ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង់​ហ្កា​រ៉ា​ស​សាំង​រំលោ.ភ​លើ​ដី​ចំណី​ផ្លូវ សង្ស័យ​អត់​ច្បាប់​អាជ្ញាធរ​មិន​អើពើ

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ទីតាំង​ហ្កា​រ៉ា​ស​សាំង​មួយ​កន្លែង ដែល​កំពុង​សាងសង់ និង​បាន​ជីកដី​កប់​ស៊ីទែន​ចំនួន​ពីរ​រួច​ទៅ​ហើយ

ខេត្តព្រៃវែង ៖ ទីតាំង​ហ្កា​រ៉ា​ស​សាំង​មួយ​កន្លែង ដែល​កំពុង​សាងសង់ និង​បាន​ជីកដី​កប់​ស៊ីទែន​ចំនួន​ពីរ​រួច​ទៅ​ហើយ នៅ​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ​ជិត​ក្បាលស្ពាន​ព្រែក​តាសរ ជាប់មាត់​ទន្លេ ស្ថិត​ក្នុងភូមិ​ព្រែក​ឈ្មោះ ឃុំ​ព្រែក​តាសរ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង ត្រូវ​បាន​គេ​សង្ស័យ​ថា សាងសង់​ដោយ​គ្មាន​ច្បាប់ និង​មិនឃើញ​មាន​អាជ្ញាធរ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណាមួយ​អើពើ​ចុះ​ទៅ​ឃាត់​នោះ​ឡើយ​។ ទ​ង្វើ​នេះ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​រិះគន់​ពី​សំណាក់​មហាជន​ទូទៅ​ថា ប្រហែលជា​ថៅ​ហ្កា​រ៉ា​ស​សាំង​នេះ​ជា​អ្នកមាន​លុយ​មាន​អំណាច និង​ផ្តល់​លាភសក្ការៈ​ដល់​អាជ្ញាធរ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​រួច​អស់ហើយ ទើប​ដំណើរការ​សាងសង់​បាន​ដោយ​រលូន​រហូត​មក​ទល់​ពេល​នេះ​។

បើ​ទោះបី​ដឹង​ថា ការ​សាងសង់​នេះ​រំលោភ​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ​ក្បែរ​ផ្សារ​ជិត​គល់​ស្ពាន និង​ជាប់មាត់​ទន្លេ​វា​អាច​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ទៅ​ថ្ងៃក្រោយ​ក៏​ដោយ​ក៏​ពួក​គេ​មិន​ឈឺក្បាល​វិលមុខ​ដែរ សំខាន់​ឲ្យ​តែ​បាន​ប្រ​យោ​ជ​ដាក់​ហោប៉ៅ​។ ម្យ៉ាងវិញទៀត ទីតាំង​ដែល​កំពុង​តែ​សាងសង់​ហ្កា​រ៉ា​ស​សាំង​នេះ​មាន​ទំហំ​តូច​ចង្អៀត​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុវត្ថិភាព​របស់​ពួក​គាត់ ព្រោះ​ឃើញ​គេ​ដាក់​ស៊ីទែន​សាំង​ធំ​ៗ​ដាក់​កប់​ទៅ​ក្នុង​ដី​ក្បែរ​សំយាបផ្ទះ​របស់​ពួក​គាត់​ខ្លាច​ផ្ទុះ ឬ​មាន​អគ្គិភ័យ​ឆាបឆេះ​ដោយ​ប្រការ​ណាមួយ​អាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ជាក់​ជា​មិន​ខាន​ឡើយ​។ បងប្រុស​ម្នាក់​ឈ្មោះ ឡុ​ង ជា​អ្នកធ្វើការ​ងារ​ក្បែរ​នោះ​បាន​ឲ្យ​ដឹង​ថា ដី​ដែល​គេ​ធ្វើ​ហ្កា​រ៉ា​ស​នោះ​មាន​ទំហំ​តូច​ចង្អៀត​មែនទែន ក្បាល​៨​ម៉ែត្រ និង​បណ្ដោយ​១២​ម៉ែត្រ​តែ​ប៉ុណ្ណោះ តែ​បែរជា​មានការ​អនុញ្ញាត​ឲ្យ​ធ្វើ ដោយ​មិន​សិក្សា​ពី​ផល​ប៉ះពាល់​ដល់​អ្នក​រស់នៅ​ជុំវិញ​ផង។

ពិសេស​ទីតាំង​ធ្វើ​នោះ​នៅ​លើ​ដី​ចំណី​ផ្លូវ​ចំ​ផ្លូវកែង គឺ​ងាយ​បង្ក​ឲ្យ​មានការ​ស្ទះចរាចរណ៍​ដល់​អ្នក​ធ្វើ​ដំណើរ​ដឹក​ទំនិញ​ផ្សេង​ៗ និង​អាច​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​យថាហេតុ​ទៀត​ផង ព្រោះតែ​ផ្លូវកែង​បាំង​មើល​គ្នា​មិនឃើញ​រវាង​អ្នក​ធ្វើ​ដំណើរ​ឆ្លងស្ពាន​ពី​លិច​មក​កើត និង​អ្នក​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ម្ចាស់​ហ្កា​រ៉ា​ស​សាំង​ដែល​កំពុង​សាងសង់​នោះ​ឈ្មោះ ប៊ុត ចាន់​ថន មាន​ទីលំនៅ​ភូមិ​ខាងលើ​ដែល​ជា​សែស្រឡាយ​ជាប់សាច់​ញាតិ​ជាមួយ​ឧកញ៉ា​ម្នាក់​រស់នៅ​ឯ​ភ្នំពេញ ថែម​ទាំង​មានកូន​ប្រុស​ម្នាក់​ជា​មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ ដែល​មាន​ចរិត​កោងកាច នរណា​ក៏​ខ្លាច​គេ​ដែរ​។ ហេតុ​ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់នៅ​ជុំវិញ​មិន​ហ៊ាន​ហើបមាត់​តវ៉ា ឬ​និយាយ​អ្វី​ឡើយ បាន​ត្រឹមតែ​លួច​ខ្សឹបខ្សៀវ​ដាក់​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​តែ​ប៉ុណ្ណោះ​។

ពាក់​ព​ន្ធ័​នឹង​ការ​សាងសង់​ហ្កា​រ៉ា​ស​សាំង​លើ​ដី​ចំណី​ផ្លូវ​នេះ​លោក ឡាយ ថុ​ង​លី មេឃុំ​ព្រែក​តាសរ មិន​អាច​ធ្វើការ​ទំនាក់ទំនង​បាន​ទេ​ព្រោះ​ទូរ​សព្ទ័​របស់​លោក​ខ​ល​មិន​ចូល​។ ចំណែក​លោក សួន ម៉ា​លី​ន អភិបាលស្រុក​ពោធិ៍​រៀង បាន​ឲ្យ​ដឹង​ថា លោក​មិន​បានដឹង​ទេ​រឿង​នេះ​ហើយ​ក៏​មិន​ទាន់​ឃើញ​មានច្បាប់​អ្វី​ដែរ តែ​លោក​នឹង​ចុះ​ទៅ​ពិនិត្យ​។ រីឯ​លោក ជា កក្កដា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តព្រៃវែង មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ទេ​ជុំវិញ​បញ្ហា​នេះ​ព្រោះ​ទូរ​សព្ទ័​ចូល​ហើយ​លោក​បាន​ចុច​បិទ​៕