ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំសន្និសីទសារព័ត៌មានស្តីពីការបែងចែកពូលនៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ លើកទី២ ដែលនឹងត្រូវរៀបចំចាប់ផ្ដើមការប្រកួតនៅថ្ងៃទី០៤ ខែមីនា ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះហើយ ដោយគូរបើកឆាកក្នុងថ្ងៃបើកការប្រកួតបន្ទាប់ពីចាប់ឆ្នោតរួច គឺក្រុមកីឡាបាល់ទះអធិការដ្ឋាននគរបាលស្រុកបូរីជលសារ ប្រកួតជាមួយនឹងក្រុមកីឡាបាល់ទះធនាគារហត្ថាកសិករខេត្តតាកែវ ។
ថ្លែងទៅកាន់គ្រូបង្វឹកនឹងតំណាងប្រតិភូដឹកនាំក្រុមកីឡាបាល់ទះនីមួយៗនៅក្នុងសន្និសីទសារព័ត៌មាននេះដែរ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរងទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍រៀបចំព្រឹត្តិការប្រកួតកីឡាបាល់ទះ បានលើកឡើងថា ស្របពេលដែលវិស័យកីឡានៅក្នុងប្រទេសកម្ពុជា កំពុងមានការរីកចម្រើន ក៏ដូចជាការត្រៀមរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅក្នុងឆ្នាំ២០២៣នេះ។
លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានរៀបចំការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ជ័យលាភីមួយ ក្នុងន័យជំរុញដល់វិស័យកីឡានៅក្នុងប្រទេស ក៏ដូចជានៅតាមបណ្តាខេត្តអោយកាន់តែមានការផុលផុសដល់ស្មារតីយុវជនជំនាន់ក្រោយ រួមគ្នាលេងកីឡាដើម្បីសុខភាពមិត្តភាព និងការសាម្គីភាព និងចៀសឆ្ងាយពីគ្រឿងញៀ.ន។
លោកបន្តថា ការរៀបចំការប្រកួតកីឡាបាល់ទះនៅក្នុងរដូវកាលទី២នេះដែរ គឺយើងបានត្រៀមរៀបចំការប្រកួតដែលមានលក្ខណៈសមស្របទៅតាមបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទះ និងមានការចូលរួមកាត់សេចក្តីដោយលោកអាជ្ញាកណ្តាលជាផ្លូវការក្នុងច្បាប់ល្បែ.ងកីឡាមួយនេះផងដែរ ហើយចំពោះប្រាក់រង្វាន់ជ័យលាភីក្នុងការប្រកួតសម្រាប់លើកទឹកចិត្តកីឡាករ ដែលចូលមកធ្វើការប្រកួតប្រជែង ដោយរង្វាន់ជ័យលីភីលេខ១ ទទួលបានពានរង្វាន់មួយ និងមេដៃមាស រួមជាមួយប្រាក់រង្វាន់ចំនួន៤លានរៀល, ចំណាក់ថ្នាក់លេខ២ ទទួលបានមេដៃប្រាក់ រួមជាមួយនឹងថវិកាចំនួន២,៥លានរៀល, ចំណាក់ថ្នាក់លេខ៣ ទទួលបានមេដៃសំរិទ្ធ រួមជាមួយថវិកាចំនួន ១,៥លានរៀល និងចំណាក់ថ្នាក់លេខ៤ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តផងដែរ។
សូមបញ្ជាក់ផងដែរថា ក្រោយការចាប់ឆ្នោតបែងចែកក្រុមកីឡាបាល់ទះទាំង១២ក្រុម ទៅតាមពូលចំនួន៤ មាន A.B.C.D ក្នុងនោះរួមមាន ៖
ពូល A ៖ ១- ធនាគារហត្ថាកសិករ, ២- អធិការស្រុកបូរីជលសារ និង៣- អធិការក្រុងដូនកែវ។
ពូល B ៖ ១- អធិការស្រុកអង្គរបូរី, ២- អធិការស្រុកបាទី និង៣- ខេមប្រីដមេឌៀ។
ពូល C ៖ ១- សសយក តាកែវ, ២- យុវជនវត្តក្រាំងធំ និង៣- សាលាក្រុងដូនកែវ។
ពូល D ៖ ១- អធិការស្រុកព្រៃកប្បាស, ២- ធនាគារ ABA និង៣- វិទ្យាល័យព្រៃទប់។
ចែករំលែកព័តមាននេះ