រាជធានីភ្នំពេញ ៖ គម្រោងស្ថាបនាកំណាត់ផ្លូវបេតុង តាមបណ្តោយអតីតផ្លូវរថភ្លើង នៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានដំណើរការដោះស្រាយផលប៉ះពាល់ជិតរួចរាល់ហើយ និងកំពុងតែដំណើរស្ថាបនាឡើងវិញហើយ បន្ទាប់ពីនៅមេម៉ាយអស់រយៈពេលប្រមាណ៧ឆ្នាំមកហើយនោះ។

លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ បានអោយដឹងថា ការដោះស្រាយផលប៉ះពាល់នៅក្នុងការស្ថាបនាផ្លូវបេតុងអតីតផ្លូវរថភ្លើងនេះ បានដំណើរការជិតរួចរាល់បានប្រមាណជាង៩០ភាគរយហើយ នៅសល់ប្រមាណ១៥គ្រួសារទៀត ដោយសារតែខ្វះដី ហើយអាជ្ញាធរកំពុងតែចាក់ដីចាក់បុកស៊ីផាយ ដើម្បីចែកជូនប្រជាពលរដ្ឋដែលនៅសល់។
លោកអភិបាលក៏បានបញ្ជាក់ទៀតថា មុនដំបូង ដីបានបែងចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់អស់ផ្ទះគ្រប់ចំនួនហើយ តែដីឡូតិ៍មួយចំនួនបានជាន់លើឈាបនដ្ឋាន និងម៉ុងផ្នូរ ខ្មោច ហើយមានការតវ៉ា ទើបមានការខ្វះដី។

ទោះបីជាយ៉ាងណា អាជ្ញាធរបានខិតខំចាក់ដី បុកស៊ីផាយ ដើម្បីយកដីចែងជូនប្រជាពលរដ្ឋ អោយបានគ្រប់ៗគ្នា។ បន្ទាប់ពីមានការបែងចែកប្រជាពលរដ្ឋ ក៏បានសាងសង់ផ្ទះ និងបានរុះរើផ្ទះទៅនៅផ្ទះថ្មីបណ្តើរៗ។ ដោយឡែកគម្រោងស្ថាបនាផ្លូវបេតុងតាមអតីតផ្លូវក៏បានបន្តសាងសង់ឡើងវិញដែរ។
ការខកខាននៅក្នុងការស្ថាបនាកំណាត់ផ្លូវនេះ ត្រូវបានគេដឹងថា ដោយសារតែរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខណ្ឌឬស្សីកែវ និងមន្ត្រីជំនាញមានការយឺតយ៉ាវនៅក្នុងការបុកស៊ីផាយស្ថាបនាប្រឡាយអូវែង និងចាក់ដីលប់ចំណីប្រឡាយ ដើម្បីយកដីដោះស្រាយជូន ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

គួរបញ្ជាក់ថា គម្រោងស្ថាបនាកំណាត់ផ្លូវបេតុងតាមបណ្តោយអតីតផ្លូវរថភ្លើងនោះ មានប្រវែង៤៥១០ម៉ែត្រ ចាប់ពីផ្លូវលេខ៧០ ស្ថិតក្នុងសង្កាត់ទួលសង្កែ រហូតដល់ផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ត្រូវបានសាលារាជធានីភ្នំពេញតាំងពីជំនាន់លោក ប៉ា សុជាតិវង្ស ជាអភិបាល បានបើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។ បន្ទាប់ពីបើកដំណើរការស្ថាបនា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក៏បានផ្ទុះការតវ៉ាជាបន្តបន្ទាប់ ដើម្បីទទួចសុំអោយសាលារាជធានីភ្នំពេញ ដោះស្រាយផលប៉ះពាល់សិន ទើបធ្វើការអភិវឌ្ឈន៍ស្ថាបនាផ្លូវជាក្រោយ។

លុះក្រោយមក រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរកដំណោះស្រាយ ដោយអោយប្រជាពលរដ្ឋ អភិវឌ្ឍន៍នៅកន្លែង ដោយរៀបចំចាក់ដីចំណីប្រឡាយអូវែង ដោះស្រាយអោយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដីអស់ដី និងផ្ទះ។

បើតាមអាជ្ញាធរខណ្ឌឬស្សីកែវបានអោយដឹងថា ប្រជាពរដ្ឋដែលរងផលប៉ះពាល់អស់ដី និងផ្ទះ ចំនួន៣២០គ្រួសារ។ បន្ទាប់ពីមានការតវ៉ាពីប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់អស់ដី និងផ្ទះនិងទទួចស្នើដល់អាជ្ញាធរ មេត្តាជួយពន្លឿនក្នុងការដោះស្រាយប្រព័ន្ធលូ ទឹក ភ្លើងនៅលើដីថ្មីដើម្បីអោយពួកគាត់បានទៅរស់នៅឆាប់ៗ អាជ្ញាធរក៏មានការយកចិត្តទុកដាក់យ៉ាងខ្លាំងហើយ ឈានទៅដោះស្រាយជូនប្រជាពលរដ្ឋជិតរួចរាល់ហើយ និងបានបន្តស្ថាបនាកំណាត់ផ្លូវបេតុង តាមអតីតផ្លូវរថភ្លើងនេះ ដើម្បីសម្រួលចរាចរណ៍ និងកាត់បន្ថយការកកស្ទះនៅតាមផ្លូវជាតិលេខ៥៕









ចែករំលែកព័តមាននេះ