ខេត្តកំពង់ឆ្នាំង ៖ តើប្រវត្តិនៃការចិញ្ចឹមសត្វក្ងោកកើតឡើងពីពេលណា និង ដោយរបៀបណា? មុនឈានដល់ប្រវត្តិនៃការចិញ្ចឹមក្ងោករហូតដល់ពេលត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទចាប់ដកហូត កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលធ្វើឲ្យផ្ទុះប្រតិកម្មជាខ្លាំងរហូតដល់ប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើយកក្ងោកទាំងនោះវិលត្រឡប់ទៅឱ្យម្ចាស់ដើមវិញ ។
![Picture]()
នៅវេលាម៉ោង៥និង៣៥ នាទីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលគេសង្កេតឃើញមានរថយន្តស៊ីរ៉ែនបើកផ្លូវដង្ហែរថយន្តដឹកសត្វក្ងោក និងរថយន្តប្រតិភូប្រមាណជាង១០គ្រឿងទៀតដែលអមដំណើរ បានត្រឡប់មកដល់លំនៅឋានរបស់ម្ចាស់ចិញ្ចឹមក្ងោកវិញនៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ក្រោមការទន្ទឹមរង់ចាំពីម្ចាស់ សត្វក្ងោក ក៏ដូចជា ប្រជាពលរដ្ឋនៅក្បែរខាងបន្ទាប់បានស្តាប់សារសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ដីអំពីរឿងរ៉ាវការចាប់សត្វក្ងោកនេះ។
![Picture]()
ផ្ដល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ លោក យឹម សំអឿន អាយុ៣៤ឆ្នាំ ដែលជាម្ចាស់ក្ងោក ចិញ្ចឹមក្នុងគ្រួសារបានរៀបរាប់ឲ្យដឹងថា ៖ កាលពីអំឡុងឆ្នាំ២០១៤ ពេលលោកទៅលេងទឹកធ្លាក់ច្រកល្អៀង (យ៉ោក) ជាប់ព្រំប្រទល់ខេត្តពោធិ៍សាត់ -កំពង់ឆ្នាំង លោកបានប្រទះឃើញក្មេងៗលក់កូនសត្វក្ងោកចំនួន៣ក្បាល ប៉ុន្តែ១ក្បាលបានងា.ប់បាត់ទៅហើយ។
លោកបានសុំទិញពីក្មេងនោះយកមកចិញ្ចឹម ហើយមិនបានប៉ុន្មានកូនក្ងោក១ក្បាលបានងា.ប់ទៅក្រោយមកកូនក្ងោកទី២ក៏ងា.ប់បន្តទៀត ព្រោះតែគ្មានបច្ចេកទេសក្នុងការចិញ្ចឹម។ប៉ុន្តែដោយហេតុថា ស្រឡាញ់សត្វក្ងោកលោកបានរកវិធីតាមប្រព័ន្ធអនឡាញ បានឃើញហើយក៏សម្រេចទិញសត្វក្ងោកចំនួន៣ក្បាល ក្នុងនោះញី២ក្បាល និងឈ្មោល១ក្បាលពីប្រទេសជិតខាងមកចិញ្ចឹមរហូតដល់តកូនតចៅ និងកើតបានសត្វក្ងោកសរុបចំនួន២៥ ក្បាល (ធំ២១ក្បាល កូនតូចៗ៤ក្បាល។
![Picture]()
លោក យឹម សំអឿន បានបញ្ជាក់ថា នៅថ្ងៃដែលរដ្ឋបាលព្រៃឈើមកចាប់ដកសត្វក្ងោកពីក្នុងទ្រុងរបស់លោកទៅ គឺក្ងោកធំៗមានចំនួន ២១ក្បាល។ប៉ុន្តែក្ងោក១ក្បាល គឺត្រូវបានហើររួចចេញទៅតែពេលវាហើរចេញផុតក៏មិនទៅណាឆ្ងាយដែរ នៅពេលមន្ត្រីជំនាញចេញអស់ ក្ងោក១ក្បាលនោះ ក៏ហើយត្រឡប់មកចូលទ្រុងវិញ។
![Picture]()
ដោយឡែក លោកយាយ ស៊ុម ហៀប ជាជីដូនរបស់លោក គឺបានស្រវ៉ាសុំកូនក្ងោកចំនួន៤ក្បាលពីដៃមន្ត្រីរដ្ឋបាលព្រៃឈើ ហើយពេលនោះ មន្ត្រីជំនាញប្រហែលជាគិតថា កូនក្ងោកតូចៗក៏មិនយកដែរ។ដូច្នេះក្ងោកដែលនៅសល់ក្នុងទ្រុង គឺចំនួន៥ក្បាលក្នុងនោះមួយក្បាលជាក្ងោកធំ និង៤ក្បាលទៀតជាកូនក្ងោកតូចៗ។
ចំពោះវិធីចិញ្ចឹម និងការឱ្យចំណីរនៃការចិញ្ចឹម លោក យឹម សំអឿន បានបញ្ជាក់ថា ៖ លោកចិញ្ចឹមវាដាក់នៅក្នុងទ្រុងដែលរំព័ទ្ធដោយសំណាញ់មានបណ្ដោយប្រមាណ១០ម៉ែត្រ និងទទឹងប្រមាណជា៥ ម៉ែត្រ និងមានដំបូលក៏ព័ទ្ធសំណាញ់ដែរ ដែលការរស់នៅរបស់ពួកវា គឺនៅជាមួយនឹងសត្វមាន់ក្នុងស្រុកផងដែរ។
![Picture]()
ចំណែកឯចំណីសត្វក្ងោកវិញ ហាក់ស្រួលជាងចំណីមាន់បន្តិច គឺសត្វក្ងោកវាស៊ីស្លឹកធម្មជាតិផ្សេងៗ ដូចជា ស្លឹកដំឡូងមី ស្លឹកកំប្លោក ស្លឹកសាគូ ហើយពេលខ្លះលោកក៏បានត្រាំគ្រាប់ស្រូវឱ្យឲ្យដុះចេញពន្លកតិចៗក៏ឲ្យវាស៊ីបានដែរ ដោយឡែកពេលខ្លះក៏ឱ្យចំណីមាន់ម្តងម្កាលដែរ។យូៗម្តងលោកតែងដាក់ទឹកត្រាំស្លឹកស្ដៅឲ្យវាផឹក ដើម្បីជាឧសថកែឱ្យសត្វក្ងោកត្រជាក់សាច់ផងដែរ។
ម្ចាស់ចិញ្ចឹមក្ងោក លោក យឹម សំអឿន ក៏បានបញ្ជាក់ដែរថា នៅថ្ងៃដែលមន្ត្រីរដ្ឋបាលព្រៃឈើមកដកហូតសត្វក្ងោកគាត់ពីក្រុមគ្រួសារគាត់ គឺរូបគាត់មិនបាននៅផ្ទះទេ នៅតែបងស្រីឈ្មោះ យឹម ចាន់រ៉ុង និងលោកយាយ ស៊ុម ហៀប តែប៉ុណ្ណោះ។ ប៉ុន្តែដោយទទួលព័ត៌មាននេះស្តីពីការដករហូតសត្វក្ងោករបស់មន្ត្រីរដ្ឋបាលព្រៃឈើរូបលោក និងក្រុមគ្រួសារបានទទូចស្នើសុំសម្ដេចតេជោ ហ៊ុនសែន សូមមេត្តាជួយអន្តរាគមន៍ ហើយសម្តេចក៏បានសន្តោសប្រណីដល់គ្រួសារលោក ដោយបានឲ្យមន្ត្រីជំនាញប្រគល់សត្វក្ងោកចំនួន២០ក្បាលមកក្រុមគ្រសារលោកវិញ។
![Picture]()
រូបលោកជាម្ចាស់ក្ងោក និងក្រុមគ្រួសារសូមលើកដៃសំពះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុនសែន សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ព្រមទាំងមន្ត្រីជំនាញទាំងអស់ដែលបានប្រគល់សត្វក្ងោកទាំងនោះមកឲ្យរូបគាត់វិញ និងសូមសន្យាថា៖ ចំពោះថវិកាសម្តេចចំនួន១០លានរៀល រូបលោក និងក្រុមគ្រួសារ សូមសន្យានឹងយកទៅពង្រីកទ្រុងឱ្យធំជាងមុន និងសន្យាថែទាំសត្វក្ងោកឱ្យរីកសាយកូនចៅច្រើនជាងនេះជាបន្តទៀត៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ