ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រៅពី​ស្រា និង​បារី ការ​ទទួលទាន​សាច់​ច្រើនក៏មិនល្អ​ដែរ

6 ឆ្នាំ មុន

លោក​សាស្ត្រាចារ្យ​ទន្ត​បណ្ឌិតឱ្យ​ដឹង​ថា ​ក្រៅ​ពី​ផឹកស្រា និង​ជក់​បារី ការ​ទទួល​ទាន​សាច់​ច្រើន​ពេក ក៏​បណ្តាល​ឱ្យ​កើត​ជំងឺ

លោក​សាស្ត្រាចារ្យ​ទន្ត​បណ្ឌិត​គា​ម ប៊​ន ឯកទេស​ផ្នែក​ជំងឺ​មាត់ ធ្មេញ នៃ​«​មន្ទីរ​ពេទ្យធ្មេញ​គា​ម ប៊​ន​» ឱ្យ​ដឹង​ថា ជំងឺមហារីក​មាត់ ធ្មេញ គឺជា​ដុំ​កោសិកា​មហារីក​ដែល​រីក​រាលដាល​នៅ​ក្នុង​ប្រអប់មាត់។

មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​ជំងឺ​មាត់ ធ្មេញ ៖
-​អាយុ​ច្រើន​លើស​ពី​៥០​ឡើង​ទៅ មាន​ដំបៅ​ក្នុង​មាត់ ធ្មេញ ហើយ​មិន​ពិនិត្យ និង​ព្យាបាល​ជាមួយ​អ្នកជំនាញ ។
-​អ្នក​ដែល​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​ចុះ​ខ្សោយ ដូច​ជា​អ្នក​ជំងឺអេដស៍ ជំងឺថ្លើម ជំងឺ​ទឹកនោមផ្អែម ។ អ្នក​ដែល​ព្យាបាល​ជំងឺមហារីក​ដោយ​ប្រើ​កាំរស្មី ឬ​អ្នក​ដែល​ធាត់​លើស​ទម្ងន់ ។
-​អ្នក​ចូល​ចិត្ត​បរិភោគ​សាច់​ច្រើន ពិសា​ស្រា បារី​ច្រើន ។
-​អ្នក​ដែល​ចូល​ចិត្ត​ហូប​ស្លា​ម្លូ ឬ​ប្រើប្រាស់​ថ្នាំ​ចុក ។
-​តំណពូជ ឬ​អ្នក​ដែល​គ្មាន​អនាម័យ​មាត់​ធ្មេញ ។
-​ការ​ប្រើប្រាស់​ឱសថ​បុរាណ​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​ជាដើម ។

លោក​សាស្ត្រាចារ្យ​ទន្ត​បណ្ឌិត​ឱ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំ​ៗ​កម្ពុជា​កើត​មាន​ជំងឺមហារីក​មាត់ ធ្មេញ ច្រើន​ជាង​ប្រទេស​ជិតខាង ថៃ ឡាវ និង​វៀតណាម ដោយសារ​តែ​ប្រជាជន​ខ្មែរ​យើង​មិនសូវ​យកចិត្តទុកដាក់​ពិនិត្យ​សុខភាព​មាត់ ធ្មេញ​ឱ្យ​បាន​ត្រឹមត្រូវ ពិសេស​ចំណេះដឹង​ទាក់ទង​ទៅ​នឹង​សុខភាព​មាត់ ធ្មេញ​នៅ​មាន​កម្រិត​នៅឡើយ ។
សញ្ញា​នៃ​ជំងឺមហារីក​មាត់ ធ្មេញ​មាន​ដូច​ជា​៖
-​សាច់​ដែល​កើត​មាន​លក្ខណៈ​រឹង ហើយ​គែម​កៀន​ៗ​មាន​លក្ខណៈ​ខ្ពស់​ជាង​សាច់​ធម្មតា ។
 -​សាច់​កណ្តាល​ដែល​មាន​ដំបៅ​មាន​សភាព​រលួយ ។
-​រាលដាល​ទៅ​កន្លែង​ផ្សេង និង​ឈឺចាប់​ខ្លាំង ។
-​នៅ​ពេល​កើត​ដំបៅ​រលួយ​២​ទៅ​៣​ស​ប្តា​ហ៍​ឡើង​កូនកណ្តុរ​ដែល​ជា​សញ្ញា​បញ្ជាក់​ថា​ជំងឺ​នេះ​អាច​នឹង​រាលដាល ។

លោក​សាស្ត្រាចារ្យ​ទន្ត​បណ្ឌិត​គា​ម ប៊​ន បន្ត​ថា ការ​ព្យាបាល​ជំងឺមហារីក គឺ​មាន​បី​វិធី គឺ​វះកាត់ ប្រើ​ថ្នាំ​គីមី និង​បាញ់​កាំរស្មី ។

ដើម្បី​ការពារ​ជំងឺមហារីក​មាត់ ធ្មេញ លោក​អ្នក​ត្រូវ​អនុវត្ត​តាម​វិធី​៖
 -​ធ្វើ​អនាម័យ​មាត់ ធ្មេញ​ឱ្យ​បាន​ល្អ​ស្អាត ។
-​ឈប់​ជក់បារី ផឹកស្រា និង​ពិសា​ស្លា​ម្លូ ។
-​ផ្លាស់​ប្តូរ​ពី​ការ​ចូល​ចិត្ត​ទទួលទាន​សាច់​មក​បន្លែ​ផ្លែ ឈើ ។
-​ក្នុង​ករណី​មាន​ដុំ​សាច់ ឬ​ដំបៅ ឬ​ភាព​ប្រែប្រួល មិនធម្មតា​ក្នុង​មាត់​ដែល​បាន​កើតឡើង​ហើយ​មិនជា ឬ​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​២​ទៅ​៣​អាទិត្យ សូម​ប្រឹក្សា​ជាមួយ​ទន្ត​បណ្ឌិត និង​គ្រូពេទ្យ​ជំនាញ។

-​ណាត់ជួប​ជាមួយ​ទន្ត​បណ្ឌិត​ជា​រៀង​រាល់​៦​ខែ​ម្តង ដើម្បី​ពិនិត្យ​សុខភាព​មាត់ ធ្មេញ​របស់​លោក​អ្នក ។ ធ្វើ​រោគវិនិច្ឆ័យ​ទាន់​ពេល​អាច​កាត់​បន្ថយ​អត្រា​ស្លាប់ និង​ងាយស្រួល​ក្នុង​ការ​ព្យាបាល ៕