ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិខិត​របស់​រដ្ឋបាល​ខេត្ត​មាន​តម្លៃ​ស្មើ​ក្រដាស​អនាម័យ​…!​ ហេ​! ​ហេ​!

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នៅ​ទីបំផុត លិខិត​របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី ដែល​កំណត់​ឲ្យ​ម្ចាស់​អាជីវកម្ម​ការដ្ឋាន​សំណង់​បេតុង​លាយ​ស្រេច​រុះរើ​ការដ្ឋាន​ ត្រឹម​ថ្ងៃ​ទី​២៨ កុម្ភៈ ២០២៣ ជា​កំហិត ត្រូវ​បាន​លោក​ហ៊ា​ង…


ខេត្តមណ្ឌលគិរី ៖ នៅ​ទីបំផុត លិខិត​របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី ដែល​កំណត់​ឲ្យ​ម្ចាស់​អាជីវកម្ម​ការដ្ឋាន​សំណង់​បេតុង​លាយ​ស្រេច​រុះរើ​ការដ្ឋាន​ ត្រឹម​ថ្ងៃ​ទី​២៨ កុម្ភៈ ២០២៣ ជា​កំហិត ត្រូវ​បាន​លោក​ហ៊ា​ង ឆៃ​លី ដែល​ជា​ម្ចាស់​ទីតាំងទុក​មិន​ស្មើ​ក្រដាស​ជូត​មាត់​គ្មាន​តម្លៃ​អ្វី​បន្តិច​សោះ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​០១ មីនា ២០២៣ គ្មាន​សកម្មភាព ឬ​រូបភាព​ណាមួយ​ដែល​ម្ចាស់​អនុវត្ត​តាម​ការ​ជូន​ដំណឹង​របស់​អាជ្ញាធរ​ឡើយ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០១ មីនា ២០២៣ អាជ្ញាធរ​ខេត្តមណ្ឌលគិរី ដឹកនាំ​ដោយ​លោកសាន់ ដា​រិ​ទ្ឋ អភិបាលរង​ខេត្ត ដោយ​មានការ​សម្របសម្រួល​ពី​លោក​ឈាវ ងី​ឈាន់ ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​ចុះ​ពិនិត្យ​ទីតាំង ការដ្ឋាន​សំណង់​បេតុង​លាយ​ស្រេច ព្រោះ​ដល់​ពេលវេលា​ក្នុង​ការ​អនុវត្ត​តាម​សេចក្តីសម្រេច​របស់​រដ្ឋបាល​ខេត្ត ។ ប៉ុន្តែ​ជា​ការ​ហួសចិត្ត​សំណង់​ដ៏​ធំ​មហិមា​កណ្តាល​ក្រុង​សែន​មនោ​រម្យ​នោះ មិន​បាន​អនុវត្ត​តាម​បញ្ជា​របស់​អាជ្ញាធរ​ថែម​ទាំង​បន្តសកម្មភាព​ធ្វើ​អាជីវកម្ម​ទាំង​គ្មាន​ច្បាប់​ល្មើស​បំរាម​របស់​ជំនាញ​យ៉ាង​រំភើយ​ដដែល ។

សេចក្តីរាយការណ៍​បន្ត​ថា អាជ្ញាធរ​ចាប់តាំងពី​ឆ្នាំ​២០២២ បាន​ចុះ​ហាមឃាត់​និង​ចេញ​សេចក្តី​ជូនដំណឹង​ដល់​លោក ហ៊ា​ង ឆៃ​លី ម្ចាស់​ដេប៉ូ​លក់​គ្រឿងសំណង់​ខាងលើ​ជា​ច្រើន​ដង​រាប់​ភ្លេច តែ​គាត់​មិន​ស្តាប់ មិន​អនុវត្ត​តាម​សោះ​។ទីតាំង​ការដ្ឋាន​សំណង់​បេតុង​លាយ​ស្រេច​នេះ មិន​ត្រឹម​គ្មាន​ច្បាប់​អនុញ្ញាត​ទេ មាន​ទាំង​ការ​សង់​សំណង់​រំលោភ​យក​អូរ​ធម្មជាតិ​នៅ​ផ្នែក​ខាងក្រោយ​ដែល​បច្ចុប្បន្ន​កំពុង​តវ៉ា​ក្តី​នៅ​សាលា​ឧ​ទ្ឋ​រ​ណ៏​។​ចំណែក​នៅ​ផ្នែក​ខាង​មុខ​ការដ្ឋាន​សំណង់​បេតុង​លាយ​ស្រេច​នេះ បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​សាធារណៈ ខូចខាត​ផ្លូវ​បេតុង​ដែល​រដ្ឋ​ទើប​សាងសង់​រួច​កាលពី​ពេល​ថ្មី​ៗ ។

ខណៈ​កំពុង​ចុះ​ពិនិត្យ​ការ​អនុវត្ត​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី គេ​សង្កេត​ឃើញ​ថា លោក ហ៊ា​ង ឆៃ​លី ម្ចាស់​ការដ្ឋាន​សំណង់​បេតុង​លាយ​ស្រេច នៅ​តែ​ទទូច​ស្នើរ​សុំ​ទៅ​អាជ្ញាធរ​បន្ត​អាជីវកម្ម​បន្ថែម​រយៈពេល​៦០​ថ្ងៃ ហើយ​រុះរើ​សំណង់​ទាំងនោះ​ដោយ​ខ្លួនឯង ដែល​ផ្ទុយ​ស្រឡះ​ពី​សេចក្តីសម្រេច​របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី ដែល​ចេញ​កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ ២០២៣ ត្រូវ​តែ​រើ​ចេញ​ជា​កំហិត​ដាច់ខាត​ត្រឹម​ថ្ងៃ​ទី​២៨ កុម្ភៈ ២០២៣​។

ទោះ​យ៉ាងណា ដោយសារ​អាជ្ញាធរ​មិន​ទាន់​ដាច់​ចិត្ត​១០០% ក៏​បាន​អនុញ្ញាត​ដោយ​ពន្យា​ថ្ងៃ​រុះរើ​ឲ្យ​លោក ហ៊ា​ង ឆៃ​លី ម្ចាស់​ការដ្ឋាន​សំណង់​បេតុង​លាយ​ស្រេច​ក្នុងភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ចាប់ពី​ថ្ងៃ​ទី​០១ មិ​នា ២០២៣ ដល់​ថ្ងៃ​ទី​១៤ មេ​សា ២០២៣​។ បើ​ម្ចាស់​ការដ្ឋាន​មិន​អនុវត្ត​កិច្ចសន្យា​ចុង​ក្រោយ​នេះ​ទេ អាជ្ញាធរ និង​ប្រើប្រាស់​វិធានការ​តាម​ផ្លូវច្បាប់ គ្មាន​ការ​លើកលែង​ជា​ដាច់ខាត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ