រាជធានីភ្នំពេញ ៖ ថ្វីដ្បិតតែប្រទេសកម្ពុជា និងអង់គ្លេសនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ ក៏ប៉ុន្តែប្រទេសទាំងពីរនេះបានរឹតចំណងមិត្តភាព និងរក្សានូវទំហំពាណិជ្ជកម្មជាមួយគ្នាបានល្អប្រសើរ ក៏ប៉ុន្តែអ្វីជាការកត់សម្គាល់នោះ កម្ពុជាបាននាំចេញទៅចក្រភពអង់គ្លេស ច្រើនជាងកម្ពុជានាំចូលពីអង់គ្លេសមកវិញ ។
តាមប្រសាសន៍លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា បើទោះបីជាមានបញ្ហា ឬវិបត្តិមួយចំនួនទាក់ទងនឹងសេដ្ឋកិច្ចពិភពលោកយ៉ាងណាក៏ដោយ ក៏កម្ពុជា និងចក្រភពអង់គ្លេសនៅតែរក្សាទំហំពាណិជ្ជកម្មរវាងគ្នាបានល្អប្រសើរដដែល ។ ជាក់ស្ដែង កាលពីដំណាច់ឆ្នាំមុននេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ប្រមាណ៨០០លានដុល្លារអាមេរិក ខណៈឆ្នាំ២០១៥កន្លងទៅ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេសមានប្រមាណជិត៨០០លានដុល្លារអាមេរិក ។
លោកថ្លែងថា ៖« ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលមានប្រមាណ៨០០លានដុល្លារអាមេរិក ក្នុងនោះកម្ពុជាបាននាំចេញទៅចក្រភពអង់គ្លេស មានទំហំទឹកប្រាក់ជាង៧៦៧លានដុល្លារអាមេរិក និងអង់គ្លេសនាំមកកម្ពុជាវិញ មានទំហំទឹកប្រាក់ប្រមាណ៣៥លានដុល្លារអាមេរិក » ។
លោកបន្តថា កម្ពុជាបាននាំចេញទៅចក្រភពអង់គ្លេសនូវផលិតផលប្រភេទកសិកម្ម វាយនភ័ណ្ឌកាត់ដេរដូចជា សម្លៀកបំពាក់ ស្បែកជើង ហើយនាំចូលពីអង់គ្លេសវិញនូវផលិតផលអេឡិចត្រូនិក និងផលិតផលប្រើប្រាស់ផ្សេងៗទៀត ក្នុងនោះផលិតផលរថយន្ត កម្ពុជាបាននាំចូលពីអង់គ្លេស មានទំហំទឹកប្រាក់ប្រមាណជាង៦លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ និងបន្តមានកំណើនជាបន្តបន្ទាប់។
តាមស្ថិតិរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាឲ្យដឹងដែរថា ក្នុងឆ្នាំ២០១៦កន្លងទៅនេះ កម្ពុជាបាននាំចេញទៅបណ្ដាប្រទេសផ្សេងៗទាំងក្នុង និងក្រៅតំបន់មានទឹកប្រាក់សរុប១០.០៧៣លានដុល្លារអាមេរិក ខណៈកម្ពុជានាំចូលមកវិញមានទំហំទឹកប្រាក់ចំនួន១២.៣៧១លានដុល្លារអាមេរិក ។
លោក Willaim Longhurst ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា បានថ្លែងនៅក្នុងពិធីមួយកាលពីចុងសប្ដាហ៍នេះថា ស្ថានទូតអង់គ្លេសនឹងខិតខំពង្រឹងនូវទំនាក់ទំនងរវាងប្រទេសកម្ពុជា និងអង់គ្លេស ក្នុងនោះក្នុងនាមលោកជាស្ថានតំណាងឲ្យចក្រភពអង់គ្លេសនៅកម្ពុជា លោកនឹងព្យាយាមជំរុញឱ្យមានការនាំចូលផលិតផល និងទំនិញពីអង់គ្លេសមកកម្ពុជាបន្ថែមទៀត ព្រមទាំងជំរុញឱ្យពាណិជ្ជករអង់គ្លេសមកវិនិយោគនៅកម្ពុជាផងដែរ ៕
ចែករំលែកព័តមាននេះ