ខេត្តកែប ៖ នៅក្នុងពិធីផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ និងកំណត់ឱសានវាទនៃការផលិតការ ជួញដូរ រក្សាទុក និងលួចប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការតំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាននៃគណៈអភិបាលខេត្តកែប។

ក្នុងពិធីផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការបញ្ឈប់ និងកំណត់ឱសានវាទ និងមានការដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ពេលនេះ លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តកែប បានរាយការណ៍ថា៖ ការបង្ក្រាបបទល្មើសក្នុងឆ្នាំ២០២២កន្លងមកមាន ២៥ករណី ក្នុងនោះ មានលបកន្ទុយកណ្តុរ១១ករណី ការនេសាទរួមផ្សំមានទុយោមុជខ្យល់៩ករណី ដកបានអាំងម៉ូទ័រ ៣ករណី រឹបអូសឧបករណ៍ខុសច្បាប់១ករណី និងបង្ក្រាបការដឹកជញ្ជូនផលនេសាទគ្មានច្បាប់១ករណី។

មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានលើកឡើងថា៖ ការរឹបអូសឧបករណ៍ខុសច្បាប់យកមកដុតបំផ្លាញចោលនាពេលនេះ គឺចង់អោយបងប្អូនប្រជានេសាទភ្ញាក់រលឹកនិងងាកមករកទទួលទានរបរនេសាទដោយស្របច្បាប់វិញ ព្រោះការនេសាទដោយប្រើឧបករណ៍ខុសច្បាប់អាចធ្វើអោយប៉ះពាល់ បាត់បង់ធនធានជីវៈចំរុះដែលមាននៅក្នុងបាតសមុទ្រ ហើយបងប្អូនប្រជានេសាទដែលប្រើឧបករណ៍ខុសច្បាប់ អាចនិងមានទោសទាន់ពី៣-៥ឆ្នាំទៀតផង។ ដូច្នេះឯកឧត្តមសូមអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ត្រូវបញ្ឈប់ការនេសាទដោយប្រើឧបករណ៍នេសាទខុសច្បាប់ ហើយបើបងប្អូនមានឧបករណ៍នេសាទខុសច្បាប់ទុកនៅក្នុងផ្ទះសូមបងប្អូនស្មាកចិត្តយកមកប្រគល់ជូនអាជ្ញាធរក្នុងមូលដ្ឋាដើម្បីធ្វើការដុតបំផ្លាញចោល។
ឯកឧត្តម នុត ច័ន្ទសុខា បានសំណូមពរដល់រដ្ឋបាលខេត្ត មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋានសូមបន្តអនុវត្តយកចិត្តទុកដាក់លើស្មារតី សេចក្តីជូនដំណឹងលេខ ២៧៣៦ កសក របស់ក្រសួងកសិកម្មចុះថ្ងៃទិ៥ ខែមេសា ឆ្នាំ២០២២ ស្តីពីវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ និងជលផល ហើយសូមអោយបងប្អូនប្រជានេសាទចូលរួមបន្ត៖

១-សូមក្រុមការងារបន្តផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ០២៣/២៣ សជណ របស់រដ្ឋបាលខេត្ត ស្តីពីការបញ្ឈប់ និងការកំណត់ឱសានវាទនៃការផលិត ជួញដូរ រក្សាទុក និងលួចប្រើប្រាសឧបករណ៍នេសាទខុសច្បាប់ជូនដល់បងប្អូនប្រជានេសាទទាំងអស់ដែលរស់នៅក្នុងខេត្តកែប និងតំបន់ដទៃទៀត។
២-សូមបងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរនេសាទ ចូលរួមយកចិត្តទុកដាក់អនុវត្តនៅសេចក្តីជូនដំណឹងលេខ០២៣/២៣ សជណ របស់រដ្ឋបាលខេត្ត ស្តីពីការបញ្ឈប់ និងការកំណត់ឱសានវាទនៃការផលិតការ ជួញដូរ ការរក្សាទុក និងលួចប្រើប្រាសឧបករណ៍នេសាទខុសច្បាប់ អោយបានជាដាច់ខាតបន្ទាប់ពីក្រុមការងារបានធ្វើការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន និងចុះណែនាំដល់ទីតាំងហើយនោះ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលប្រកបរបរនេសាទខុសច្បាប់សូមងាកមកប្រកបរបរនេសាទស្របច្បាប់វិញបន្ទាប់ពីស្តាប់ការផ្សព្វផ្សាយនិងជូនដំណឹងក្នុងអង្គពិធីនាព្រឹកនេះក៏មានបងប្អូនប្រជានេសាទយើងបានយល់ច្បាស់ពីផលប៉ះពាល់និងការប្រើឧបករនេសាទខុសច្បាប់ហើយបងប្អូនក៏បានប្រគល់ឧបករនេសាទខុសច្បាប់ដែលលាក់ទុកប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ជូនមន្ត្រីជំនាញដើម្បីធ្វើការដុតកំទេចចោលនាពេលនេះផងដែរ ៕
ចែករំលែកព័តមាននេះ