រាជធានីភ្នំពេញ ៖ កងកម្លាំងសន្តិសុខរបស់រដ្ឋបាលខណ្ឌដូនពេញ កាលពីពេលថ្មីៗនេះបានចុះចាប់ម៉ូតូអ្នកហាត់ប្រាណដែលចតនៅលើ ផ្លូវជាប់រង្វង់មូលគួចកាណុងគល់ស្ពានជ្រោយចង្វាក្នុង រាជធានីភ្នំពេញ។ វិធានការនេះដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈដោយសារតែម៉ូតូរបស់អ្នកមកហាត់ប្រាណទាំងនោះបានចតលើផ្លូវតែម្តង។
រូបតំណាងចំពោះវិធានការនេះ ត្រូវបានគេថតបង្ហោះលើ Account Facebook ឈ្មោះ Chhun Solika កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយសរសេរថា «មានករណីចុះចាប់ម៉ូតូអ្នកហាត់ប្រាណ នៅរង្វង់មូលគួចកាណុង»។
ប៉ុន្តែរដ្ឋបាលខណ្ឌដូនពេញ បានឆ្លើយតបថា ការចុះអនុវត្តនេះក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈអោយបានល្អប្រសើរ ជៀសវាងការកកស្ទះផ្សេងៗដោយហាមមិនអោយចតយាន ជំនះគ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវសាធារណៈបែបនេះទេ។ វិធានការនេះ គឺដើម្បីរៀបចំអោយបានមុននូវការការពារសុវត្ថិភាព ជូនក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ដែលឆ្លងកាត់តាមរង្វង់មូលគួចកាណុងនេះ។
រូបតំណាងរដ្ឋបាលខណ្ឌដូនពេញ បានប្រកាសអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការយោគយល់ អធ្យាស្រ័យដល់កងកម្លាំងរបស់យើង ដែលខិតខំរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈនេះ ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង០៥:០០នាទីព្រឹកផង។
មិនថា នៅរង្វង់មូលគួចកាណុងនេះទេ នៅតាមផ្លូវជាប់សួនច្បារមាត់ទន្លេ មុខព្រះបរមរាជវាំង ក៏ត្រូវបានកងកម្លាំងអាជ្ញាធរសមត្ថកិច្ចខណ្ឌដូនពេញរៀបចំសណ្តាប់ធ្នាប់រៀងរាល់ថ្ងៃ មិនថា ព្រឹកល្ងាចទេ គឺហាមមិនឱ្យឈប់ឡានម៉ូតូលើផ្លូវមាត់ទន្លេឡើយ។ វិធានការរៀបចំសណ្តាប់ធ្នាប់នេះ ទោះជាមានម្ចាស់ឡានម៉ូតូខ្លះ មិនពេញចិត្ត តែមហាជនទូទៅ បានគាំទ្រចំណាត់ការនេះ ព្រោះផ្លូវតូចស្រាប់ផង ហើយបើចតឡានចត ម៉ូតូលើផ្លូវ ទាំងសង្ខាងទៀត នឹងរឹតតែតូចចង្អៀត ហើយបង្កការកកស្ទះកាន់តែខ្លាំង។
ម្យ៉ាងទៀត អ្នកហាត់ប្រាណ តាមសួនច្បារសាធារណៈក៏មិនត្រូវយកឡានម៉ូតូចតលើផ្លូវដូច្នោះឡើយ។ប៉ុន្តែទន្ទឹមនឹងវិធានការរបស់អាជ្ញាធរសមត្ថកិច្ចដូច្នេះ គឺត្រូវតែបង្កើតចំណតឱ្យបានច្រើនកាន់តែល្អ សម្រាប់ អ្នកហាត់ប្រាណ នៅសួនច្បារគួចកាណុងគល់ស្ពានជ្រោយចង្វារផង និងនៅតាមសួនច្បារច្រើនទៀត ដែលមានកន្លែងហាត់ប្រាណ។
រូបតំណាងតម្លៃផ្ញើម៉ូតូឡាន ក៏កុំថ្លៃពេក។ ម៉ូតូ១គ្រឿង៥០០រៀល ហើយឡានត្រឹម ១០០០រៀល ឬថ្លៃបំផុត២០០០រៀលបានហើយ ខណៈដែលសព្វថ្ងៃ តម្លៃផ្ញើម៉ូតូតាមសួនច្បារ និងទីសាធារណៈនានាឡើងដល់១៥០០រៀលហើយក្នុង១គ្រឿង។ រីឯឡានវិញថ្លៃដល់៤០០០រៀលដែរ។
បើត្រឹមតែហាមឃាត់ ហើយចាប់លើកយកម៉ូតូ ដែលចតលើផ្លូវទាំងនោះដោយមិនមានរៀបចំចំណត ដែលមានអ្នកមើលការខុសត្រូវត្រឹមត្រូវក៏មិនកើតឡើយ។ដើម្បីធ្វើការងារនេះឱ្យបានរលូនទៅបាន គឺអាជ្ញាធរសមត្ថកិច្ចត្រូវរៀបចំចំណតដែលអាចប្រើកម្លាំងអាជ្ញាធរសមត្ថកិច្ច ឬក៏ដេញថ្លៃឱ្យឯកជនទទួលរៀបចំមើលម៉ូតូឡានរបស់អ្នកហាត់ប្រាណតាមសួនច្បារ ដែលអាចរៀបចំនៅតាមរបងសាលារៀនជិតនោះ ឬក៏នៅសួនច្បារមុខស្ថានទូតបារាំង។ នេះសម្រាប់ក្រុមអ្នកហាត់ប្រាណនៅលើរង្វង់មូលគួចកាណុង។ រីឯនៅសួនច្បារមាត់ទន្លេ ឬក៏នៅសួនច្បារវិមានឯករាជ្យ គឺមានចំណតម៉ូតូឡានហើយ ដែលនៅជាប់នឹងសួនច្បារមុខវត្តបទុម។ នៅមុខវាំង ជិតព្រះអង្គដង្កើ ក៏មានចំណតម៉ូតូឡាន នៅលើចិញ្ចើមផ្លូវជាប់អតីត សណ្ឋាគាររណសិរ្ស។
រូបតំណាងអ្នកនិយមទៅហាត់ប្រាណតាមសួនច្បារសាធារណៈ និងរង្វង់មូលគួចកាណុងក៏ត្រូវតែរកចំណតសម្រាប់ម៉ូតូឡានឱ្យបានត្រឹមត្រូវ ហើយបើគេមានបើកទទួលកន្លែងផ្ញើម៉ូតូឡានក៏ត្រូវតែផ្ញើជាមួយគេ ដើម្បីសុវត្ថិភាពផង និងដើម្បីរបៀបរៀបរយសាធារណៈផង។
ម្យ៉ាងសំខាន់បំផុត ពេលហាត់ប្រាណបានស្ងប់ផងកុំឱ្យអារម្មណ៍នៅនឹងម៉ូតូឡាន ខ្លាចចោរលួច ហើយបើមិនផ្ញើគេទេចៃដន្យអាក្រក់រវល់តែហាត់ប្រាណ ភ្លេចត្រចៀកតែបន្តិច អាចបាត់ម៉ូតូ បាត់គ្រឿងឡាន ក៏ថាបាន ព្រោះចោរឥឡូវ ចាំតែមើលឱកាសល្អ ដែលម្ចាស់ធ្វេសប្រហែសប៉ុណ្ណោះ។
រូបតំណាងដូច្នេះជាសរុបទៅ អាជ្ញាធរសមត្ថកិច្ចមានភារកិច្ចត្រូវរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ និងការពារសន្តិសុខដល់ប្រជាពលរដ្ឋ និងសាធារណជន។តែទន្ទឹមនឹងវិធានការនេះអាជ្ញាធរសមត្ថកិច្ចក៏ត្រូវតែបង្កលក្ខណៈងាយស្រួលរៀបចំចំណតឡានម៉ូតូបើថា មិនបានចតដោយឥតគិតថ្លៃទេក៏មានកន្លែងមានសុវត្ថិភាពត្រឹមត្រូវ ហើយបង់ថ្លៃសមរម្យកុំកា.ប់កោរគេពេក។ចំណែកម្ចាស់ម៉ូតូឡានក៏ត្រូវចូលរួមសហការ ដើម្បីរបៀបរៀបរយល្អផង និងដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនផង៕
ចែករំលែកព័តមាននេះ