ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តតាកែវ ​ប្តេជ្ញា​​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​បន្ថែម​ទៀត

1 ឆ្នាំ មុន
  • តាកែវ

តាកែវ​៖ លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ថា នឹង​កសាង​ហេដ្ឋារចនា

តាកែវ​៖ លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ថា នឹង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​បន្ថែម​ទៀត តាម​រយៈ​កា​រត​ភ្ជាប់​បណ្តាញ​ផ្លូវ ដើម្បី​ចូលរួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ខេត្តតាកែវ​ថែម​ទៀត​។

លោក អភិបាល​ខេត្តតាកែវ កាល​ថ្ងៃ​ទី​២ ខែមីនា បានឱ្យ​ដឹង​ថា ខេត្តតាកែវ បាន​បន្ត​ការ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ការ​កសាង ជួសជុល ថែទាំ​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​បន្ត​កសាង​ផ្លូវ​ជនបទ​ឱ្យ​មានគុណ​ភាព​ខ្ពស់​ក្នុង​គោលបំណង​ត​ភ្ជាប់​បណ្តាញ​ផ្លូវ​ពី​ទីរួមខេត្ត ទៅ​ស្រុក និង​ពី​ស្រុក​ទៅ​ឃុំ សង្កាត់ ដើម្បី​ចូលរួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ខេត្ត ពិសេស​ជំរុញ​ការ​អភិវឌ្ឍន៍​វិស័យ​សាធារណការ និង​ដឹក​ជញ្ជូន​កម្ពុជា​ផង​ដែរ​។

« វិស័យ​សារ​ធា​រណការ និង​អភិវឌ្ឍន៍ជនបទ គឺជា​វិស័យ​ស្នូល​របស់​ខេត្ត ដោយ​ស្រប​តាម​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល ក្រៅពី​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ហើយ​នោះ ការ​កសាង​ផ្លូវ​ក៏​ជា​រឿង​ចាំបាច់ ព្រោះ​បើ​ខេត្ត​មាន​ទិន្នផល​កសិកម្ម​ហើយ តែបើ​គ្មាន​ផ្លូវ​ក៏​មិន​អាច​ដឹក​ជញ្ជូន​កសិផល​បាន​ដែរ ចឹ​ង​ទាំងនេះ គឺជា​កិច្ចការ​ចម្បង​ដែល​ខេត្ត​នឹង​ខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ងាយស្រួល​»​។

លោក​អភិបាលខេត្ត អះអាង​ថា បច្ចុប្បន្ន​នេះ​ខេត្តតាកែវ មាន​ផ្លូវជាតិ និង​ផ្លូវ​ខេត្ត​សរុប​ចំនួន ៤១​ខ្សែ មាន​ប្រវែង​សរុប​ជាង​៧២២ គីឡូម៉ែត្រ ក្នុង​នោះ​ផ្លូវជាតិ​ឆ្លងកាត់​ខេត្ត​មាន​ចំនួន​៦​ខ្សែ ដើម្បី​បំពេញ​តម្រូវ​របស់​ប្រជាពលរដ្ឋ​ខេត្តតាកែវ ក៏​ដូច​ជា​ខេត្ត​ដទៃ​ទៀត​ដែរ​។

លោក ណុ​ប នី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តតាកែវ បាន​លើក​ឡើង​ដែរ​ថា តាម​រយៈ​កិច្ច​ខិត​ប្រឹងប្រែង​របស់​រដ្ឋបាល​ខេត្ត មន្ទី​សាធារណការ និង​ប្រជាពលរដ្ឋ ក្នុង​រយៈពេល​០៥ មក​ឆ្នាំ​នេះ ខេត្តតាកែវ​ក៏​បាន​កសាង​ផ្លូវ​ជនបទ ទាំង​ក្រាល​កៅស៊ូ ក្រាល​ក្រួស​ក្រហម និង​ក្រាល​ដីស បាន​ចំនួន ២៨២​ខ្សែ ដែល​មាន​ប្រវែង​ជាង ៨១២​គីឡូ​ម៉ែ​ត្រ​ផង​ដែរ​។

«​បើ​ទោះជា​វិស័យ​សារ​ធា​រណការ និង​ដឹក​ជញ្ជូន​របស់​ខេត្ត​សម្រេច​សមិទ្ធផល​គួរ​ឱ្យ​កត់សម្គាល់​ក្តី ក្នុង​នាម​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តតាកែវ លោក​ថា នឹង​ខិត​ពង្រឹង​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អង្គការ​ជាតិ អន្តរជាតិ សង្គម​ស៊ី​វិល និង ផ្នែក​ឯកជន​នានា ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍន៍​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ នៅ​មូលដ្ឋាន​ខេត្តតាកែវ​បន្ថែម​ទៀត​»​។

បើ​តាម​របាយការណ៍​ស្តី​ពី​ភាព​ជោគជ័យ​ក្នុង​រយៈពេល​០៥​ឆ្នាំ​(២០១៨-២០២៣) របស់​រដ្ឋបាល​ខេត្តតាកែវ បាន​បង្ហាញ​ថា បច្ចុប្បន្ន​នេះ​ខេត្ត​មាន​ផ្លូវជាតិ និង​ផ្លូវ​ខេត្ត​សរុប​ចំនួន ៤១​ខ្សែ មាន​ប្រវែង​សរុប ៧២២,៤៧​គ​.​ម ក្នុង​នោះ​ផ្លូវជាតិ​ឆ្លងកាត់​ខេត្ត​មាន​ចំនួន ៦​ខ្សែ គឺ​ផ្លូវជាតិ​លេខ​២, លេខ​៣, លេខ​២២,​លេខ​២៣, លេខ​៣១ និង​លេខ​៤១ មាន​ប្រវែង​សរុប ១៦៦,៧២​គ​.​ម ជា​ប្រភេទ​ផ្លូវ​កៅស៊ូ និង​ផ្លូវ​ខេត្ត​ចំនួន ៣៥​ខ្សែ មាន​ប្រវែង ៥៥៥,៦៤​គ​.​ម និង​មាន​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ប្រវែង ៥៦,៣៨​គ​.​ម ដែល​ជា​បណ្តាញ​ដឹក​ជញ្ជូន​ទំនិញ​ដ៏​សំខាន់​។ ខេត្ត​មាន​សំណង់​ស្ពាន​សរុប​ចំនួន ៨​កន្លែង និង​ទីលាន​ចាក់សំរាម​ចំនួន ៤​កន្លែង​។

នៅ​ក្នុង​រយៈពេល​៥ ឆ្នាំ​នេះ​ផង​ដែរ ខេត្តតាកែវ បាន​កសាង​ផ្លូវ​ជនបទ ទាំង​ក្រាល​កៅស៊ូ ក្រាល​ក្រួស​ក្រហម និង​ក្រាល​ដីស ចំនួន ២៨២​ខ្សែ ប្រវែង ៨១២,១១​គ​.​ម ក្នុង​នោះ​សាងសង់ និង​ជួសជុល​ជា​ប្រចាំ​ផ្លូវ​កៅស៊ូ​ចំនួន ០៧​ខ្សែ ប្រវែង ៦៤,០៩​គ​.​ម សាងសង់​អណ្តូងស្នប់​ចំនួន ៣១៨​អណ្តូង ផ្តល់​ពាង​ត្រងទឹក​ភ្លៀង​ចំនួន ៥០​ពាង និង​សាងសង់​បង្គន់​អនាម័យ​តាម​ផ្ទះ​បាន​ចំនួន ៥០​បង្គន់​ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ