ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិចទូក នៅស្ទឹងត្រែង រកឃើញស.ព ៣នាក់ តែបន្តបាត់​ខ្លួនម្នាក់!

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ​ប្រជាពលរដ្ឋមួយគ្រួសារ មានក្មេងចាស់ ចំនួន ៨នាក់ បានធ្វើដំណើរតាមទូកតូចមួយគ្រឿង ចេញពីភូមិកោះកី…

ខេត្តស្ទឹងត្រែង៖ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ​ប្រជាពលរដ្ឋមួយគ្រួសារ មានក្មេងចាស់ ចំនួន ៨នាក់ បានធ្វើដំណើរតាមទូកតូចមួយគ្រឿង ចេញពីភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយ​សែន​ជ័យ ឆ្លងកាត់ទន្លេមេគង្គ ដើម្បីទៅប្រកបមុខរបរ នៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុង ស្ទឹងត្រែង។ លុះមកដល់ចំណុចកន្ទុយកោះហាន ក្នុងឃុំកោះស្នែង ក៏បានលិចទូក ហើយមនុស្ស ៤នាក់ រួចផុតពីគ្រោះថ្នាក់ និងបាត់ខ្លួនមនុស្ស ៤នាក់។

រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈនេះ សាកស.ពចំនួន ៣នាក់ ត្រូវបានរកឃើញ និងម្នាក់ទៀត កំពុងត្រូវកម្លាំងសមត្ថកិច្ច បន្តស្វែងរក។

ដើម្បីចូលរួម​រំលែកទុក្ខ និងរំលែកការលំបាករបស់ក្រុមគ្រួសារជនរងគ្រោះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិក សមាជិកា អជ្ញាធរមូលដ្ឋាន បាននាំយកអំណោយសប្បុរសធម៌ ជាសម្ភារៈ និងបច្ច័យទៅជូនគ្រួសារសព នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បាន​នាំនូវប្រសាសន៍​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព ដែលត្រូវបាត់បង់ សាច់ញាតិ​ក្នុងពេលតែមួយ។

ដើម្បីចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសពរងគ្រោះ សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បាននាំយកនូវសម្ភារៈ គ្រឿងឧបភោគបរិភោគ រួមមានអង្ករ១០០គីឡូក្រាម ត្រីខ២យួ មី៤កេស ឃីត២ ទឹកត្រី២យួ ទឹកស៊ីអ៊ីវ២យួ ទឹកសុទ្ធ ៤យួ និងទទួលបាននូវថវិការពីសាកាកបាទក្រហមកម្ពុជាចំនួន ២លានរៀល ថវិកា​សាលាខេត្តចំនួន ២លានរៀល ថវិការបស់សាលាក្រុងចំនួន ១លានរៀល និងថវិកាផ្ទាល់ខ្លួនរបស់លោក​ឧត្តមសេនីយ៍ទោ អ៊ូត ស៊ីវុត្ថា ស្នងការនគបាលខេត្ត ចំនួន ១លានរៀល ជូនក្រុមគ្រួសារសព។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត ក៏បានផ្តល់នូវថវិកាចំនួន ៣លានរៀល ជូនក្រុមកងកម្លាំង និងប្រជាការពារ ដែលបានប្រឹងប្រែង ស្វែងរកស.ពជនរងគ្រោះផងដែរ។

លោក ស្វាយ សំអ៊ាង ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ អំពាវនាវដល់​ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេ និងធ្វើដំណើរតាមផ្លូវទឹក ត្រូវបង្កើនការប្រុងប្រយ័ត្ន​ឲ្យបានខ្ពស់ និងត្រូវនាំគ្នាប្រើប្រាស់អាវពោងការពារ ដើម្បីសុវត្ថិភាព ក្នុងការធ្វើដំណើរ​។ ម៉្យាង ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នឲ្យបានកាន់តែខ្លាំងបន្ថែមទៀត និងមិនគួរធ្វើដំណើរតាមផ្លូវទឹក អំឡុងពេលដែលអាកាសធាតុ មិនល្អ ដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ដោយប្រការណាមួយ ដែលមើលមិនឃើញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ