ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​​ច្រើន​យ៉ាង​​ធ្វើ​ឱ្យ​​មនុស្ស​វ័យ​ចំណាស់​គេង​មិន​លក់

6 ឆ្នាំ មុន

នៅ​ពេល​អាយុ​កាន់តែ​ចាស់ រាង​កាយ​របស់​មនុស្ស​មានការ​ផ្លាស់​ប្តូរ​ច្រើន ។ ឆ្អឹង​នឹង​ចាប់ផ្តើម​ផុយ​ស្រួយ​ស្បែក​យារ ហើយ​ការ​ចង​ចាំ​ថយ​ចុះ​។ ប៉ុន្តែ​

នៅ​ពេល​អាយុ​កាន់តែ​ចាស់ រាង​កាយ​របស់​មនុស្ស​មានការ​ផ្លាស់​ប្តូរ​ច្រើន ។ ឆ្អឹង​នឹង​ចាប់ផ្តើម​ផុយ​ស្រួយ​ស្បែក​យារ ហើយ​ការ​ចង​ចាំ​ថយ​ចុះ​។ ប៉ុន្តែ​ឥទ្ធិពល​មួយ​នៃ​កា​រវិ​វ​ឌ្ឍ​ទៅ​រក​ភាព​ចាស់​ដោយ​មិនសូវ​មាន​គេ​ចាប់អារម្មណ៍​គឺ​ការ​គេង​មិន​គ្រប់គ្រាន់ ។ មនុស្ស​ចាស់​ភាគច្រើន​ដែល​មាន​អាយុ​ចាប់ពី​៦០​ឡើង​ទៅ​តែងតែ​ជួប​ប្រទះ​នឹង​បញ្ហា​គេង​មិន​លក់ ។ ការ​គេង​មិន​គ្រប់គ្រាន់​អាច​មាន​ផលវិបាក​ធ្ងន់​ចំពោះ​មនុស្ស​ចាស់ ។ មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​មនុស្ស​ចាស់​មាន​បញ្ហា​គេង​មិន​លក់ ។

ខាងក្រោម​នេះ​ជា​មូលហេតុ​ទូទៅ​៥៖
១-​លំនាំ​នៃ​ការ​គេង​មិន​ទៀងទាត់
នៅ​ពេល​អ្នកមាន​វ័យ​កាន់តែ​ចាស់ អ្នក​កាន់តែ​ងាយ​នឹង​ភ្ញាក់​ដោយ​សំឡេង​រំខាន​នៅ​ក្នុង​បរិស្ថាន​ជុំវិញ​ដំណេក​របស់​អ្នក ។ ម៉ោង​នៅ​ក្នុង​រាង​កាយ​របស់​អ្នក​នឹង​ចាប់ផ្តើម​លេង​ដំណើរការ​នៅ​ពេល​អ្នក​ចាប់ផ្តើម​ងងុយគេង​នៅ​ពេល​ល្ងាច និង​ក្រោក​ពី​គេង​មុន​ពេល​ព្រឹក​ព្រលឹម ។ គុណភាព​នៃ​ការ​គេង​ចំពោះ​មនុស្ស​ចាស់​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ដោយសារ​ការ​ផ្លាស់​ប្តូរ​លំនាំ​នៃ​ការ​គេង​នេះ ។

២-​ការ​ឈឺចាប់​រ៉ាំរ៉ៃ
បញ្ហា​សុខភាព​ចាប់ផ្តើម​កើនឡើង​នៅ​ពេល​អ្នកមាន​អាយុ​កាន់តែ​ច្រើន ។ ជំងឺ​ខ្លះ​អាច​បង្ក​ការ​រំខាន​ដល់​រាង​កាយ ព្រមទាំង​ដំណេក​របស់​អ្នក ។ ជំងឺ​រលាក​សន្លាក់ ជំងឺ​ឆ្អឹង​កង​ខ្នង និង​ជំងឺ​ស្ពឹក​ស្មា គឺ​សុទ្ធតែ​ជា​ជំងឺ​បណ្តាល​ឱ្យ​មានការ​ឈឺចាប់​ខ្លាំង​ដែល​ប៉ះពាល់​ដល់​ការ​គេង​របស់​មនុស្ស​ចាស់ ។

៣-​ខ្វះ​ការ​ហាត់ប្រាណ
វ័យ​កាន់តែ​ចាស់​នឹង​ធ្វើ​ឱ្យ​អ្នក​មិនសូវ​មាន​ចលនា​រាង​កាយ ដោយសារ​តែ​អ្នក​ប្រហែលជា​មិន​មាន​ថាមពល​ដូច​កាលពី​នៅ​ក្មេង ។ ការ​គេង​ពេល​ថ្ងៃ​នឹង​ក្លាយជា​ទម្លាប់​ថ្មី​ចំពោះ​មនុស្ស​ចាស់ ដែល​ធ្វើ​ឱ្យ​ពួក​គេ​គេង​មិន​លក់​នៅ​ពេល​យប់ ។

៤-​ខ្សោយ​ប្លោក​នោម
កា​រវិ​វ​ឌ្ឍ​រក​វ័យ​ចំណាស់​ធ្វើ​ឱ្យ​ប្លោក​នោម និង​ក្រពេញ​ប្រូ​ស្តា​ត​ខ្សោយ ដែល​ធ្វើ​ឱ្យ​មនុស្ស​ចាស់​ត្រូវ​នោម​ញឹក​នៅ​ពេល​យប់ ។ ការ​ងើបឡើង​ច្រើន​ដង​នៅ​ពេល​យប់​ដើម្បី​ទៅ​នោម​ក៏​អាច​រំខាន​ដល់​ការ​គេង​ផង​ដែរ ។

៥-​លេបថ្នាំ​ច្រើន
មនុស្ស​ចាស់​ដែល​មាន​ជំងឺ​ច្រើន​ក៏​ត្រូវ​លេបថ្នាំ​ច្រើន​តាម​វេជ្ជបញ្ជា ។ ថ្នាំ​មួយ​ចំនួន​ធំ​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​គេង​មិន​លក់​ចំពោះ​មនុស្ស​ចាស់ ព្រមទាំង​ប៉ះពាល់​ដល់​គុណភាព​នៃ​ការ​គេង​របស់​ពួក​គេ ៕