រាជធានីភ្នំពេញ ៖ ផឹកស្រាស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ ខូចខាតម៉ូតូឡាន ត្រូវសងលុយគេហើយត្រូវប៉ូលិសចាប់ទៀត ដោយសារតែរករឿងប៉ូលិស។នេះគ្រាន់តែជ្រុងមួយតូចដែលបង្កឡើងដោយសារតែស្រវឹងស្រាប៉ុណ្ណោះ។

ឱ្យធ្ងន់ធ្ងរ គឺអ្នកស្រវឹងស្រាមួយចំនួនមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ខ្លួនឯងត្រូវរបួស និងស្លា.ប់ទេ តែក៏ធ្វើឱ្យអ្នកដទៃរបួស និងស្លា.ប់ច្រើននាក់ ដោយសារតែអ្នកស្រវឹងស្រានោះបើកបរឡានម៉ូតូនៅពេលស្រវឹង។
ជាក់ស្តែង កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ យុវជនម្នាក់ នៅសង្កាត់ស្ទឹងមានជ័យ២ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយសារតែស្រវឹងស្រាក៏ត្រូវកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបុរសពាក់ព័ន្ធករណីប្រឆាំងនឹងមន្ត្រីរាជការសាធារណៈដោយរារាំងដល់ការអនុវត្តច្បាប់ និងប្រើអំពើហិ.ង្សាដោយចេតនាមកលើសមត្ថកិច្ច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀ.ន។
រូបតំណាងមូលហេតុ នៃការឃាត់ខ្លួនយុវជនរូបនេះ គឺដោយសារក្រុមអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានចេញល្បាតក្នុងភូមិសាស្ត្រខណ្ឌ ដូចសព្វដងលុះមកដល់ផ្លូវលំភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ នៅវេលាម៉ោង១២យប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏ប្រទះឃើញក្រុមក្មេងស្ទាវ មានគ្នាចំនួន៥នាក់ជិះម៉ូតូ០២គ្រឿង។
ពេលនោះ បន្ទាប់ពីឃើញក្រុមល្បាត ក្រុមក្មេងទាំងនោះបានជិះម៉ូតូបំបែកគ្នាគេចចេញពីសមត្ថកិច្ច។ភ្លាមនោះសមត្ថកិច្ចបានបំបែកគ្នា ដេញតាមដោយមួយក្រុមដេញតាមម៉ូតូឌ្រីមសង់ C125 រីឯមួយក្រុមទៀត បានដេញម៉ូតូម៉ាក Scoopy។ រហូតដល់ចំណុចភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ដោយស្ថានភាពផ្លូវតូចចង្អៀត ក្រុមប្រដេញបានឃើញបុរសម្នាក់កំពុងដើរទៅរយ៉ែឡាន ហើយក្រុមប្រដេញក៏បានចុចស៊ីផ្លេ និងស្រែកសុំផ្លូវនៅពេលនោះ ក្រុមម៉ូតូពុំបានបុកបុរសនោះទេ គ្រាន់តែជិះឆាបប៉ះជើងគាត់បន្តិចបន្តួចតែប៉ុណ្ណោះដោយពុំទាន់បានធ្វើការសុំទោសដោយជាប់រវល់ក្នុងការបំពេញភារកិច្ចតាមឃាត់ខ្លួនជនសង្ស័យ។
បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការសុំទោស។ ក៏ប៉ុន្តែត្រូវបានក្រុមសាច់ញាតិរបស់បុរសនោះដែលកំពុងតែមានភាពស្រវឹងខ្លាំងនិយាយមិនស្តាប់គ្នាថែមទាំងហក់មកវា.យ និងធាក់មកលើសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចព្រមទាំងបានរារាំងមិនឲ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទេ។

សមត្ថកិច្ច បានថតវីដេអូនូវភាពស្រវឹង កាយវិការប្រមាថមើលងាយ និងរារាំងសមត្ថកិច្ច។ យុវជននោះត្រូវបានប៉ូលិសឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។កាលពីល្ងាចថ្ងៃអាទិត្យទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ ៦ល្ងាចនៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះពីកំពង់ចម្លងកោះដាច់ និងផ្សារម៉ាក្រូ ផ្លូវចូលវិមានឈ្នះឈ្នះ ក្នុងពេលចរាចរណ៍កកស្ទះយ៉ាង ខ្លាំងក៏មានបុរស២នាក់ស្រវឹងស្រា ហើយបើកឡាន២គ្រឿង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍បុកតគ្នា។
ហេតុការណ៍គ្រោះថ្នាក់ដំបូង បង្កដោយបុរសចំណាស់ម្នាក់ជិះឡានឡង់គ្រឹស័រ ស្លាកលេខរដ្ឋ ដែលស្រវឹងហើយពេលកកស្ទះចរាចរណ៍ បុរសនោះដេកក្នុងឡាន។នៅពេលប៉ូលិសម្នាក់ដែលសម្រួលចរាចរណ៍ ដើរទៅសាកសួរបែរជាបុរសនោះបើកឡានយ៉ាងលឿនទៅមុខក៏បុកនឹងឡានព្រុស១គ្រឿងនៅខាងមុខ ហើយឡានព្រុសនោះក៏បុកនឹងឡាន១គ្រឿងទៀតនៅខាងមុខ។

ឡានទាំង៣គ្រឿងក៏ឈប់នៅកន្លែងកើតហេតុនៅគន្លងជាប់នឹងទ្រូងផ្លូវដាំស្មៅកណ្តាល។ មិនទាន់ទាំងដោះស្រាយគ្នាចប់ផង ស្រាប់តែមានបុរសវ័យកណ្តាលម្នាក់ទៀតក្នុងស្ថានភាពស្រវឹងបិទភ្នែក បើកឡាន Rav4 មានកូនស្រីតូចគេងនៅកៅអីខាងមុខផងមកបុកឡានឡង់គ្រឹស័រពីក្រោយទៀត។
បុរសទាំងពីរនោះស្ថិតក្នុងស្ថាភាពស្រវឹងបើកភ្នែកមិនរួចហើយបើកឡានក៏បង្កគ្រោះថ្នាក់ចរាចរណ៍ដោយបើកឡានបុកគេបុកឯងដូច្នេះ។ នេះត្រឹមតែខូចឡាន តែមិនមាននរណាម្នាក់គ្រោះថ្នាក់រាងកាយឡើយ។ បុរសចំណាស់ជិះឡានឡង់គ្រឹស័រជាអ្នកមានធូរធារបានចេញលុយសងឡានដែលគាត់បុកដោយមិនចង់មានរឿងវែងឆ្ងាយ។ តែគួរឱ្យអនិច្ចាជាងគេ គឺបុរសវ័យកណ្តាល មានកូនស្រីតូចផង បែរជាស្រវឹង លែងដឹងអី ហើយបើកឡានទាំងបិទភ្នែក។
ករណីបុរសស្រវឹងស្រាទាំង២នាក់នេះមិនត្រូវកើតមានទេ។តែបើស្រវឹង ត្រូវកុំបើកបរ។ករណីគ្រោះថ្នាក់ចរាចរណ៍បុកបន្តគ្នានេះមិនមានអ្នកស្លា.ប់ ឬរបួសឡើយ។នេះអាចមកពីកកស្ទះចរាចរណ៍ឡានបើកមិនបានលឿន។ចុះបើបុរសទាំងពីរនាក់នោះបើកឡានមិនបុកឡានបែរជាបុកម៉ូតូ ឬអ្នកថ្មើរជើង តើគ្រោះថ្នាក់ដូចម្តេចទៅចំពោះជនរងគ្រោះនៅខាងមុខដែលគ្នាមិនដឹងអ្វីសោះ?
ក្រុមគ្រួសារ ញាតិមិត្ត ក៏ត្រូវគិតពីរឿងនេះផង។ បុរសទាំង២នាក់នោះ ទំនងមកពីការគេ ឬកម្មវិធីជួបជុំតាមខេត្ត ដោយសារតែឡានទាំងពីរនោះ មានទិសដៅចូលទៅរាជធានីភ្នំពេញ។ ដូច្នេះញាតិមិត្តបើឃើញអ្នកស្រវឹងដូច្នេះ មិនថា ជិះម៉ូតូ ឬបើកបរឡានទេត្រូវតែឃាត់ទុកឱ្យស្វាងស្រាចាំឱ្យចាកចេញពីកន្លែងកម្មវិធី ឬរកអ្នកមិនផឹកស្រាបើកឡាន បើកម៉ូតូជូនអ្នកស្រវឹងនោះ ដើម្បីកុំឱ្យគ្រោះថ្នាក់សាម៉ីខ្លួនផង និងកុំឱ្យគ្រោះថ្នាក់ដល់អ្នកដទៃផង។

អ្នកផឹកស្រាខ្លួនឯងក៏ត្រូវគិតដែរ។បើមិនគិតពីសុវត្ថិភាពខ្លួនឯងក៏ត្រូវគិតពីសុវត្ថិភាពអ្នកដំណើរដទៃទៀត ពិសេសករណីបុរសវ័យកណ្តាលជិះឡាន Rav4 គឺមានកូនស្រីតូចអាយុប្រហែលជា ៤-៥ឆ្នាំជិះជាមួយ ទៀត។នេះគ្រាន់តែបុកគេពីក្រោយចុះបើក្រឡាប់ធ្លាក់ផ្លូវចូលទឹកប្រឡាយ តើទៅជាយ៉ាងណា បើកូនស្រីតូចនោះដែលគ្នាមិនដឹងអីសោះ ត្រូវរងគ្រោះដោយសារតែមនុស្សចាស់ដូច្នេះ?
ចូរកុំភ្លេចថា ស្រាបង្កនូវវិនាស៦ប្រការ គឺអស់លុយបង្កជម្លោះ កើតរោគក្នុងខ្លួនខូចឈ្មោះបង្ហាញកេរ្តិ៍ខ្មាស់ទាំងរស់ និងបាត់បង់បញ្ញា។ នេះបើតាមធម៌ព្រះពុទ្ធ។ក្នុងសម័យយើងបច្ចុប្បន្នផឹកស្រា ក្រៅពីជួបនឹងវិនាសទាំង៦ប្រការនេះក៏នៅមានអ្នកស្រវឹងស្រាជាច្រើនទៀតត្រូវជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់របួស និងស្លា.ប់ខ្លួនឯងផងព្រមទាំងបង្កគ្រោះថ្នាក់ដល់អ្នកដទៃថែមទៀតផង។ដូច្នេះសរុបមក«បើផឹកស្រា កុំបើកបរ»«បើបើកបរកុំផឹកស្រា»៕
ចែករំលែកព័តមាននេះ