ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ជនជាតិ​ចិន​បើក​លេងល្បែង​ខុសច្បាប់​មួយ​កន្លែង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន សុ​រិ​ទ្ធី ស្នងការ​រង​ទទួល​ផែន​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បានឱ្យ​ដឹង​ថា ៖ នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៧ កន្លង​មកនេះ ដោយ​មានការ​ពង្រឹង​ចង្អុលបង្ហាញ និង​អនុវត្ត​ទៅ​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស ដើម្បី​ធានា​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ ។

ហើយ​នៅ​វេលា​ម៉ោង​ខាងលើ កម្លាំង​នគរបាល​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ផែន​អន្តោប្រវេសន៍ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន សុ​រិ​ទ្ធី ដោយ​មាន​កិច្ច​សម្របសម្រួល​ពី​លោក លឹ​ម ប៊ុ​ន​ហេង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​លេងល្បែង​ភ្នាល់​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត  (GAME ONLINE ) មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង​ក្នុង​ក្រុម​៣ ភូមិ​២ សង្កាត់​លេខ​៣ ក្រុង​ខេត្ត​ព្រះ​សីហ​នុ ។ លោក ហ៊ុន សុ​រិ​ទ្ធី បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា នៅ​ក្នុង​ប្រតិបត្តិការ​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ខាងលើ សមត្ថកិច្ច​ការិយាល័យ​ខាងលើ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​បាន​ចំនួន​ម្នាក់ មានឈ្មោះ វ៉ាង ជូ ( Wang Chao ) សញ្ជាតិ​ចិន អាយុ​៣០​ឆ្នាំ ជា​បុគ្គលិក​បម្រើ​ការ​អ៊ី​ន​ធើ​ណេ​ត​ល្បែងស៊ីសង តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ក្នុង​ទីតាំង​ខាងលើ ។

ដោយឡែក​ជនជាតិ​ចិន​ចំនួន​៥​នាក់​ផ្សេង​ទៀត បាន​នឹង​កំពុង​តែ​រត់គេច​ខ្លួន ហើយ​សមត្ថកិច្ច​ជំនាញ​បាន​នឹង​កំពុង​តែ​បន្ត​ស្វែងរក​អត្តសញ្ញាណ ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ឲ្យ​ខាង​តែ​បាន ដើម្បី​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ។

លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន សុ​រិ​ទ្ធី បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ៖ នៅ​ក្នុង​កិច្ចការ​បង្ក្រាប​ក្នុង​ទីតាំង​ខាងលើ​នេះ សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​បម្រើ​ការ​សម្រាប់​ល្បែងភ្នាល់​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​មាន​ដូច​ជា ៖ ១.Laptop ចំនួន​៣​គ្រឿង​, ស៊ី​មកា​ត​ទូរស័ព្ទ​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន​,  Flash សម្រាប់​ផ្ទេរ​ប្រាក់​ចូល​ចេញ​មួយ​ចំនួន​ធំ​, និង​រថយន្ត Lexus RX300 ចំនួន​២​គ្រឿង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនជាតិ​ចិន​ដែល​ឃាត់ខ្លួន​បាន សារភាព​ថា ៖ ពួក​គេ​ពិតជា​បាន​មក​លួច​បើក​លេងល្បែង​ភ្នាល់​តាម​អ៊ី​ន​ធើ​ណេ​ត​ប្រព័ន្ធ​អន​ឡាញ ដែល​មាន​ទីតាំង​ខាងលើ​នេះ​ពិតប្រាកដ​មែន ។ ក្រោយ​ពេល​ឃាត់ខ្លួន​ជនជាតិ​ចិន ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ខាងលើ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ផែន​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ នា​រសៀល​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៧ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ។ និង​បន្ត​ស្រាវជ្រាវ​រក​ជនជាតិ​ចិន​៥​នាក់​ផ្សេង​ទៀត ដែល​កំពុង​រត់គេច​ខ្លួន ដើម្បី​ឈាន​ដល់​ការ​ឃាត់ខ្លួន យក​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់ ៕