ខេត្តស្ទឹងត្រែង ៖ គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ស.ពគ្រួសារជនរងគ្រោះដែលលិចទូកនៅទន្លេមេគង្គនោះ ត្រូវបានប្រទះឃើញជាបន្តបន្ទាប់សរុបចំនួន៣នាក់ នៅសេសសល់ម្នាក់ចុងក្រោយទៀត ដែលជាក្មេងប្រុសអាយុ៨ឆ្នាំ។
បើតាមសមត្ថកិច្ចឱ្យដឹងនៅមុននេះបន្តិចថា សាកស.ពដែលត្រូវកម្លាំងចម្រុះជិះទូករុករកប្រទះឃើញ គឺបានរសាត់អណ្តែតមកដល់ព្រំប្រទល់កោះខនឌឹន និងភូមិកំផាន់ ចម្ងាយពីកន្លែងកើតហេតុប្រមាណជា២គីឡូម៉ែត្រ ក្រោមដងទន្លេមេគង្គ ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុង ស្ទឹងត្រែង។

ក្រុមសមត្ថកិច្ចអោយដឹងទៀតថា នេះជាការរុករក និងប្រទះឃើញស.ពជនរងគ្រោះជាបន្ត បន្ទាប់សរុបចំនួន៣នាក់ ក្នុងចំណោមជនរងគ្រោះចំនួន៤នាក់ ដែលបានជួបគ្រោះអកុសលលិចទូកនៅក្នុងទឹកទន្លេកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ហើយស្ថិតក្រោមប្រតិបត្តិការរុករករយៈពេល២ថ្ងៃជាប់គ្នានេះ កម្លាំងសមត្ថកិច្ចអាជ្ញាធរបានរកឃើញស.ពជនរងគ្រោះជាបន្តបន្ទាប់ ដោយផ្តើមដំបូងរកឃើញឈ្មោះ សុត មី អាយុ៥៨ឆ្នាំ ជាឪពុក និងឈ្មោះ ម៉ី សុគ្រី ភេទស្រី អាយុ២៥ឆ្នាំ ជាកូន ព្រមទាំងឈ្មោះ លួយ ហាត់ ភេទប្រុស អាយុ៦ឆ្នាំ ជាចៅ។ ដោយឡែកឈ្មោះ លូយ ចន្ទ្រា ភេទប្រុស អាយុ៨ឆ្នាំ ជាចៅ នៅពុំទាន់រកឃើញនៅឡើយ។

គួររំលឹកថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ មានប្រជាពលរដ្ឋមួយគ្រួសារ មានក្មេងចាស់ ចំនួន៨នាក់ បានធ្វើដំណើរតាមទូកតូចមួយគ្រឿងចេញពីភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ឆ្លងកាត់ទន្លេមេគង្គ ដើម្បីទៅប្រកបមុខរបរនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុង ស្ទឹងត្រែង។ លុះមកដល់ចំណុចកន្ទុយកោះហាន ឃុំកោះស្នែង ក៏បានលិចទូក ហើយមនុស្ស៤នាក់រួចផុតពីគ្រោះថ្នាក់ និងបាត់ខ្លួនមនុស្ស៤នាក់។

លុះរហូតមកទល់ថ្ងៃទី១៦ ខែកុម្ភៈ នេះ កម្លាំងចម្រុះក៏បានរកឃើញស.ពជនរងគ្រោះចំនួន៣នាក់ និងមិនទាក់រកឃើញស.ពក្មេងប្រុសចុងក្រោយម្នាក់ទៀតនៅឡើយទេ។ ចំណែករដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយលោក ស្វាយ សំអ៊ាង អភិបាលបាល នៃគណៈអភិបាលខេត្តនាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ក៏បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ជាគ្រឿងឧបភោគបរិភោគ និងថវិការ៦លានរៀល ជូនដល់គ្រួសាររងគ្រោះខាងលើផងដែរ។
គួររំលឹកថា ៖ ប្រទះឃើញស.ពម្នាក់ ឯ៣នាក់កំពុងបាត់ខ្លួន ករណីលិចទូកនៅទន្លេមេគង្គ ៕



ចែករំលែកព័តមាននេះ