ខេត្តកំពត ៖ ដោយទទួលបញ្ជាពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដើម្បីរៀបចំសោភ័ណភាពសាងសង់ផ្លូវតំបន់ឆ្នេរឲ្យហើយរួចរាល់នៅមុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ សម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្តនៅតាមតំបន់ឆ្នេរនាទឹកដីក្រុងកំពត ។

លុះនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្លាំងចម្រុះរបស់ក្រុមការងាររដ្ឋបាលក្រុងកំពត ដឹកនាំដោយលោក អែត សារិទ្ធ អភិបាលរងក្រុងកំពត និងមានការចូលរួមពីមន្ត្រីជំនាញសុរិយោដីខេត្ត-ក្រុង កងកម្លាំងប្រដាប់អាវុធ កងរាជអាវុធហត្ថក្រុងកំពត និងកម្លាំងអធិការនគរបាលក្រុងកំពត បានចូលរួមក្នុងការចុះអនុវត្តបញ្ជារបស់ឯកឧត្តមអភិបាលខេត្តនារសៀលថ្ងៃនេះ។ ក្នុងការចុះអនុវត្តបញ្ជាពីឯកឧត្តមនារសៀលនេះ ដោយមានសំណង់មួយខ្នងសង់លើដីផ្លូវសាធារណៈ ដែលសង់អំពីឥដ្ឋ ដំបូលប្រក់ស័ង្កសី ត្រូវបានក្រុមការងារយកគ្រឿងមករុះរើទាំងស្រុងផងដែរ។

បើតាមលោក ងួន សារឿន ចៅសង្កាត់កំពង់បាយ បានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថា សំណង់រឹងមួយខ្នងនេះ អាជ្ញាធរបានជូនដំណឹងឲ្យរុះរើដោយខ្លួនឯង២ទៅ៣ដងរួចមកហើយ លុះចុងក្រោយនេះ រដ្ឋបាលខេត្តក៏បានជូនដំណឹងឲ្យម្ចាស់សំណង់រុះរើដោយខ្លួនឯង ដោយទុកឲ្យរយៈពេល៣ខែ ព្រមទាំងចុះកិច្ចសន្យាព្រមរុះរើដោយខ្លួនឯងទៀតផង។ តែផ្ទុយទៅវិញ ម្ចាស់សំណង់ខាងលើ មិនត្រឹមតែមិនគោរពតាមការជូនដំណឹង និងកិច្ចសន្យារបស់រដ្ឋបាលក្រុង និងខេត្តប៉ុណ្ណោះទេ ថែមទាំងបន្តសង់រោងជាប់នឹងសំណង់ដែលរដ្ឋបាលក្រុង និងខេត្ត ឲ្យរុះរើនេះថែមទៀតផង ទើបឯកឧត្តមអភិបាលខេត្ត បញ្ជាឲ្យក្រុមការងារយកគ្រឿងចុះទៅរុះរើតែម្តង។

លោកចៅសង្កាត់ឲ្យដឹងទៀតថា មុននឹងរុះរើភូមិ-សង្កាត់ គឺក្រុមការងារដែលចុះអនុវត្តតាមបញ្ជារបស់លោកអភិបាលខេត្តនោះ បានសំណូមពរដល់ម្ចាស់សំណង់ឲ្យយកអីវ៉ាន់ និងសម្ភារៈប្រើប្រាស់ចេញពីក្នុងផ្ទះទាំងអស់ តែម្ចាស់សំណង់នោះមិនព្រមយកសម្ភារៈដែលនៅក្នុងផ្ទះនោះចេញទេ ដូចជា ៖ តុ កៅអី និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតជាដើម គឺត្រូវគ្រឿងចក្រវា.យកម្ទេចកប់ក្នុងគំនរឥដ្ឋទាំងអស់តែម្តង។

ជុំវិញករណីខាងលើនេះ ភ្នាក់ងារយើងមិនបានសុំការបំភ្លឺពីម្ចាស់សំណង់ខាងលើនោះទេ ដោយពេលក្រុមការងារកំពុងរុះរើនោះ គឺមិនមានឃើញម្ចាស់សំណង់មានវត្តមាននៅទីនោះឡើយ ហើយក៏គ្មានលេខទូរស័ព្ទរបស់ម្ចាស់សំណង់ខាងលើនេះ ដើម្បីសុំការបំភ្លឺនោះទេ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព៕



ចែករំលែកព័តមាននេះ