ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​នេះ! ស្ពាន​អាកាស​​ថ្មី​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ឫ​ស្សី​កែវ​បើក​ដំណើរការ​ហើយ​

1 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​ ៖ កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ឬ​ស្សី​កែវ លែង​មានការ​កកស្ទះ​ដូច​មុន​

​រាជធានី​ភ្នំពេញ​ ៖ កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ឬ​ស្សី​កែវ លែង​មានការ​កកស្ទះ​ដូច​មុន​ទៀត​ហើយ​ ក្រោយ​ពី​ស្ពាន​អាកាស​ឬ​ស្សី​កែវ ស្ថិត​នៅ​ក្នុងភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ​បាន​ស្ថាបនា​ស្ទើ​រ​តែ​រួចរាល់​១០០​ភាគរយ​ហើយ ​ត្រូវ​បាន​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ជា​គោលការណ៍​ដាក់​ឲ្យ​ប្រើ​​ប្រាស់​ជា​បណ្តោះអាសន្ន នា​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ ២០២៣​នេះ​។

នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត ក្រោម​ម្លប់​សុខ​សន្តិភាព ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ «អរគុណ​សន្តិភាព​​»។

គេ​បាន​មើលឃើញ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២៣​នេះ ចរាចរណ៍​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ មាន​ភាពល្អ​ប្រសើរ​ខ្លាំង ដោយ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​ដោយ​រលូន​មិន​ស្ទះចរាចរណ៍​។

រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​ទទួល​បាន​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ នាយក​​រដ្ឋមន្ត្រី បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​បណ្តោះអាសន្ន​នូវ​ស្ពាន​អាកាស​ឬ​ស្សី​កែវ ។ ស្ពាន​អាកាស​នេះ បានបើក​ការដ្ឋាន​ស្ថាបនា​កាលពី​ថ្ងៃ​ទី​៣១​ខែមករា​ឆ្នាំ​២០២២ មាន​បណ្ដោយ​៤៨៣​ម៉ែត្រ ទទឹង​១៥,៨​ម៉ែត្រ​កំពស់ ៥​ម៉ែត្រ ដោយ​ហោះ​នៅ​លើ​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ នៅ ចន្លោះ​ស្ពានបេតុង​ឆ្លងកាត់​ទន្លេសាប​ថ្មី​ដែល​បាន​នឹង​កំពុង​សាងសង់​បាន​ជិត​រួចរាល់​។

គម្រោង​នៃ​ការ​សាងសង់​ស្ពាន​អាកាស​ថ្មី ហោះ​នៅ​លើ​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​នេះ ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន​១៥​ខែ ពោល​គឺ​ឲ្យ​ហើយនៅ​មុន​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា SEA GAME ២០២៣ នា​ពេល​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ