ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រែ​យក្ស​២​មាន​វិញ្ញាណ​លង​បន្លាច ហើយ​មាន​គ្រែ​មួយ​មនុស្ស​ប្រុស​មិន​ឲ្យ​ដេក ផ្អើល​ក្រុង​ស្វាយ​រៀង​(វី​ដេ​អូ​)

2 ឆ្នាំ មុន
  • ស្វាយរៀង

មាន​គ្រែ​យក្ស​ចំនួន​២​គ្រឿង​ដែល​ម្ចាស់​គ្រែ បាន​អះអាង​ថា មាន​វិញ្ញាណ​អមនុស្ស​​ថែរក្សា ហើយ​រារាំង​មិន​ឲ្យ​មនុស្ស​ប្រុស​ដេក​លើ​គ្រែ​នេះ​ទេ នៅ​ពេល​ណា​ម្ចាស់​​គ្រែ​ជា​មនុស្ស​ប្រុស​ឡើង​ដេក​គឺ

ខេត្តស្វាយរៀង ៖ មាន​គ្រែ​យក្ស​ចំនួន​២​គ្រឿង​ដែល​ម្ចាស់​គ្រែ បាន​អះអាង​ថា មាន​វិញ្ញាណ​អមនុស្ស​ថែរក្សា ហើយ​រារាំង​មិន​ឲ្យ​មនុស្ស​ប្រុស​ដេក​លើ​គ្រែ​នេះ​ទេ នៅ​ពេល​ណា​ម្ចាស់​គ្រែ​ជា​មនុស្ស​ប្រុស​ឡើង​ដេក​គឺ​អមនុស្ស​ថែរក្សា​គ្រែ​តែងតែ​លង​បន្លាច​ធ្វើ​ជា​ទាហាន​ដេញ​បាញ់​ម្ចាស់ផ្ទះរ​ត់រក​ព្រះ​អាយុ​ទាំង​ព្រលឹង​ចុង​សក់​។

ចំណែក​គ្រែ​យក្ស​១​គ្រឿង​ទៀត លង​បន្លាច​បើកភ្នែក​ធំ​ៗ​ដាក់ ហើយ​ដេញ​ឲ្យ​ចុះ​ពីលើ​គ្រែ ដោយ​ប្រាប់​ថា «​កុំមក​ដេក​កន្លែង​យើង​» ធ្វើ​ឲ្យ​ម្ចាស់​គ្រែ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង លុះ​ព្រឹក​ឡើង​រក​គ្រូ​មក​ប្រោះព្រំ​ដេញ​អមនុស្ស​ចេញ តែ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ក៏​និមន្ត​ព្រះសង្ឃ​មក​សូត្រ​មន្ត​ចម្រើន​ព្រះ​បរិត្ត​លើករាសី ក៏​ប៉ុន្តែ​២​ទៅ​៣​ថ្ងៃ​ក្រោយមក ម្ចាស់​គ្រែ​ឡើង​ដេក​លើ​គ្រែ​ទៀត​ក៏​ត្រូវ​អមនុស្ស​ចូល​ក្នុង​រូប​កូនស្រី​អាយុ​៣​ឆ្នាំ​ស្រែក​ដេញ​ឲ្យ​ចុះ​ពីលើ​គ្រែ ខណៈ​បុរស​រូប​នោះ​ចុះ​ពីលើ​គ្រែ​ហើយ ក៏​មាន​កម្លាំង​ខ្យល់​មក​បុក​ខ្លួន​ធ្វើ​ឲ្យ​បុរស​ម្ចាស់​គ្រែ​ភ័យ​ខ្លាច​ក៏​យក​គ្រែ​យក្ស​១​គ្រឿង​នោះ​ទៅ​ប្រគេន​ព្រះសង្ឃ ព្រះ​គ្រូ​ចៅអធិការ​វត្ត បូ​ទុម​សុ​ផា​នា​រាម ហៅ​វត្ត​គយ​ត្របែក​តែ​ម្តង​។

បើ​តាម​ព្រះ​គ្រូ ព្រហ្ម​វិ​យោ រឹក សំបូ ព្រះ​ចៅអធិការ​វត្ត បូ​ទុម​សុ​ផា​នា​រាម មាន​សង្ឃដីកា​ប្រាប់​កោះសន្តិ​ភាព នា​ល្ងាច​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ​ថា ពិតជា​មាន​អមនុស្ស​លង​បន្លាច​ម្ចាស់​គ្រែ​យក្ស​ពិតប្រាកដ​មែន លង​បន្លាច​រហូត​ម្ចាស់​គ្រែ​ភ័យ​ខ្លាច ហើយ​សម្រេចចិត្ត​ដឹក​គ្រែ​នោះ​មក​ប្រគេន​ព្រះសង្ឃ​។ គ្រែ​យក្ស​មាន​អមនុស្ស​គេ​ថែរក្សា គឺ​មាន​០២​គ្រឿង នៅ​ក្រុង​ស្វាយ​រៀង​នេះ​។

ព្រះ​តេជគុណ មាន​ថេរៈ​ដីកា​បន្ត​ថា ដោយ​គ្រែ​ទី​១- ជា​គ្រែ​របស់​ឯក​ឧត្ត​ឧត្តមសេនីយ៍ឯក ព្រំ សាំ ធ្វើការ​កង​យោធា​យុទ្ធ​ពល​ខេមរៈភូមិន្ទ​នៃ​ក្រសួងការពារជាតិ ដែល​មាន​ទីលំនៅ​ភូមិ​ពោធិ​តា​ហោ សង្កាត់​​ពោធិ​តា​ហោ ក្រុង​ស្វាយ​រៀង​។ ហើយ​ឯកឧត្តម បាន​ជាវ​គ្រែ​ប្រភេទ​គ្រែ​យក្ស​១​គ្រឿង​ធ្វើ​អំពី​ឈើ​បេង ទំហំ​២​ម៉ែត្រ​គុណ​១,៨០​ម៉ែត្រ កម្រាស់​២​តឹក យក​មក​ដាក់​នៅ​គេហដ្ឋាន​របស់​ឯកឧត្តម នៅ​ភូមិ​ពោធិ​តា​ហោ​។

ព្រះ​តេជគុណ បន្ត​ថា ហើយ​នៅ​ពេល​ដែល​ឯកឧត្តម និង​លោក​ជំទាវ ចូល​សម្រាក​លើ​គ្រែ​យក្ស​នោះ​នា​ពេល​យប់ ខណៈ​ពេល​ដែល​ឯកឧត្តម​កំពុង​សម្រាក​លង់លក់ ស្រាប់តែ​មាន​ហេតុការណ៍​ទាហាន​ម្នាក់​បាន​យក​កាំ​ភ្លើ​.​ង​មក​ដេញ​បាញ់​ឯកឧត្តម តែ​បាញ់​ត្រូវ​បង្អួច​កញ្ចក់​បែក​លាន់​ច្រាវ​។ ហើយ​ឯកឧត្តម​ក៏​ដាស់​លោក​ជំទាវ​ជា​ភរិយា រត់គេច​ចុះ​មក​ដី រួច​ហៅ​អង្គរក្ស​ឲ្យ​ឡើង​ទៅ​លើ​ផ្ទះ រួច​ប្រាប់​ថា «​មាន​មនុស្ស​ឡើង​ទៅ​ដេញ​បាញ់​ឯកឧត្តម​នៅ​ក្នុង​បន្ទប់​»​។ ខណៈនោះ​ក្រុម​ទាហាន​អង្គរក្ស​ក៏​បាន​ទាញ​អាវុធ​រត់ឡើង​ទៅ​មើល​លើ​ផ្ទះ​ក្នុង​បន្ទប់ គឺ​គ្មាន​ឃើញ​អ្វី​ទាំងអស់ សភាព​ក្នុង​បន្ទប់​ស្ងាត់​ធម្មតា ហើយ​កញ្ចក់​ទូ និង​កញ្ចក់​បង្អួច​គ្មាន​ឃើញ​បែក​នោះ​ទេ គឺ​នៅ​ល្អ​ធម្មតា​។

ព្រះ​តេជគុណ បន្ត​ទៀត​ថា ក្រោយមក​ឯកឧត្តម​ក៏​បាន​ឡើង​ទៅ​លើ​ផ្ទះ​ពិនិត្យ​ក្នុង​បន្ទប់​គេង និង​សម្ភារៈ​លើ​គ្រែ​គឺ​មាន​សភាព​ធម្មតា​ដែរ ទើប​ធ្វើការ​សន្និដ្ឋាន​ថា ពិតជា​មាន​ខ្មោចលង បន្ទាប់​មក​ក៏​និមន្ត​ព្រះសង្ឃ ព្រះ​គ្រូ​ចៅអធិការ​វត្ត​បូ​ទុម​សុ​ផា​នា​រាម ហៅ​វត្ត​គយ​ត្របែក និមន្ត​ទៅ​សូត្រ​មន្ត​ចម្រើន​​ព្រះ​បរិត្ត ប្រោះ​ព្រហ្ម​លើករាសី ក៏​ប៉ុន្តែ​មុន​នឹង​សូត្រ​មន្ត​ព្រះ​គ្រូ​ចៅអធិការ​ឲ្យ​ជាង​ដោះ​គ្រែ​នោះ​ពិនិត្យ​មើល ហេតុភេទ​ឃើញ​ថា គ្រែ​នោះ ក្នុង​ជើង​គ្រែ​ជាង​យក​ឈើ​ដែល​មាន​ជាប់​សំបក​មក​ធ្វើ​ជើង​គ្រែ ហើយ​យក​ឈើខ្លឹម​មក​បិទ​ពីលើ ដោយ​ទុក​សំបកឈើ​នៅ​ក្នុង​សសរ​ជើង​គ្រែ ទើប​បង្ក​ឲ្យ​មាន​អមនុស្ស​កើត​ភេទ​នៅ​ថែរក្សា​គ្រែ​នេះ​។ ក្រោយមក​ព្រះ​តេជគុណ ក៏​បាន​ឲ្យ​ជាង​ឆ្កឹះ​យក​សំបកឈើ​ចេញ រួច​បិទ​ឈើ​ជើង​គ្រែ និង​រៀប​តម្លើង​គ្រែ​ឡើង​វិញ ហើយ​សូត្រ​មន្ត​ច​ម្រី​ន​ព្រះ​បរិត​លើករាសី រួច​ឱ្យ​ឯកឧត្តម សម្រាន្ត​បាន​សេចក្តីសុខ​រហូត​មក​។

ព្រះ​តេជគុណ មាន​ថេរៈ​ដីកា​បន្ត​បន្ត​ថា ចំពោះ​គ្រែ​យក្ស​ទី​២ គឺជា​របស់​វរសេនីយ៍ ឡឹ​ក សុខា មន្ត្រី​នគ​បាល​ជាតិ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង ដែល​មាន​ទីលំនៅ​ភូមិ​ស្រះ​វង្ស សង្កាត់​ស្វាយ​រៀង​ក្រុង​ស្វាយ​រៀង​។ ហើយ​លោក​បាន​ទិញ​គ្រែ​យក្ស​១​គ្រឿង​នេះ តាម​អន​ឡាញ​ក្នុង​តម្លៃ​៧,០០០​ដុល្លារ កាលពី​៥​ខែ​មុន​។ គ្រែ​នេះ គឺជា​ប្រភេទ​គ្រែ​យក្ស​ទំហំ​២​ម៉ែត្រ​គុណ​១,៨០​ម៉​ត្រ កម្ពស់​ក្បាល​គ្រែ​១,៨០​ម៉ែត្រ ជា​ប្រភេទ​ឈើ​បេង កម្រាស់​២​តឹក សសរ​ជើង​គ្រែ​៤​តឹក បាន​រៀប​តម្លើង​ដាក់​ក្នុង​បន្ទប់​គេង​។

ព្រះ​តេជគុណ មាន​ដីកា​បន្ត​ថា ហើយ​គ្រែ​ខាងលើ​នេះ​មាន​ហេតុភេទ​ចម្លែក បើ​ប្រពន្ធ​កូនលោក​សម្រាន្ត គឺ​គេង​លក់​ធម្មតា ក៏​ប៉ុន្តែ​នៅ​ពេល​លោក​ជា​ប្តី​ឡើង​គេង​លើ​គ្រែ​ដល់​កណ្តាល​យប់​ក៏​ឃើញ​មាន​ស្ត្រី​២​នាក់​ម្តាយកូន​មក​ដេញ​ឲ្យ​ចុះ​ចេញ​ពីលើ​គ្រែ​។ ដោយ​យល់​ថា មាន​ខ្មោចលង​ក៏​ទៅ​អញ្ជើញលោក​គ្រូអាចារ្យ​ឲ្យ​មក​សូត្រ​បណ្តេញ​អមនុស្ស​ចេញពី​គ្រែ​នោះ​មួយ​លើក​ជា​ពី​លើក​នៅ​តែ​ដដែល ហើយ​យប់​ខ្លះ​ពេល​កំពុង​ដេក​ជាមួយ​ប្រពន្ធ​កូន ស្រាប់តែ​កូនស្រី​អាយុ​៤​ឆ្នាំ ស្ទុះ​ឡើង ហើយ​ស្រែក​ចង្អុលមុខ​ដេញ​ឪពុក​ខ្លួន​ឲ្យ​ចុះ​ចេញ​ពីលើ​គ្រែ គឺ​អមនុស្ស​នោះ​ចូល​ក្នុង​រូប​កូនស្រី រួច​ក្រោក​ចង្អុលមុខ​ឪពុក ហើយ​និយាយ​ថា «​ចុះ​ចេញពី​គ្រែ​យើង​» បន្ទាប់​មក​ក៏​សម្រេចចិត្ត​រុះរើ​គ្រែ​នោះ​យក​ចេញពី​បន្ទប់ ហើយ​ដឹក​យក​ទៅ​ប្រគេន​ព្រះ​គ្រូ​ចៅអធិការ​វត្ត​គយ​ត្របែក​តែ​ម្តង​។ ហើយ​បើ​គិត​មក​ដល់​បច្ចុប្បន្ន​នេះ គឺ​មាន​រយៈពេល​ជិត​៣​ខែ​មក​ហើយ​។

ព្រះ​តេជគុណ យុ​ត្ត​ភិ​រ​ក្ខ័ រឹក សំបូរ រាជាគណៈ​ថ្នាក់​កិត្តិយស និង​ជា​ព្រះ​អនុគណ​ក្រុង​ស្វាយ​រៀង ព្រះ​គ្រូ​ចៅអធិការ​វត្ត​បូ​ទុម​សុ​ផា​នា​រាម ហៅ​គយ​ត្របែក មាន​ថេរៈ​ដីកា​អំពី​ហេតុភេទ​កើតឡើង​នូវ​អមនុស្ស​នេះ បើ​យោង​តាម​គា​ពី អភិធម្ម ព្រះពុទ្ធ​សម្តែង​ថា បើ​មាន​ដើមឈើ​ធំ​ៗ​ទំហំ​មួយ​អោប​ឡើង​ទៅ បើ​ដុះ​ជិត​គ្នា​បួន​ដើម ឬ​គេ​យក​ដើមឈើ​ធំ​នោះ​៤​ដើម​ផ្គុំ​ចូល​គ្នា គឺ​អាច​កើត​មាន​ភេទ​អមនុស្ស​ឡើង នេះ​ជា​ធម្មជាតិ​ពិត​។ ហើយ​ចំពោះ​គ្រែ​០២​គ្រឿង ដែល​មាន​អមនុស្ស​នៅ​ថែរក្សា គឺ​មូលហេតុ​ក្រុម​ជាង​សាង​គ្រែ យក​ឈើ​ធំ​ៗ​មក​ធ្វើ​ជើង​គ្រែ ដោយ​យក​ឈើ​ដែល​ជាប់​សំបក មក​អា​ជ្រៀក រួច​ពុះ​ជ្រៀក​កំណាត់ឈើ​ផ្សេង​មួយទៀត​មក​បិទ​ស្រោប​ពីលើ ដោយ​មិន​បាន​យក​សំបកឈើ​ខាងក្នុង​ចេញ ហើយ​អ្នកទិញ​តាម​អន​ឡាញ​មិន​បាន​ពិនិត្យ​គ្រែ​ឲ្យ​បាន​ច្បាស់ ដោយ​គេ​តម្លើង​រួច​លាបថ្នាំ​មើលទៅ​ថ្មី​ស្អាត​ក៏​ទទួលយក លុះដល់​ពេល​ឡើង​ដេក អមនុស្ស​គេ​ថែរក្សា ជា​ភេទ​ស្រី ទើប​មិន​ឲ្យ​មនុស្ស​ប្រុស​ឡើង​ដេក​លើ​គ្រែ​នោះ​ទេ​។

ព្រះ​តេជគុណ បន្ត​ទៀត​ថា ហើយ​ពេល​យក​មក​ដាក់​នៅ​ក្នុង​កុ​ដ​ដំបូង​ក៏​គ្មាន​អ្នក​ណា​ដេក​បាន​ដែរ ក្មេង​វត្ត​ទៅ​ដេក​លើ​គ្រែ​នោះ​តែងតែ​លង​ដេញ​ចេញ ក៏​ប៉ុន្តែ​ព្រះ​តេ​ជ្ជ​គុណ​បាន​ឲ្យ​ជាង​រុះរើ​គ្រែ​នោះ​យក​សំបកឈើ​នៅ​ខាងក្នុង​ចេញ ហើយ​តម្លើង​ជា​ថ្មី​ទុក​ក្នុង​កុ​ដ​រយៈពេល​៣​ខែ និង​បើកភ្លើង​សូត្រធម៌​រាល់ថ្ងៃ​ទៅ ទំនងជា​អមនុស្ស​យល់​ពី​ធម៌ ទើប​ស្លូត​។ ហើយ​នៅ​ប៉ុន្មាន​ថ្ងៃនេះ លោក​ឲ្យ​កូនសិស្ស​មក​ថ្មី​ម្នាក់​មក​ដេក​លើ​គ្រែ​នេះ​សាកមើល ស្រាប់តែ​ស្ងប់ស្ងាត់​ធម្មតា មិនឃើញ​មាន​លង​ទៀត​ទេ គឺ​ដេក​បាន​៧​យប់​មក​ហើយ គឺ​បានជា​សុខ​។

ព្រះ​តេជគុណ​បញ្ជាក់​ថា ជំនឿ​អរូបី​យ៍ អារក្ស អ្នកតា អមនុស្ស​គឺ​ពិតជា​មាន នៅ​លើ​ភព​ផែនដី​យើង​នេះ ជា​ពិសេស​ខ្មែរ​យើង​អ្នក​កាន់​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា ក៏​មិន​ចោល​ព្រហ្មញ្ញសាសនា​ដែរ មាន​វត្ត​គឺ​មាន​តូប​អ្នកតា និង​តូប​យាយ​ទេព បើ​មិន​ជឿ ក៏​កុំ​ប្រមា​.​ថ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ