ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ម្នាក់ដើរ​វង្វេងផ្លូវ​ម្នាក់ឯង រកម៉ែឪមិនទាន់ឃើញ

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈ​ដែល​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​បាន​ប្រទះ​ឃើញ​ក្មេង​ប្រុស​ម្នាក់

ខេត្ត​ប៉ៃលិន ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈ​ដែល​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​បាន​ប្រទះ​ឃើញ​ក្មេង​ប្រុស​ម្នាក់ ដើរ​តែឯង​នៅ​ពេល​យប់​ស្ងាត់​សង្ស័យ​ថា វង្វេង​អាណាព្យាបាល ក៏​ប្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​អូរ​តា​វ៉ៅ​ឱ្យ​ចាត់ការ​បន្ត ដើម្បី​សង្គ្រោះ​ក្មេង​តូច​ម្នាក់​នេះ​ឱ្យ​រួច​ផុត​ពី​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​នឹង​កើតឡើង​ផង​ដែរ​។ ហេតុការណ៍​ប្រទះ​ឃើញ​ក្មេង​ប្រុស​ម្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា តាម​រយៈ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សង្កាត់​អូរ​តា​វ៉ៅ បាន​រាយការណ៍​មក​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ពី​ករណី​មាន​ក្មេង​ប្រុស​ម្នាក់ បាន​ដើរ​វង្វេងផ្លូវ​ដោយ​បាន​មក​អង្គុយ​នៅ​ចំណុច​ភូមិ​ដីក្រហម សង្កាត់​អូ​តា​វ៉ៅ ក្រុងប៉ៃលិន​។ ប្រភព​បន្ត​ទៀត​ថា លុះ​ក្រោយ​ពេល​ទទួល​បាន​សេចក្តីរាយការណ៍​ខាងលើ កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ចុះ​ទៅ​នាំ​ក្មេង​ប្រុស​ខាងលើ​មក​ធ្វើការ​សាកសួរ​នៅ​ការិយាល័យ​ភ្លាម​ៗ​តែ​ម្តង​។ ក្រោយ​ពី​នគរបាល​ជំនាញ​ធ្វើការ​សាកសួរ​ក្មេង​ប្រុស​នេះ​រួច​មក រូបគេ​បាន​ប្រាប់​ថា ឈ្មោះ ឡេ​ង ប៉ែ​ត ភេទ​ប្រុស អាយុ​១៣​ឆ្នាំ បាន​វង្វេងផ្លូវ​មក​ពី​ចំណុច​គីឡូ​១២ ខេត្តបាត់ដំបង​។

បច្ចុប្បន្ន​ក្មេង​ប្រុស​ខាងលើ បាន​ស្នាក់​នៅ​ក្នុង​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​ទំនាក់ទំនង​រក​អាណាព្យាបាល​ឱ្យ​នាំ​ត្រលប់​ទៅ​គេហដ្ឋាន​វិញ​។ លើស​ពី​នេះ​ក្មេង​ប្រុស​ខាងលើ​ហាក់ដូចជា​មាន​សតិ​មិនសូវ​គ្រប់គ្រាន់​នោះ​ឡើយ ដោយ​សួរនាំ​ជា​ច្រើន​ដង​ទើប​រូបគេ​និយាយ​បាន​តិច​ៗ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ប្រហែលជា​ក្មេង​ប្រុស​ខាងលើ​មានការ​ភិតភ័យ ខណៈ​ដើរ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច ឆ្ពោះ​ពី​ខេត្តបាត់ដំបង មក​ខេត្ត​ប៉ៃលិន ហើយ​ក៏​ចង់​យំ​ស្រែក ខណៈ​សួ រ​នាំ​ច្រើន​ផង​ដែរ​។ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​មើលថែ​រក្សា​កូនចៅ​របស់​ខ្លួន​ឱ្យ​បាន​គង់វង្ស​មិន​ត្រូវ​បណ្តែតបណ្តោយ​ឱ្យ​ដើរ​ម្នាក់ឯង​បែប​នេះ​ទេ បើសិនជា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ជាយថាហេតុ​នោះ​នាំ​ឱ្យ​មាន​វិប្បដិសារី​អស់​មួយ​ជីវិត​ជាក់​ជា​មិន​ខាន​ឡើយ​៕