ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​សម្ព័ន្ធមិត្ត​របប​យោធា មិន​សប្បាយ​ចិត្តការ​បាត់​ខ្លួន​លោកស្រី​យី​ង​ឡាក់

6 ឆ្នាំ មុន

សម្ព័ន្ធមិត្ត​របស់​របប​យោធា​ថៃ​ជា​អ្នក​អភិរក្សនិយម​ច្រើន​នាក់​បាន​សម្តែង​ពី​ការ​មិន​សប្បាយចិត្ត​របស់​ពួក​គេ ក្រោយ​ការ​បាត់​ខ្លួន

ប្រទេស​ថៃ ៖ សម្ព័ន្ធមិត្ត​របស់​របប​យោធា​ថៃ​ជា​អ្នក​អភិរក្សនិយម​ច្រើន​នាក់​បាន​សម្តែង​ពី​ការ​មិន​សប្បាយចិត្ត​របស់​ពួក​គេ ក្រោយ​ការ​បាត់​ខ្លួន​អតីត​នាយក​រដ្ឋមន្ត្រី​លោកស្រី​យី​ង​ឡាក់ ស៊ី​ណា​វ៉ា​ត្រា កាលពី​ថ្ងៃ​ទី​២៥ សីហា ជា​ថ្ងៃ​ត្រូវ​ប្រកាស​សាលដីកា​ពី​ការ​កាត់ទោស​លោកស្រី ។

រក​មិនឃើញ​តាំងពី​ថ្ងៃ​នោះ​មក លោកស្រី​យី​ង​ឡាក់ អាច​ភៀសខ្លួន​ទៅ​កាន់​ក្រុង​ឌូ​បៃ ហើយ​ស្វែងរក​ការ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​អង់គ្លេស ។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​នានា​របស់​របប​យោធា​ថៃ ។

លោកស្រី​អតីត​នាយក​រដ្ឋមន្ត្រី​រូប​នេះ​ដែល​ត្រូវ​ផ្តួលរំលំ​ដោយ​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំ​២០១៤ អាច​មានទោស​ជាប់គុក​ដល់​១០​ឆ្នាំ​ពី​បទ​ធ្វេសប្រហែស​ក្នុង​រឿង​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​តម្លៃ​ថ្លៃ ។ លោកស្រី​ពុំ​ទៅ​បង្ហាញខ្លួន​ថ្ងៃ​ប្រកាស​សាលដីកា​កាត់ទោស​នៅ​តុ​​លា​ការ​កំពូល​ដែល​កាត់ទោស​មនុស្ស​ជំនិត​របស់​លោកស្រី​២​នាក់​ឱ្យ​ជាប់គុក​ច្រើន​ឆ្នាំ​បំផុត ។

របប​យោធា​ថៃ​អះអាង​ថា ខ្លួន​ពុំ​បានដឹង​ថា​តើ​លោកស្រី​យី​ង​ឡាក់ ដែល​ស្ថិត​ក្រោម​ការ​តាម​ឃ្លាំមើល​យ៉ាង​តឹងតែង​បំផុត​អាច​ចាក​ចេញពី​ថៃ​ពុំ​អាច​ចាប់ខ្លួន​បាន​របៀប​ណា​ឡើយ ។ បណ្តាសារ​ព័ត៌មាន​ថៃ​លើក​ឡើង​ពី​លទ្ធភាព​នៃ​ការ​ព្រមព្រៀង​គ្នា​ជា​សម្ងាត់​មួយ​ជាមួយ​ពួក​យោធា ដែល​ថា​លោកស្រី​យី​ង​ឡាក់ ទៅ​ក្រៅប្រទេស​អាច​កែ​មុខមាត់​លើ​ឆាកនយោបាយ​ជាតិ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ។

ឥស្សរជន​នយោបាយ​នៃ​ក្រុម​អភិរក្សនិយម​ជា​ច្រើន​រូប ក្នុង​នោះ​មួយ​ចំនួន​ធ្លាប់​គាំទ្រ​ដល់​រដ្ឋប្រហារ​ប្រឆាំង​លោកស្រី​យី​ង​ឡាក់ ហើយ​ចាត់​ទុក​ថា​ជា​សម្ព័ន្ធមិត្ត​នៃ​របប​យោធា​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល និង​ការ​មិន​សប្បាយចិត្ត​របស់​ពួក​គេ ។

លោក PANTHEP PUAPONGPAN ជា​មេខ្លោង​ម្នាក់​ក្នុង​ចំណោម​មេខ្លោង​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ឆ្នាំ​២០១៤ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា ច្បាស់​ណាស់​ពួក​ភ្នាក់ងារ​សន្តិសុខ ដែល​តាមដាន​យ៉ាង​ប្រកិត​រួច​ថតរូប​ភាព​លោកស្រី​យី​ង​ឡាក់ គ្រប់ពេល ទោះ​លោកស្រី​ទៅ​កាន់​ទីណា​ក្តី ហើយ​ហេតុ​អី​ក៏​លោកស្រី​អាច​គេចខ្លួន​រត់​រួច ។ លោក​បន្ត​ថា ពេល​នេះ​លោកស្រី​យី​ង​ឡាក់ រត់​បាត់​ហើយ ដូច្នេះ​រដ្ឋាភិបាល កងកម្លាំង​សន្តិសុខ និង​របប​យោធា​ត្រូវ​តែ​ជា​អ្នក​ទទួលខុសត្រូវ ។

មេខ្លោង​ប្រឆាំង​ត្រកូល​ស៊ី​ណា​វ៉ា​ត្រា ម្នាក់​ទៀត​លោក VEERA SOMKWANDID ក៏​សម្តែង​កំហឹង​តាម FACEBOOK ដែរ ។ លោក​ថា រដ្ឋាភិបាល​ត្រូវ​តាម​ប្រមាញ់​ពួក​ក្បត់ ហើយ​ដាក់ទោស​ពួក​គេ​ដែល​បណ្តោយ​ឱ្យ​លោកស្រី​យី​ង​ឡាក់​រត់​រួច បើ​ពុំ​ដូច្នោះ​ទេ របប​យោធា​នឹង​ត្រូវ​ជាប់​ការ​ចោទប្រកាន់ ៕