ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​សាទរ​​ខេត្តស្វាយរៀង​ដែលជា​ខេត្ត​អស់​គ្រាប់​​មីន

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២០ កុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ខេត្តស្វាយរៀង​ជា​ខេត្ត​អស់​មីន…

ខេត្តស្វាយរៀង​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២០ កុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ខេត្តស្វាយរៀង​ជា​ខេត្ត​អស់​មីន ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​។

ឯកឧត្តម ​ម៉ែ​ន ​វិបុល អភិបាលខេត្ត​មាន​ប្រសាសន៍​ថា ពិធី​ប្រកាស​ខេត្ដស្វាយរៀង​ជា​ខេត្ដ​អស់​មីន នា​​ថ្ងៃនេះ ជា​សញ្ញា​វិជ្ជមាន​មួយ​បន្ថែម​ទៀត បន្ថែម​លើ​ការងារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សក្ដា​នុ​ពល​របស់​ខេត្ដ ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ពី​អ្នក​វិនិយោគ​មក​បណ្ដាក់ទុន​បង្កើត​រោងចក្រ សហគ្រាស​ជា​បន្ដបន្ទាប់ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ខេត្ដស្វាយរៀង មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ជីវភាព​ប្រជាជន​កាន់តែ​ល្អ​ប្រសើរ កាត់​បន្ថយ​បានជា​អតិបរមា នៃ​ការ​ធ្វើ​ចំណាកស្រុក ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅ​ខេត្ត ។

ឯកឧត្តម​មាន​ប្រសាសន៍​ថា ក្នុង​នាម​ រដ្ឋបាល​ខេត្ដមាន​សុទិដ្ឋិនិយម​ថា ការ​ប្រកាស​ខេត្ដស្វាយរៀង ជា​ខេត្ដ​អស់​មីន នឹង​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ អាច​ប្រើប្រាស់​ដីធ្លី​របស់​ខ្លួន​សម្រាប់​ការងារ​បង្ក​បង្កើន​​ផល​ឲ្យ​អស់​លទ្ធភាព ប្រកបដោយ​សុវត្ថិភាព លុប​បំបាត់​ភាព​ភ័យ​ខ្លាច​នានា ការ​គំរាម​កំហែង​ផ្សេង​ៗ ដែល​អាច​បង្ក​ឡើង​ដោយសារ​មីន​ដែល​មាន​កប់​ក្នុង​ដី ហើយ​អ្នក​វិនិយោគ​នឹង​កាន់តែ​មាន​ក្ដី​រីករាយ និង​ទំនុកចិត្ដ ក្នុង​ការ​ពង្រីក​សកម្មភាព​អាជីវកម្ម​របស់​ខ្លួន នៅ​តាម​ភូមិសាស្ដ្រ​នានា​ក្នុង​ខេត្ដ ស្រប​ទៅ​នឹង​ចក្ខុវិស័យ​របស់​រដ្ឋបាល​ខេត្ត​ក្នុង​ការ​ពង្រីក​វិសាលភាព នៃ​ការ​វិនិយោគ​នានា​ដែល​មានការ​ប្រមូលផ្ដុំ​នៅ​ក្នុង​តំបន់​ភូមិសាស្ត្រ​តែ​មួយ ឲ្យ​មានការ​រាយ​ប៉ាយ​ទៅ​តំបន់​ផ្សេង​ៗ​ទៀត​នៅ​តាម​បណ្ដា​ក្រុង ស្រុក​នៅ​ទូ​ទាំង​ខេត្ត ។​

លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន​សំ​អន បាន​ថ្លែងអំណរគុណ​ដល់​បណ្តា​ប្រទេស​ជា​មិត្ត ដៃគូរ​អភិវឌ្ឍ អង្គការ​ជាតិ អន្តរជាតិ និង​សប្បុរសជន​នានា ដែល​តែងតែ​ជួយ​ដល់​រាជរដ្ឋាភិបាល និង​ថ្លែង​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ជាតិ​-​អន្តរជាតិ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក របស់​អាជ្ញាធរ​កម្ពុជា គ្រប់គ្រង​សកម្មភាព​កំចាត់​មីន និង​សង្គ្រោះ ជន​ពិការ​ដោយសារ​មីន (​អាជ្ញាធរ​មីន​) ក្រោម​ការ​ដឹកនាំ​របស់ ឯកឧត្តម ទេស​រដ្ឋមន្ត្រី លី ធុ​ជ អនុប្រធាន​ទី​១ តាម​ការ​ច​ង្អុ​រ​បង្ហាញ​ពី​សំណាក់ សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន បាន​បំពេញការងារ​ទទួល​ជោគជ័យ ។

តាម​របាយការណ៍​របស់ ឯកឧត្តម ទេស​រដ្ឋមន្ត្រី លី ធុ​ជ បាន​ឲ្យ​ដឹង​ថា ខេត្តស្វាយរៀង មាន​ប្រតិបត្តិ​ករ​បាន​ធ្វើការ​បោសសម្អាត​ទាំង​ចម្ការ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក្នុង​ទំហំ​ផ្ទៃដី​សរុប​ចំនួន ៤១​គីឡូម៉ែត្រ​ក្រឡា ស្មើនឹង ៤១៩ ចម្ការ​មីន​/​គ្រាប់ ដោយ​រក​ឃើញ និង​បាន​កំទេច​ចោល​មីន​ប្រឆាំង​មនុស្ស​ចំនួន ៣.៥៦៩​គ្រាប់​មីន ប្រឆាំង​រថក្រោះ​ចំនួន ១៣២​គ្រាប់ និង​សំណល់ ជាតិ​ផ្ទុះ​ផ្សេង​ទៀត​ចំនួន ៧១,៨៤៣​គ្រាប់ ។

ជាមួយ​គ្នា​នេះ ក្រោម​ការ​គាំទ្រ​របស់​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន​នៅ​ខេត្តស្វាយ​រៀង មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​(​ស៊ី​ម៉ាក់​) បាន​ធ្វើការ​បោសសម្អាត​មីន​ចុង​ក្រោយ និង​ប្រកាស​ជា​ខេត្ត​អស់​មីន​នា​ថ្ងៃនេះ ក្នុង​ទំហំ​ផ្ទៃដី​សរុប​ចំនួន ១២​គីឡូម៉ែត្រ​ក្រឡា ស្មើនឹង ១៣៩ ចម្ការ​មីន ដោយ​រក​ឃើញ និង​បាន​កំទេច​ចោល​មីន​ប្រឆាំង​មនុស្ស​ចំនួន ១,០២៣ គ្រាប់ និង​សំណល់​​ជាតិ​ផ្ទុះ​ផ្សេង​ទៀត​ចំនួន ២៩៩​គ្រាប់ ។ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​បន្ត​ទៀត​ថា ទោះបីជា​ខេត្តស្វាយរៀង​បាន​ប្រកាស​ថា​អស់​មីន និង​ក្លាយជា​ខេត្ត​ទី ៨ នៅ​ទូ​ទាំង​ប្រទេស យ៉ាង​ណា​ក៏​ដោយ លោក​ជំទាវ បាន​អំពាវនាវ​ដល់​ប្អូន​ៗ​ក្មួយ​ៗ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​តាម​តំបន់​នៅ​មាន​ហានិភ័យ​ដោយសារ​គ្រាប់​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម សូម​ចូលរួម​អនុវត្ត​ដូច​ខាងក្រោម​៖

១.​បើ​ឃើញ​គ្រាប់​មីន ឬ​វត្ថុ​អ្វី​ដែល​សង្ស័យ​ថា​ជា​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម សូមកុំ ប៉ះពាល់ កុំ​ដំ កុំ​ដុត កុំ​កាយ និង​កុំ​គប់​លេង ព្រោះ​វា​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់ ធ្លាក់ខ្លួន​ពិការ ឬ​បាត់បង់​ជីវិត ហើយ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន ឬ​អ្នក​បោសសម្អាត​មីន​ដែល​នៅ​ជិត​បំផុត ។ ២.​ហាម​ទិញ លក់ រក្សា​ទុក ឬ​កែ​ច្នៃ​គ្រាប់​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដែល​ជា អំពើ​ល្មើសច្បាប់​។​៣.​កុំ​ប្រើប្រាស់​ដី និង​កុំ​ចូល​ក្នុង​តំបន់​ដែល​មិន​ស្គាល់​ភូមិសាស្ត្រ​ច្បាស់ ឬ​សង្ស័យ​ថា​មាន មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ។ ​បន្ទាប់​មក ​លោក​ជំទាវ​បាន​ផ្តល់​ថវិការ​ជូន​វរៈនារី​ដោះ​មីន​ខេត្តស្វាយរៀង​ដែល​ពិការ​ពេល​ប្រតិបត្តិការ​ដោះ​មីន​ក្រោយ​ថ្ងៃ​រំដោះ​ឆ្នាំ​១៩៧៩ ផង​ដែរ​​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ