រាជធានីភ្នំពេញ ៖ មនុស្សដែលមានការជឿច្រើន តែបញ្ញាតិចទន់ខ្សោយក្នុងការសិក្សារមែងចេះតែជឿ សូម្បីតែក្នុងរឿងដែលមិនគួរជឿ ក៏ជឿទាំងងងើល ឬចេះតែជឿដោយប្រាសចាកហេតុផល ។ ចំណែកមនុស្សដែលឆ្លាតពេកទៅ ប៉ុន្តែខ្សោយសទ្ធាក៏រមែងមិនជឿសូម្បីតែព្រះពុទ្ធសាសនា ជាមនុស្សតម្កើងខ្លួនខ្ពស់ហួសប្រមាណ តែចរិយាការប្រព្រឹត្តនឹងអាចធ្លាក់ទៅក្នុងផ្លូវនៃការយល់ខុស ។

ហេតុនោះអ្នកដែលមានបញ្ញាតិចត្រូវព្យាយាមសិក្សា ពិចារណារកការណ៍ពិត ស្រាវជ្រាវរកហេតុរកផល ឧស្សាហ៍ស្ដាប់ធម៌ ឆ្ងល់ហើយសាកសួរ កុំចេះតែជឿប្រាសចាកការណ៍ពិត ឬជឿគ្មានហេតុផល ។ រឿងជំនឿ ជឿក៏ជឿចុះមិនហាមឃាត់ទេ តែត្រូវប្រកបដោយបញ្ញាផងទើបមិនខាតបង់ ។
ជាក់ស្តែងមានសំណួរសួរទៅលោកម្ចាស់គ្រូ សាន សុជា ថា ៖ ធ្វើបុណ្យដាក់ព្រះពុទ្ធរូបបែរទិសទៅខាងលិច ឬព្រះភក្រទៅទិសខាងលិច ចង្រៃដល់គ្រួសារ ម្ចាស់បុណ្យរកស៊ីមិនបាន។ តើការរៀបចំនេះខុសធ្ងន់ធ្ងរកម្រិតណា?ព្រោះនៅទីនោះចង្អៀតក្នុងការរៀបចំពិធី។

ដើម្បីឲ្យកាន់តែច្បាស់នោះលោកម្ចាស់គ្រូ សាន សុជា បានពន្យល់ និងបកស្រាយនៅក្នុងឆាណែលយូធូបរបស់លោកគ្រូ កាលពីពេលកន្លងមកថា«ពិធីបុណ្យទាំងឡាយ បើអ្នកចង់រកស៊ីមានបាន កុំធ្វើ រកស៊ីទៅ បើសិនជាចង់បានមានទៅរកស៊ីទៅ ព្រះពុទ្ធឯណាដែលថា ចង់មានឲ្យទៅរៀបចំពិធីបុណ្យ អាហ្នឹងទី១។ ដូចសំណួរដែលបានសួរព្រះអង្គថា តើគេធ្វើដូចម្តេចទើបបានទ្រព្យ? ព្រះអង្គថា បុគ្គលដែលមានក្តីឧស្សាហ៍ប្រឹងប្រែង ព្យាយាមបំពេញកិច្ចការងារដោយប្រឹងប្រែងដោយអត់ធ្មត់នឹងការងារ បែកញើសហូរក្តៅហ្នឹងរកលុយបានហើយ រកទ្រព្យបានហើយ តែខ្ជិល រកមិនបានទេព្រោះអង្គឆ្លើយខ្លីប៉ុណ្ណឹងឯង។

លោកម្ចាស់គ្រូ បានមានសង្ឃដីកាបន្តថា«អាហ្នឹងបើចង់បានទ្រព្យប្រឹងទៅ ម៉េចក៏ទៅធ្វើបុណ្យយកមាននោះ វាខុសរឿង វាអត់ត្រូវរឿងទេ បុណ្យលះបាបក្នុងចិត្ត មិនមែនទៅធ្វើបុណ្យរកទ្រព្យទេ។ ហើយបើនិយាយពីចង្រៃ មិនចង្រៃ ហើយពាក់ព័ន្ធរឿងមាន រឿងបានហ្នឹង ខ្លាចចង្រៃដល់គ្រួសារ រកស៊ីលែងបាន បើគិតថា ចង់មានបាន ទៅរកស៊ី ប្រកបមុខរបរជំនួញជួញដូរទៅ។
ទន្ទឹមនេះដែរ លោកម្ចាស់គ្រូ សាន សុជា បានបន្ថែមថា «ហើយរឿងព្រះពុទ្ធបែរមុខទៅណានោះ ថាព្រះពុទ្ធអត់មាននៅហ្នឹងទេ ដុំថ្មទេ ស៊ីម៉ង់ត៍ទេ យើងទេតើដែលជាអ្នកសន្មត់នោះ អារម្មណ៍របស់យើងតើ។ហើយបើថា បាន ឬមិនបានដាក់ទៅលិចមើល៎ បើព្រះពុទ្ធថាទេ តថាគតខ្ជិលបែរទៅខាងលិច ចាំងថ្ងៃណាស់ បែរមកកើតវិញមក បើព្រះអង្គមិនព្រម(និយាយលេង) បើយើងមានជំនឿបែបហ្នឹង វាអាចចង្រៃមែនហ្នឹង ដោយសារវាមានពួកអមនុស្ស វាចាំមើលតែទំនោរយើង យើងជឿម៉េចវាជំរុញទៅចឹង ដើម្បីបានសែបសោយដង្វាយរបស់យើងហ្នឹង។ កាលណាយើងរឹងមាំស្អីក៏ធ្វើអត់ត្រូវដែរ វាអត់មានចង្រៃអត់ទេ ចង្រៃនៅលើចិត្តរបស់យើង ចង្រៃកើតពីចិត្តហ្នឹងឯង ចិត្តចេះតែសង្ស័យចេះ សង្ស័យចុះ ធ្វើឲ្យកម្លាំងថាមពលចិត្តរបស់យើងចុះខ្សោយបាត់ហើយ ដល់ចឹងទៅវាងាយនឹងទ្រុឌទ្រោ.មណាស់ចិត្តហ្នឹងត្រូវពួកអមនុស្សបៀ.តបៀ.ន។

លើសពីនេះទៀត លោកម្ចាស់គ្រូ បានមានសង្ឃដីកាថា មិនមែនព្រះពុទ្ធមិនធ្វើទេ បើសិនជាយ៉ាងម៉េចៗពួកអមនុស្សជាអ្នកធ្វើហ្នឹងឯង ឲ្យតែច្បាស់។ ឧទាហរណ៍ ៖ ដូចជាខ្មោចព្រាយបិសាចអីហ្នឹង វាគ្មានទៅចូលជ្រៀតជ្រែកអីបាន បើយើងស្មោះត្រង់ ចិត្តយើងផ្តោតចំពោះគុណព្រះរតនត្រ័យច្បាស់។

ជាចុងក្រោយ លោកម្ចាស់គ្រូ បានបន្ថែមទៀតថា អ៊ីចឹងបានទៅបង្ខំឲ្យញាតិញោមលះអំបោះក្រហមអត់កើត ឲ្យលះខ្សែកថាក៏អត់កើត ឲ្យលះស្រោចទឹកក៏អត់កើត អត់ទាន់យល់ អ៊ីចឹងហើយបានខំនិយាយចង់ឲ្យយល់ តែបើមិនយល់ ក៏អត់ដឹងធ្វើម៉េចដែរហ្នឹង។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរបានចាត់ទុកព្រះអង្គ ជាអ្នកប្រាជ្ញខ្មែរ ឬជាបណ្ឌិតសង្ឃដែលមានចំណេះដឹងខ្ពង់ខ្ពស់ និងជាភិក្ខុសង្ឃបានយល់ដឹងច្រើនទាំងផ្លូវលោក និងផ្លូវព្រះធម៌ តាមរយៈការសម្ដែងព្រះធម្មទេសនា ពន្យល់អំពីព្រះធម៌នានា។ សព្វថ្ងៃនេះ ភិក្ខុវជិរប្បញ្ញោ សាន សុជា គង់នៅទីក្រុង មែលប៊ន ប្រទេសអូស្ត្រាលី ៕
ចែករំលែកព័តមាននេះ