រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ គឺថ្ងៃពិសេស នៃខែគម្រប់ខួបអាពាហ៍ពិពាហ៍រយៈពេល១ឆ្នាំ និងចំណងស្នេហ៍អស់៧ឆ្នាំរបស់តារាសម្ដែងស្រី ទឹម រដ្ឋា ជាមួយនឹងស្វាមី។ ហើយថ្ងៃពិសេសនេះ អ្នកនាងក៏បានបង្ហាញរូបភាពជាច្រើនសន្លឹក ដោយស្ដែងឱ្យឃើញថា អ្នកនាងកំពុងតាំងគភ៌ហើយ។
ប្រិយមិត្ត និងអ្នកគាំទ្ររបស់អ្នកនាងមានការអបអរខ្លាំងណាស់ ជាពិសេសសមាជិកក្រុមគ្រួសារទាំងសងខាង និងមិត្តភ្តិជិតដិត ដែលតារាសម្តែង និងបង្ហាញម៉ូដ ទឹម រដ្ឋា បានសម្រេច បំណងរបស់ខ្លួនពពោះកូនដំបូង ដែលទន្ទឹងរង់ចាំជាយូរមកហើយ។ នេះជាកាដូឆ្នាំថ្មីដ៏មហាសែនរីករាយរបស់គូស្នេហ៍ខុសជាតិសាសន៍នេះ ដែលខំស្រឡាញ់គ្នារហូតឆ្លងកាត់ងារជាមាតាបិតានាពេលខាងមុខ។
ស្រីស្អាត ទឹម រដ្ឋា បានប្រកាសជាសាធារណៈអំពីការពពោះកូនដំបូងរបស់ខ្លួនជាមួយស្វាមីដែលជាជនបរទេស បន្ទាប់ពីនាងបានចូលរោងការអស់ពេលជិត១ឆ្នាំមកនេះ។ កូនរបស់នាងនឹងចាប់កំណើតឃើញភពផែនដីនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ហើយនោះគឺជាការសម្រេចក្តីស្រមៃរបស់នាង និងស្វាមីផងដែរ បន្ទាប់ពីអ្នកទាំងពីរចាប់ដៃគ្នាចូលរោងការ។
នៅពេលដែលសម្រេចចិត្តអោយគេដឹងថា មានកូន រដ្ឋា បានរៀបគម្រោងទុកមុន ដោយតុបតែងខ្លួនថតរូបបែបម៉ូដែល ប្លែកៗ មួយស្ទីលៗជាច្រើនទម្រង់ ដែលធ្វើអោយគេរឹតតែមានភាពភ្ញាក់ផ្អើល។ រូបថតរបស់នាងត្រូវបានទម្លាយចេញ ហើយពិតជាសមងារជាតារាបង្ហាញម៉ូដ ព្រោះថានាងនៅតែសម្បូរតិចនិចល្អៗក្នុងការដាក់អារម្មណ៍បែបម៉ូដែល ដែលមានបទពិសោធន៍។
ទឹម រដ្ឋា បានភ្ជាប់ជាមួយនឹងសារបង្ហាញពីប្រវត្តិស្នេហ៍របស់នាងពីដំបូងរហូតមានផ្ទៃពោះបង្ហោះលើបណ្តាញសង្គមថា «ប្រវត្តិសង្ខេបនៃស្នេហា ទឹម រដ្ឋា Jovany Antonio Real Estate 1/ ថ្ងៃចាប់ផ្ដើមដំបូងនៃការយល់ព្រមធ្វើជាសង្សារនឹងគ្នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ អាយុកាលនៃការស្រឡាញ់គ្នារបស់ពួកយើងសរុបអស់រយៈពេល៧ឆ្នាំ។ 2/ ស្រលាញ់គ្នាបានរយៈពេល៥ឆ្នាំ គាត់បានសុំខ្ញុំរៀបការ។ 3/ ឆ្នាំទី៦ ពួកយើងក៏បានចូលរោងការតាមប្រពៃណីខ្មែរដោយស្របច្បាប់។ 4/ ឆ្នាំទី៧ ពួកយើងទទួលបានការចាប់កំណើតពីកូនទន្សាយតូចមួយនៅក្នុងផ្ទៃរបស់ខ្ញុំមួយ ជាចំណងដៃនៃកាដូប្រចាំជីវិតយើងទាំងពីរ»។
នាងបញ្ជាក់ថា «វាគឺជាអំណោយនៃសុភមង្គល នេះហើយគឺជាជីវិតដៃគូរដែលយើងតស៊ូស្រលាញ់ ហើយតាំងពីថ្ងៃដំបូង រហូតដល់មានថ្ងៃនៃសុភមង្គលពិតប្រាកដ»។ នាងថា «សុបិន្តរបស់យើងទាំងពីរក៏បានក្លាយជាការពិត នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ហើយក៏ជាខែនៃការគម្រប់ខួបអាពាហ៍ ពិពាហ៍រយៈពេលមួយឆ្នាំរបស់ខ្ញុំទាំងពីរនាក់ ហើយក៏ជាថ្ងៃដែលយើងទាំងពីរសុំប្រកាសចែករំលែកជាសាធារណៈទៅកាន់ពុកម៉ែបងប្អូនថា យើងទាំងពីរកំពុងតែទទួលបាននៅកូនទន្សាយមួយជាចំណង ដៃ នៃអាពាហ៍ពិពាហ៍ដ៏មានន័យក្នុងជីវិតមួយនេះហើយ»។
គួរបញ្ជាក់ថា តារាសម្ដែង ទឹម រដ្ឋា បានប្ដូរឈ្មោះពីកញ្ញាក្លាយទៅជាអ្នកនាងរយៈពេល១ឆ្នាំ ហើយ ដោយតារាស្រីរូបនេះបានរៀបការយ៉ាងអធិកអធមជាមួយស្វាមីជាជនជាតិបរទេសកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមានសិល្បករ សិល្បការិនីដ៏ល្បីជាច្រើនដួង បានចូលរួមផងដែរ។ ហើយអ្នកនាង ទឹម រដ្ឋា បានលើកឡើងបន្ថែមថា យើងទាំងពីរពិតជាមានមោទនៈភាពជាខ្លាំង ដែលមិនមានអ្វីអាចប្រៀបផ្ទឹមបានឡើយ ព្រោះយើងទាំងពីរបានក្លាយជា ប៉ា និងម៉ាក់ឆាប់ៗខាងមុខនេះហើយ។
ចែករំលែកព័តមាននេះ