ឆ្នាំ២០២២ប.ស.សចំណាយតាវកាលិកដល់វិស័យឯកជន និងសាធារណៈជាសមាជិកចំនួន២២.៦២ប៊ីលានរៀល
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឆ្នាំ២០២២ បេឡាជាតិសន្តិសុខសង្គម(បសស)បានចំណាយតាវកាលិកសម្រាប់វិស័យឯកជន និងវិស័យសាធារណៈ ជូនសមាជិករបស់ខ្លួនក្នុងផ្នែកហានិភ័យការងារសរុបចំនួន២២.៦២ប៊ីលានរៀល និងផ្នែកថែទាំសុខភាពសរុបចំនួន៣២៣.២៨ប៊ីលានរៀល។ នេះបើតាមអគ្គនាយកប.ស.ស។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសន្តិភាពប.ស.សឯកឧត្ដម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានឱ្យដឹងថា បច្ចុប្បន្នបេឡាជាតិសន្តិសុខសង្គម បានដំណើរការរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនដែលទើបដាក់ឱ្យអនុវត្តថ្មីៗនេះទាំងវិស័យឯកជន និងវិស័យសាធារណៈ។
ឯកឧត្តមបញ្ជាក់ថា ៖«គិតត្រឹមឆ្នាំ២០២២ សម្រាប់វិស័យឯកជនផ្នែកហានិភ័យការងារបានចុះបញ្ជីសរុបចំនួន២០៤៤៨សហគ្រាសដែលមានសមាជិកសរុបចំនួន២៥៨៤ ៧០៦នាក់ ផ្នែកថែទាំសុខភាពចំនួន ១៧ ៨២១សហគ្រាស មានសមាជិកចំនួន ២ ៥៨៤ ៧០៦នាក់ និងផ្នែកប្រាក់សោធនមានចំនួន១៤ ៣៥២សហគ្រាស មានសមាជិកចំនួន២៥៨៤ ៧០៦នាក់ ក្នុងនោះផ្នែកប្រាក់សោធនដោយស្ម័គ្រចិត្តមានសមាជិកចំនួន២ ៧០៦នាក់។

ចំណែកវិស័យសាធារណៈបានចុះបញ្ជីផ្នែកថែទាំសុខភាពសរុបចំនួន ៣៩ស្ថាប័នមានសមាជិកសរុប៤៣៩ ២៤៣នាក់ និងផ្នែកហានិភ័យការងារចំនួន៣៥ស្ថាប័ន មានសមាជិកសរុប ២៥៧ ៦៤៤នាក់។
ដោយឡែកក្នុងឆ្នាំ២០២២ បេឡាជាតិសន្តិសុខសង្គមបានចំណាយតាវកាលិកសម្រាប់វិស័យឯកជន និងវិស័យសាធារណៈជូនសមាជិករបស់ខ្លួនក្នុងផ្នែកហានិភ័យការងារសរុបចំនួន២២.៦២ប៊ីលានរៀល និងផ្នែកថែទាំសុខភាពសរុបចំនួន៣២៣.២៨ប៊ីលានរៀល។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការបុគ្គលិកនៃរបស់បេឡាជាតិសន្តិសុខសង្គមត្រូវបន្តចាត់ទុកខ្លួនជាអ្នកបម្រើសេវាសង្គមជូនដល់មន្ត្រីសាធារណៈអតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ព្រមទាំងកម្មករនិយោជិតតាមរយៈការផ្ដល់សេវាសាធារណៈប្រកបដោយភាពទន់ភ្លន់ ក្រមសីលធម៌ មនសិការវិជ្ជាជីវៈ និងមានស្មារតីទទួលខុសត្រូវខ្ពស់។
ឯកឧត្តមលើកឡើងថា បេឡាជាតិសន្តិសុខសង្គមជាសេនាធិការក្នុងការអនុវត្ត ប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា ដែលមានក្រសួងជាអាណាព្យាបាលពីរ គឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអាណាព្យាបាលបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាណាព្យាបាលហិរញ្ញវត្ថុ។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានរំលឹកថា បេឡាជាតិសន្តិសុខសង្គម បានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមសម្រាប់វិស័យឯកជនផ្នែកហានិភ័យការងារនៅឆ្នាំ២០០៨ ផ្នែកថែទាំសុខភាពនៅឆ្នាំ២០១៦ និងផ្នែកប្រាក់សោធននៅឆ្នាំ២០២២ ព្រមទាំងការអនុវត្ដផ្នែកថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងការបើកផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្ដ្រីពេលសម្រាលកូននៅឆ្នាំ២០១៨។
ដោយឡែក សម្រាប់វិស័យសាធារណៈបានដាក់ឱ្យអនុវត្តផ្នែកថែទាំសុខភាពនៅឆ្នាំ២០១៨ និងផ្នែកហានិភ័យការងារនៅឆ្នាំ២០២១។ ឯកឧត្តមបន្ថែមថាសមិទ្ធផលទាំងនេះបានឆ្លើយតបទៅ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលស្ថិតត្រង់មុំទី៤ ការពង្រឹងសមត្ថភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីលើកស្ទួយស្ថានភាពសង្គម-សេដ្ឋកិច្ច និងពង្រឹងតួនាទីស្ត្រីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ។

ជាពិសេសជំរុញការអនុវត្ត «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥»នូវការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន និងការរៀបចំក្របខ័ណ្ឌគតិយុត្ត និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំដៅដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមថ្មី ព្រមទាំងពង្រីកវិសាលភាពលើរបបដែលមានស្រាប់ ដើម្បីបង្កើនការគាំពារដល់ប្រជាពលរដ្ឋគ្រប់រូបការបន្តអភិវឌ្ឍន៍ និងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំសង្គតិភាព និងប្រសិទ្ធភាព។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងទៀតថា បេឡាជាតិសន្តិសុខសង្គម បានចូលរួមអនុវត្តប្រកបដោយជោគជ័យនូវកញ្ចប់វិធានការចំនួន១០ជុំក្នុងដោះស្រាយផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដោយអនុញ្ញាតឱ្យរោងចក្រ សហគ្រាសមិនបង់ភាគទានធានារ៉ាប់រងហានិភ័យការងារ និងថែទាំសុខភាពមកប.ស.ស ក្នុងអំឡុងពេលព្យួរអាជីកម្ម ហើយកម្មករនិយោជិតនៅតែទទួលបាននូវការធានារ៉ាប់រងហានិភ័យការងារ និងថែទាំសុខភាពដដែល និងការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ តាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរដ្ឋបាល ព្រមទាំងការផ្តល់ប័ណ្ណសមធម៌សុខាភិបាលដល់បងប្អូនកម្មករនិយោជិតក្រៅប្រព័ន្ធ ដើម្បីអាចទៅទទួលបានការថែទាំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលរដ្ឋ។

សម្រាប់ទិសដៅបន្តរបស់បេឡាជាតិសន្តិសុខសង្គម ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យបន្តយកចិត្តទុកដាក់ និងលើកទឹកចិត្តក្នុងការចូលរួមអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតដូចតទៅ ៖ ពង្រឹង និងពង្រីកការអនុវត្ដរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ។ពង្រឹង និងពង្រីកការអនុវត្ដរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធព្រមទាំងការបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្ត្រីនៅពេលសម្រាលកូន។
ពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន និងពង្រឹងការងារអភិបាលកិច្ច ដើម្បីធានាឱ្យការផ្តល់សេវាខាងលើមានគុណភាព និងទាន់ពេលវេលា៕
ចែករំលែកព័តមាននេះ