ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុតែ​ចង់​នៅ​ជាមួយ​ម្ចាស់ សុខចិត្ត​ដេក​យាម​ផ្នូរ​១០​ឆ្នាំ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា

អា​ហ្ស​ង់​ទី​ន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា សត្វ​ឆ្កែ​មួយ​ក្បាល​ដេក​យាម​ផ្នូរ​របស់​ម្ចាស់​រហូត​ដល់​ទៅ​១០​ឆ្នាំ បន្ទាប់​ពី​ម្ចាស់​បាន​ស្លាប់​តាំងពី​ឆ្នាំ​២០០៦។

ឆ្កែ​នោះ​មានឈ្មោះ​ថា Capitan ដែល​វា​បាន​ជាប់​នៅ​ក្នុង​កាសែត​ក្រប​មុខ​ម្តង​ហើយ កាលពី​ឆ្នាំ ២០១២​។ គេ​បាន​ចុះ​ផ្សាយ​វា​ថា ជា​ឆ្កែ​ដេក​យាម​ផ្នូរ​ម្ចាស់​៥​ឆ្នាំ​មិន​ទៅ​ណា​។ រហូត​មក​ដល់​ពេល​នេះ រយៈពេល​១០​ឆ្នាំ​ហើយ ដែល​វា​នៅ​តែ​បន្ត​ការ​ដេក​យាម​ផ្នូរ​របស់​ម្ចាស់​វា​។

ម្ចាស់​វា​ឈ្មោះ Miguel Guzmán បាន​ស្លាប់​តាំងពី​ឆ្នាំ​២០០៦ ដែល​ជា​ឆ្នាំ Capitan ចាប់ផ្តើម​ទៅ​ដេក​យាម​នៅ​ផ្នូរ​នោះ​។ ប្រពន្ធ​របស់​គាត់ Veronica មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពេល​ឃើញ Capitan ទៅ​ដេក​យាម​បែប​នេះ​។ ទោះបីជា​នាង​ទៅ​ហៅ​យក​មក​ផ្ទះ​ប៉ុន្មាន​ដង​ក៏​ដោយ ក៏​នៅ​តែ​ត្រឡប់​ទៅ​វិញ​ដដែល​។

ទោះបីជា​វា​មិន​ព្រម​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក៏​ដោយ ក៏​វា​ត្រូវ​បាន​ទទួល​ការ​មើលថែ​ចាក់​ថ្នាំ​វ៉ា​ក់​ស៊ាំ​ង​ឲ្យ​ជា​រៀង​រាល់​ឆ្នាំ​ពី​សំណាក់​អ្នកយាម​វាល​កប់ខ្មោច​ដែរ​។ នា​ពេល​នេះ វា​មាន​អាយុ​១៥​ឆ្នាំ​ហើយ ដែល​ធ្វើ​ឲ្យ​វា​ចាស់ជរា និង​ស្ទើរតែ​មើល​អ្វី​មិនឃើញ​។

អ្នកជំនាញ​បង្វឹក​សត្វ​ឆ្កែ លោក Banegas បាន​ប្រាប់​ថា មូលហេតុ​ដែល Capitan នៅ​យាម​ផ្នូរ​ម្ចាស់​បែប​នេះ គឺ​មក​ពី​វា​អាច​មើលឃើញ​ព្រលឹង​ម្ចាស់​វា​។ វា​កំពុង​តែ​រស់នៅ​ជាមួយនឹង​ព្រលឹង​ម្ចាស់​វា​យ៉ាង​មាន​ភាព​កក់ក្តៅ ៕