ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុសលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារ​សាធារណៈ ត្រូវបានផ្ទេរ​ពីស្នងការនគរបាល​ខេត្តព្រៃវែង ឡើងជាអគ្គស្នងការរង​នគរបាលជាតិ​

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈនេះ អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានអញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសចូលកាន់តំណែងជាផ្លូវការ អគ្គស្នងការរង​នគរបាលជាតិ ១រូប និងប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

អគ្គស្នងការរងនគរបាលជាតិ ដែលត្រូវបានប្រកាសចូលកាន់តំណែង គឺ​លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ដែលទើបត្រូវបានផ្ទេរចេញពី​តំណែង ជាស្នងការនគរបាលខេត្តព្រៃវែង។ រីឯ​លោកឧត្តមសេយ៍ទោ ផាន់ សុផល ត្រូវបានតែងតាំង​​ជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង​នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ ជំនួសលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដែលត្រូវបញ្ចប់មុខតំណែង និងទៅកាន់តួនាទីថ្មី។

តាមដំណឹង​លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន នឹងត្រូវតែងតាំង​ជាស្នងការនគរបាល​ ខេត្តព្រៃវែង ជំនួស​លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ​។

សូមជម្រាបថា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ បញ្ចប់មុខតំណែង​ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ពីប្រធាននាយករដ្ឋានវិទ្យុទាក់ទង ដោយតែងតាំង​លោកឧត្តមសេនីយ៍ទោ ផាន់ សុផល ជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង និងតែងតាំង​លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ជាអគ្គស្នងការរងនគរបាលជាតិ។

លោក ព្រុំ សន្ធរ ជាកូនប្រុសរបស់​លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ លោក ព្រុំ សន្ធរ ត្រូវបានតែងតាំង​ជាស្នងការនគរបាលខេត្តព្រៃវែង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ជំនួសលោកឧត្តមសេនីយ៍ទោ ស្រេង ជា ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍។ មុនកាន់តំណែង​ជាស្នងការនគរបាល ខេត្តព្រៃវែង លោក ព្រុំ សន្ធរ ជាស្នងការរង​នគរបាល រាជធានីភ្នំពេញ៕