ខេត្តកំពត ៖ ផ្លូវបេតុងមួយខ្សែ ស្ថិតនៅក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ត្រូវបានគេប្រទះឃើញប្រជាជននៅក្នុងភូមិមួយនេះ ហាក់ដូចជាមិនចូលរួមក្នុងការសំអាតអនាម័យបរិស្ថានជាមួយអាជ្ញាធរភូមិ-សង្កាត់ និងក្រុងសោះ។ ជាក់ស្តែងផ្លូវបេតុងមួយខ្សែ ដែលមានប្រវែងពីផ្លូវបំបែកមុខភោជនីយដ្ឋាន «តាឪ២» ទៅទល់គ្នានឹងផ្លូវក្រោយមន្ទីរសុរិយោដី និងសំណង់ខេត្ត ហើយផ្លូវនេះមានប្រវែងប្រហែលជាង១០០ម៉ែត្រតែប៉ុណ្ណោះ។

ហើយអ្វីដែលហួសចិត្តធ្វើឲ្យអាជ្ញាធរភូមិ សង្កាត់ និងក្រុងឈឺក្បាលទៀតនោះ គឺបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទ្វីខាងត្បូងនេះ មួយចំនួនមិនយកចិត្តទុកដាក់ស្តាប់ និងគោរពតាមការណែនាំរបស់អាជ្ញាធរ ជុំវិញការសំអាតអនាម័យបរិស្ថាន ដើម្បីសុខុមាលភាពប្រជាពលរដ្ឋនិងភ្ញៀវទេសចរនៅក្នុងភូមិនេះសោះ។

ហើយការបោះសំរាមចោលនៅលើផ្លូវបេតុងមួយខ្សែនេះ កន្លងមកគេឃើញកម្លាំងក្រុមការងាររបស់អាជ្ញាធរសង្កាត់ និងក្រុងកំពត បានចុះទៅបោសសំអាតសំរាមដែលពលរដ្ឋយកមកចាក់ចោលលើផ្លូវនេះជាញឹកញាប់ផងដែរ។ មិនត្រឹមប៉ុណ្ណោះ អាជ្ញាធរក៏បានធ្វើការអំពាវនាវឲ្យបងប្អូនពលរដ្ឋឈប់យកសំរាមមកចាក់នៅទីនេះបន្តទៅទៀត គឺបងប្អូនត្រូវមានធុងសំរាមសម្រាប់ដាក់សំរាមនៅមុខផ្ទះ ឬវេចខ្ចប់ក្នុងថង់ផ្លាស្ទិកទុកឲ្យរថយន្តសម្អាតអនាម័យដឹកសំរាម ដើរប្រមូលតាមផ្ទះយកទៅចាក់ចោលនៅទីតាំងចាក់សំរាមត្រឹមត្រូវ។ ប៉ុន្តែផ្ទុយទៅវិញ បងប្អូនមួយចំនួននៅតែលួចយកសំរាមទៅបោះចោលនៅលើផ្លូវសារធារណៈមួយខ្សែនេះនៅពេលយប់ដដែល។

ជុំវិញករណីខាងលើនេះ លោក គង់ សុផុន ចៅសង្កាត់អណ្តូងខ្មែរ បានថ្លែងប្រាប់អ្នកព័ត៌មានយើងឱ្យដឹងថា កន្លងមក អាជ្ញាធរសង្កាត់ ក៏ដូចជាអាជ្ញាធរក្រុង បានខិតខំយកចិត្តទុកដាក់ក្នុងការសំអាតអនាម័យ បរិស្ថាន ដើម្បីកែលម្អសោភណ័ភាពនៅក្នុងក្រុងកំពត ឲ្យសាកសមជាទីក្រុងស្អាត រំដួល៣ទង ដែលប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោបានផ្ដល់ជូន។ ក៏ប៉ុន្តែទោះជាអាជ្ញាធរខិតខំយ៉ាងនេះក្តី ក៏នៅតែមានបងប្អូនពលរដ្ឋយើងទាំងខ្មែរ និងជនបរទេសមួយចំនួនតូច មិនត្រឹមតែមិនស្តាប់តាមការអំពាវរបស់អាជ្ញាធរនោះទេ ព្រមទាំងផ្គើននូវសំណូមខាងលើរបស់អាជ្ញាធរសង្កាត់ និងក្រុងទៀតផង។ ក្នុងនោះមិនមែនតែបងប្អូននៅក្នុងភូមិទ្វីខាងត្បូងប៉ុណ្ណោះទេ មានទាំងនៅក្នុងសង្កាត់ត្រើយកោះ ចូលរួមយកសំរាមពីតាមផ្ទះមកចោលនៅទីនេះផងដែរ។

លោកចៅសង្កាត់បន្តថា ក្នុងការយកសំរាមមកបោះចោលនៅលើផ្លូវបេតុងមួយខ្សែនេះ ក្នុងនោះដែរ ក៏មានបងប្អូនជនបរទេសដែលស្នាក់នៅម្ដុំផ្សារក្រណាត់ត្រើយខាងកើត ក៏មានយកសំរាម ដោយដាក់ក្នុងគូថរថយន្ត និងម៉ូតូ លុះនៅពេលយប់មកបោះចោលទីនេះផងដែរ។ដោយថ្មីៗនេះ សង្កាត់បានដាក់កម្លាំងយាម និងពិនិត្យជាក់ស្ដែងឃើញមានជនបរទេសដាក់សំរាមនៅក្នុងឡាន លុះពេលយប់យកមកបោះចោលនៅទីនេះ និងមានដឹកតាមម៉ូតូមួយចំនួននៅពេលយប់ ដោយជនបរទេសក៏យកសំរាមមកបោះចោលនៅទីនេះដែរ ដូចមានរូបភាពដែលកម្លាំងយើងថតបាន ហើយបានអប់រំឲ្យឈប់យកសំរាមមកចោលនៅទីនេះទៀត ហើយក៏ឲ្យទៅផ្ទះវិញ ដោយពុំបានធ្វើការផាកពិន័យអ្វីនោះទេ។

លោកចៅសង្កាត់បានបន្តទៀតថា ចំពោះវិធានការ ការផាកពិន័យ ឬករណីផ្សេងៗពាក់ព័ន្ធនឹងផ្លូវច្បាប់ លោកបានស្នើទៅថ្នាក់លើ ដើម្បីជួយមានវិធានការចំពោះជនល្មើសដែលបង្កភាពអនាធិបតេយ្យដែលយកសំរាមមកបោះចោលលើផ្លូវសាធារណៈមួយខ្សែនេះ។ ហើយថ្ងៃនេះគឺនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នេះ កម្លាំងក្រុមការងាររបស់សង្កាត់អណ្តូងខ្មែរ បានចុះមកធ្វើអនាម័យបោសសម្អាត និងដុតសំរាមនេះចោលម្ដងទៀតហើយ៕




ចែករំលែកព័តមាននេះ