ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រវាញ​ជា​មុខម្ហូប​ម្យ៉ាង​ដ៏​មានឱជារស តែ​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​មិន​ស្គាល់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រវាញ ជា​ប្រភេទ​រុក្ខជាតិ​ព្រៃ​ដុះ​នៅ​តំបន់​ភ្នំ តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ជាប់​ព្រំប្រទល់​ប្រទេស​ថៃ ហើយ​ខេត្ត​ដែល​សម្បូរ​ជាងគេ​គឺ​ខេត្តពោធិ៍សាត់ ពិសេស អ្នកស្រុក

រាជធានី​ភ្នំពេញ ៖ ក្រវាញ ជា​ប្រភេទ​រុក្ខជាតិ​ព្រៃ​ដុះ​នៅ​តំបន់​ភ្នំ តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ជាប់​ព្រំប្រទល់​ប្រទេស​ថៃ ហើយ​ខេត្ត​ដែល​សម្បូរ​ជាងគេ​គឺ​ខេត្តពោធិ៍សាត់ ពិសេស អ្នកស្រុក​ភ្នំក្រវាញ ដែល​មាន​វ័យ​ចំណាស់ ប្រាកដជា​ស្គាល់​ច្បាស់​ពី​រុក្ខជាតិ​នេះ ប៉ុន្ដែ​យុវជន​សព្វថ្ងៃ មិន​ថា​អ្នក​កើត​នៅ​ខេត្ត​ដែល​សម្បូរ​រុក្ខជាតិ​នេះ ឬ​រស់នៅ​ទីក្រុង​នោះ​ទេ ភាគតិច​បំផុត​ដែល​ស្គាល់​រុក្ខជាតិ​នេះ តែ​ក៏​មិន​ប្រាកដ​ថា បានដឹង​ពី​អត្ថប្រយោជន៍​របស់​វា​ឡើយ ។

បច្ចុប្បន្ន មាន​អ្នក​រកស៊ី​មួយ​ចំនួន​ដែល​បានដឹង​ពី​អត្ថប្រយោជន៍​នៃ​រុក្ខជាតិ​នេះ កំពុង​ប្រមូល​ទិញ​មក​ធ្វើ​ជា​បន្លែ​សម្រាប់​ផ្គត់ផ្គង់​នៅ​ភោជនីយដ្ឋាន​ល្បី​ៗ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។

អ្នកស្រី គឹ​ម ដា​វ៉​ន ម្ចាស់​ភោជនីយដ្ឋាន កណ្តឹង នៅ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ហាង​របស់​អ្នកស្រី​ទទួល​ការ​ផ្គត់ផ្គង់​ក្រវាញ​ពី​ប្រភព​២​ផ្សេង​គ្នា គឺ​ទី​១ ប្រភព​សំខាន់​មក​ពី​ខេត្តពោធិ៍សាត់ ដែល​ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក​ប្រមូល​អនុ​ផល​ពី​ក្នុង​ព្រៃ និង​មួយ​ច្រក​ទៀត គឺ​ផ្គត់ផ្គង់​នៅ​ខេត្ត​ប៉ៃលិន ។

អ្នកស្រី​បញ្ជាក់​ថា សម្រាប់​ក្រវាញ​ដែល​ផ្គត់ផ្គង់​ពី​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា គឺជា​ក្រវាញ​ធម្មជាតិ ប៉ុន្តែ​សម្រាប់​ក្រវាញ​ដែល​ផ្គត់ផ្គង់​មក​ពី​ខេត្ត​ប៉ៃលិន​នោះ គឺជា​ក្រវាញ​ដាំ​ដុះ​នៅ​តាម​បណ្តោយ​ព្រំដែន ដែល​មាន​ម្ចាស់​កសិដ្ឋាន​ជា​ជនជាតិ​ថៃ ។ សម្រាប់​តម្លៃ​វិញ មិនជា​ធូរ​ថ្លៃ​ប៉ុន្មាន​ឡើយ គឺ​១​គីឡូ​តម្លៃ​ជិត​៤​ម៉ឺន​រៀល ។ នៅ​ប្រទេស​កម្ពុជា រដូវ​ដែល​សម្បូរ​ក្រវាញ គឺ​នៅ​រដូវវស្សា ដោយសារ​តែ​ក្រវាញ​ជា​ប្រភេទ​រុក្ខជាតិ​ដុះ​នៅ​លើ​ភ្នំ និង​ត្រូវការ​សំណើម​ល្អ ប៉ុន្តែ​នៅ​ប្រទេស​ជិតខាង​វិញ គឺ​គេ​មាន​គ្រប់​រដូវ ដោយសារ​តែ​គេ​យក​ក្រវាញ​ទៅ​ដាំ​ដុះ​ជា​លក្ខណៈ​ចម្ការ​ធំ​ៗ​សម្រាប់​ធ្វើ​ជា​អាជីវកម្ម ។

អ្នកស្រី គឹ​ម ដា​វ៉​ន បាន​បញ្ជាក់​ថា ៖«​ក្រវាញ​ជា​រុក្ខជាតិ​ដុះ​នៅ​ព្រៃ​ភ្នំ ហើយ​ត្រូវការ​ទឹក វា​មាន​រសជាតិ​ហឹរ ជា​ពិសេស គឺ​វា​ផ្តល់​រសជាតិ​ឆ្ងាញ់​ខ្លាំង​សម្រាប់​ការ​ធ្វើ​ជាស​ម្លរ​ម្ជូរ​ព្រៃ​សាច់​គោ ។ ប្រភេទ​រុក្ខជាតិ​ក្រវាញ​នេះ គឺថា​យក​ទៅ​ឆា​ក្តៅ​សាច់​គោ និង​សាច់​ព្រៃ គឺ​ឆ្ងាញ់​ជាង​ឆា​ជាមួយ​សាច់​ជ្រូក ឬ​សាច់​មាន់ ។ ប៉ុន្តែ​ដោយសារ​តែ​សាច់​ព្រៃ​គឺ​ហាមឃាត់ ដូច្នេះ​ក្រវាញ គឺជា​មុខម្ហូប​ដ៏​ឆ្ងាញ់​សម្រាប់​សក​ដើម​របស់​វា យក​បណ្តូល​ទៅ​ឆា​ក្តៅ​នឹង​សាច់​គោ » ។

អ្នកស្រី គឹ​ម ដា​វ៉​ន បន្ត​ទៀត​ថា អ្នកស្រី​បានដឹង​អំពី​ក្រវាញ​នៅ​អំឡុង​ឆ្នាំ​២០១០ នៅ​ពេល​ដែល​អ្នកស្រី និង​ក្រុម​គ្រួសារ​ឧស្សាហ៍​ចុះឡើង​ខេត្ត​ប៉ៃលិន ទៅ​មើល​ចម្ការ​នៅ​ទីនោះ​។ អ្នកស្រី​បាន​ឲ្យ​ដឹង​ថា ការ​ពិត ក្រវាញ​ត្រូវ​បាន​យក​ទៅ​ធ្វើ​ម្ហូប​យូរហើយ​នៅ​ប្រទេស​ថៃ តែ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា គឺ​បានដឹង​តិចតួច​បំផុត ។

អ្នកស្រី​បាន​បញ្ជាក់​ថា ៖« ភ្ញៀវ​ដែល​មក​ទទួលទាន​ភាគច្រើន​មិន​ស្គាល់​ក្រវាញ​ទេ អីចឹង គាត់​ទាមទារ​មើល​ដើម​ក្រវាញ​ស្រស់ ការ​បក​ដើម​ក្រវាញ ហើយ​ខ្លះ​ដើរ​ចូល​មើល​ដល់​កន្លែង​ចម្អិន​អាហារ ហើយ​ពួក​គាត់​ទទួលស្គាល់​ថា វា​ពិតជា​មាន​រសជាតិ​ឆ្ងាញ់ ។ សម្រាប់​ភ្ញៀវ​ខ្លះ​ទៀត​អះអាង​ថា ក្រវាញ​មិន​ត្រឹមតែ​យក​ធ្វើ​ម្ហូប​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​អត្ថប្រយោជន៍​ដូច​ជា​ឱសថ ព្រោះ​ពេល​ទទួលទាន​ហើយ គឺ​ដើរខ្យល់​ស្រួល និង​បែកញើស​ស្រួលខ្លួន ។ សម្រាប់​ភ្ញៀវ​ម្នាក់​ទៀត ដែល​មាន​បញ្ហា​មុខជាំ គាត់​ប្រាប់​ខ្ញុំ​ថា ក្រវាញ​គឺ​ល្អ​ណាស់ អាច​ជួយ​បំបាត់​ជាំ​លើ​មុខ​គាត់​ទៀត​ផង​ពេល​ទទួលទាន​យូរ​ៗ​ទៅ ខ្ញុំ​មិនសូវ​ជឿ​ទេ តែ​វា​ជា​ការ​អះអាង​របស់​ភ្ញៀវ » ។

តាម​ពិត ក្រវាញ​មាន​២​ប្រភេទ ដែល​ប្រភេទ​ទី​១ ដើម​របស់​វាស្រ​ដៀង​នឹង​ដើម​ពន្លៃ ឬ​រំដេង​ដែល​អ្នកស្រុក​ដាំ​នៅ​តាម​ផ្ទះ​ដែរ រីឯ​ប្រភេទ​ទី​២ វា​មាន​ដើម​ខ្ពស់​បែកមែក​សាខា​ដូច​ដើមឈើ​ដទៃ​។ ចំពោះ​ប្រភេទ​ទី​១ វា​មាន​ក្លិនក្រអូប​ប្រហើរ និង​រសជាតិ​ហឹរ​ប្រហាត​ៗ អាច​យក​ទៅ​ធ្វើ​ជា​បន្លែ ដូច​ជា ឆា ឬ​ស្ល ហើយ​ធ្វើ​ជា​ឱសថ​ព្យាបាល​ជំងឺ ឬ​ក៏​យក​ទៅ​ផលិត​ជា​ប្រេងខ្យល់ ប្រេងកូឡា និង​ឱសថ​កែរោគ​ផ្សេង​ៗ ។ ចំណែក​ប្រភេទ​ទី​២ អ្នកស្រុក​ច្រើន​តែ​ទៅ​ចាំង​យក​សម្បក​មក​ដាំទឹក​ផឹក ឬ​ចិញ្ច្រាំ​ធ្វើ​ជា​ឱសថ​បុរាណ ។ វា​មាន​ក្លិនក្រអូប​ប្រហើរ​ដូច​ប្រភេទ​ទី​១​ដែរ ។

បច្ចុប្បន្ន ដោយសារ​តែ​មាន​គម្រោង​អភិវឌ្ឍន៍​នានា​ដូច​ជា ដី​សម្បទាន​សេដ្ឋកិច្ច និង​កំណើន​នៃ​ប្រជាសាស្ត្រ បាន​ធ្វើ​ឲ្យ​តម្រូវការ​ផ្ទៃដី​លំនៅ​ឋាន និង​ស្រែ​ចម្ការ​កើនឡើង ក៏​មាន​ក្រុមហ៊ុន ឬ​អ្នក​ភូមិ​ទៅ​កាប់​គាស់​នៅ​តាម​តំបន់​ដែល​រុក្ខជាតិ​នេះ​ដុះ​មួយ​ចំនួន នាំ​ឲ្យ​បាត់បង់​ជា​បណ្ដើរ​ៗ ។

ទោះបី​យ៉ាងណា បើ​តាម​អតីត​នាយ ទាហាន​មួយ​រូប​ដែល​ធ្លាប់​ឈរជើង​នៅ តំបន់​ជួរ​ភ្នំក្រវាញ អស់​រយៈពេល​ជាង​២០​ឆ្នាំ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​១៥ សីហា ថា មាន​តែ​ការ​ឈូស​ឆាយដី​សម្បទាន​សេដ្ឋកិច្ច និង​សង្គមកិច្ច​នៅ​តាម​ព្រៃ​ក្បែរ​ៗ​ទេ​ដែល​ប៉ះពាល់​រុក្ខជាតិ​នេះ ប៉ុន្តែ​បើ​ក្នុង​ព្រៃ​ជ្រៅ គ្មាន​អ្នកស្រុក​ទៅ​ដល់ វា​សម្បូរ​នៅឡើយ ។
លោក អ៊ួ​ង ខាន់ អតីត​នាយទាហាន​កងពល​លេខ​១៤ នៃ​យុទ្ធ​ភូមិភាគ​ទី​៥ ដែល​ធ្លាប់​ឈរជើង​នៅ​តំបន់​ជួរ​ភ្នំក្រវាញ បាន​ឲ្យ​ដឹង​ថា កាលពី​សម័យ​សង្គ្រាម លោក​ឈរជើង​នៅ​តំបន់​នោះ រុក្ខជាតិ​នេះ​សម្បូរ​ណាស់ ។ លោក​ថា ៖«​ក្រវាញ​ប្រភេទ​ដូច​ពន្លៃ ឬ​រំដេង​នេះ អ្នកស្រុក​ច្រើន​ទៅ​ដក​យក​ទាំង​ដើម​ទាំង​ប្ញ​ស និង​ស្លឹក មក​ហាន់​ចិញ្ច្រាំ​ហាលថ្ងៃ ដាំទឹក​ផឹក ។ ចំណែក​ប្រភេទ​ម្យ៉ាងទៀត វា​មាន​ដើម​ខ្ពស់ និង​មែក​សាខា​ដូច​ដើមឈើ​ដទៃ​ដែរ ភាគច្រើន​គេ​ចាំង​សម្បក​យក​ទៅ​ហាលថ្ងៃ ដាំទឹក​ផឹក​ដូច​សម្បក​ស្ដៅ​ដែរ តែ​វា​មាន​ក្លិន​ឈ្ងុយ​ប្រហើរ​ដូច​ដើម​ទេ​ពិ​រូ​អីចឹង » ។

នាយទាហាន​ដែល​ទើប​ចូល​និវត្តន៍​រូប​នេះ​បន្ដ​ថា ៖« បើ​និយាយ​ពី​ក្រវាញ​ប្រភេទ​ទី​១ ដែល​មាន​ដើម​ដូច​ពន្លៃ ឬ​រំដេង​នេះ នៅ​ក្បែរ​ភូមិ វា​ហិនហោច​ខ្លះ​មែន ដោយសារ​គេ​យក​ត្រាក់ទ័រ​ទៅ​ឈូស​ឆាយ ឬ​អ្នកស្រុក​កាប់​ឆ្ការ​ធ្វើស្រែ​ចម្ការ ប៉ុន្ដែ​បើ​នៅ​ព្រៃ​ជ្រៅ​សម្បូរ​ណាស់ គ្មាន​អ្នកស្រុក​ទៅ​ដល់​ទេ ។ ឲ្យ​តែ​ដល់​រដូវប្រាំង​មក​ដល់ រុក្ខជាតិ​នេះ​ងាប់ មើលទៅ​ពណ៌​លឿង​ដូច​យើង​មិន​បាន​ស្រោច​ទឹក​អីចឹង តែ​ពេល​ដល់​រដូវវស្សា វា​ចាប់ផ្ដើម​ចេញ​ពន្លក​វិញ វា​មិន​ខុស​ពី​មើម​ពន្លៃ ឬ​រំដេង​នោះ​ទេ » ។

លោក​បញ្ជាក់​ថា ៖« តំបន់​ដែល​រុក្ខជាតិ​នេះ​ដុះ​សម្បូរ​ជាងគេ គឺ​នៅ​តាម​បណ្ដោយ​ជួរ​ភ្នំក្រវាញ មាន​ដូច​ជា នៅ​ភ្នំ​ថ្មកែវ ភ្នំ​ថ្ម​ខៀវ និង​ភ្នំ​ថ្ម​យ៉​ន ជាដើម គឺ​សម្បូរ​ណាស់ មិនដឹង​យក​ទៅ​ណា​អស់​ទេ » ។

យ៉ាងណា​ក៏​ដោយ បើ​ទោះបីជា​រុក្ខជាតិ​នេះ​មាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង ប៉ុន្តែ​យុវជន​-​យុវនារី​ជា​ទូទៅ​ធ្លាប់​ឮ​តែ​ឈ្មោះ​ស្រុក  «​ភ្នំក្រវាញ​» ប៉ុណ្ណោះ ស្ថិត​នៅ​ខេត្តពោធិ៍សាត់ ប៉ុន្តែ​មិន​ស្គាល់​ដើម​ក្រវាញ​ទេ ដោយសារ​តែ​បច្ចុប្បន្ន វា​ជា​សម័យ​ជឿនលឿន និង​ជឿជាក់​ទៅ​លើ​ឱសថ​សាស្ត្រ​ភាគច្រើន ។ ដូច្នេះ​ហើយ​បានជា​មិនសូវ​ចាប់អារម្មណ៍​ពី​រុក្ខជាតិ​ធ្វើ​ជា​ឱសថ​បុរាណ​សម្រាប់​ព្យាបាល​ជំងឺ ដូច​ជាដើម​ក្រវាញ​នេះ ។

អ្នកស្រី គឹ​ម ដា​វ៉​ន បាន​ឲ្យ​ដឹង​ថា ក្រវាញ​ធម្មជាតិ​មាន​រសជាតិ​ហឹរ​ឆ្ងាញ់​ជាង​ក្រវាញ​ដែល​ដាំ​ដុះ​នៅ​ចម្ការ​របស់​ជនជាតិ​ថៃ ។ អ្នកស្រី​ជំរុញ​លើកទឹកចិត្ត​ឲ្យ​បងប្អូន​រស់នៅ​តំបន់​ព្រៃ​ភ្នំ​ថា គួរតែ​ចាប់ផ្តើម​បើក​ជា​ចម្ការ​ដាំ​ដុះ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ផង​ដែរ ៕