឋនេះ មានលោក ស៊ិន សារុន នាយករដ្ឋបាល ជាអ្នករៀបចំយកដីរបស់រដ្ឋ ក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្ត លក់ឲ្យឈ្មួញ​។

នៅក្នុងលិខិត ​លោកទេស​រដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានតម្រូវឲ្យលោក ស៊ិន សារុន នាយករដ្ឋបាល ដែលបានចម្លងដៃម៉ារីវែង បើកទំនប់ទឹកពីឆ្មាំយាមទំនប់ ដំណើរការបើកទឹក​ ពង្រឹងបង្អោក​ទឹកក្នុង​ទំនប់​ ​ដើម្បីធ្វើការវាស់វែង​ដី​យកលក់ ត្រូវបញ្ឈប់សកម្មភាពនេះ និងប្រគល់ដៃម៉ារីវែង​ចម្លងនេះ មកឲ្យសាលាស្រុកបសេដ្ឋ រក្សាទុក​។

នៅក្នុងលិខិត បានបញ្ជាក់ច្បាស់ៗថា «អង្គភាពប្រឆាំងអំពើពុករលួយ សុំឱ្យលោកអភិបាលស្រុក ចាត់ចែងចំពោះមុខនេះ ដើម្បីបញ្ឈប់នូវសកម្មភាពទាំងពីរខាងលើនេះ ជាបន្ទាន់ ព្រោះទង្វើនេះ បានប៉ះពាល់យ៉ាងខ្លាំង​ដល់ការស៊ើបអង្កេត​របស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងករណីនេះ»។

លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានបញ្ជាក់ថា «ក្នុងករណីលោកអភិបាលស្រុក មិនព្រម​បញ្ឈប់​នូវសកម្មភាពទាំង ២នេះ ឬសកម្មភាពទាំង២ នៅតែបន្ត​អនុវត្ត តាមមាត្រា២៦ (បុព្វសិទ្ធិ​ពិសេសរបស់អង្គភាពប្រឆាំងអំពើពុករលួយ) នៃច្បាប់ ស្ដីពី ការប្រឆាំងអំពើពុករលួយ ខ្ញុំនឹងស្នើឲ្យ​អាជ្ញាធរ​ឋានានុក្រមពាក់ព័ន្ធ ឲ្យផ្អាកជាបណ្ដោះអាសន្ននូវ​មុខងាររបស់លោក​អភិបាលស្រុក»៕ វង្ស សន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ