រាជធានីភ្នំពេញ ៖ ព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅ ក្នុងសង្គមខ្មែរជាយូរលង់ណាស់មកហើយ ដែលប្រជារាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណៈ ក៏មានជំនឿ និងគោរពព្រះពុទ្ធសាសនាយ៉ាងមុតមាំផងដែរ រហូតរដ្ឋធម្មនុញខ្មែរបានកំណត់ថា«ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ»។មិនថា ប្រទេសណា ក៏ដូចប្រទេសណាឡើយនៅលើពិភពលោក រួមទាំងប្រទេសកម្ពុជានោះទេ តែងតែមានសាសនា ប្រពៃណីទំនៀមទម្លាប់ជារបស់ខ្លួនជានិច្ច។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ ពុទ្ធបរិសុទ្ធម្នាក់ក៏បានចោទសួរលោកម្ចាស់គ្រូ សាន សុជា យ៉ាងដូច្នេះថា «កូរណា ដូចរាល់ថ្ងៃនេះអ៊ីចឹង ពេលដែលកូរណាថ្វាយបង្គុំលោកក៏ដោយ តើថ្វាយបង្គុំទៅទឿរត្រឹមបុគ្គលអ៊ីចឹង កូរណាសុំអនុសាសន៍របៀបម៉េចដែលថាថ្វាយបង្គុំទៅឲ្យហួសពីបុគ្គល?

នៅថ្ងៃទី១៤ ខែកុម្ភៈម្សិលមិញនេះផងដែរ ក្នុងហ្វេសប៊ុកផេកលោកម្ចាស់គ្រូ សាន សុជា លោកគ្រូក៏បានមានសង្ឃដីកាថា ៖ ថ្វាយបង្គុំហួសបុគ្គលមានលក្ខណៈ២ ៖ បើជាអ្នកបួស ទី១ យើងសិក្សាពីគុណរបស់ព្រះសង្ឃ យើងថ្វាយបង្គុំសង្ឃក្នុងសាសនាតែម្តង ហើយសង្ឃនោះក៏មិនមែនត្រឹមតែសង្ឃឥឡូវទេ អតីត អនាគត និងបច្ចប្បុន្ន ដែលមានបុគ្គលត្រឹមតែតំណាងទេ។

ចំណែកថ្វាយបង្គុំហួសមួយកម្រិតទៀត លោកម្ចាស់គ្រូ មានសង្ឃដីកាថា គឺថ្វាយបង្គុំតាមប្រពៃណី ឬទៅជាវប្បធម៌របស់យើង តាមជាលក្ខណៈបុគ្គលមិនគួរអីឲ្យគោរពទេ ប៉ុន្តែយើងគោរពវប្បធម៌មួយហ្នឹង ដូចក្នុងកម្មវិធី អ៊ីចឹងយើងត្រូវគោរពកម្មវិធី ថ្វាយបង្គុំលោកអីចឹងទៅ អាហ្នឹងក៏ហួសពីបុគ្គលដែរ។
ទន្ទឹមនោះដែរ លោកម្ចាស់គ្រូ សាន សុជា ក៏បានមានសង្ឃដីកាបន្តថា អ៊ីចឹងនេះជាសារមួយដែរសម្រាប់ញាតិញោមដែលមានកូន ដែលមិនទាន់យល់ ហើយយកមកថ្វាយបង្គុំលោកអី ពាក្យមួយមិនគួរនិយាយទេ «ថ្វាយបង្គុំលោកទៅកូន បានសុខ បានចម្រើន ឈប់និយាយពាក្យហ្នឹង» វាធ្វើឲ្យមានជំនឿខុស តែបើយើងនិយាយថា ថ្វាយបង្គុំលោកទៅកូន (និយាយក្នុងលក្ខណៈគ្នាយល់) ព្រោះអ្នកកាន់ពុទ្ធសាសនាខ្មែរយើង ឃើញព្រះសង្ឃតែងថ្វាយបង្គុំអ៊ីចឹងឯង ហ្នឹងជាទម្លាប់ខ្មែរយើងអ្នកកាន់ពុទ្ធសាសនា។ បើប៉ុណ្ណឹងអត់អីទេ គ្នាអត់កើតមិច្ឆាទិដ្ឋិទេ ទោះបីមិនទាន់យល់គុណព្រះសង្ឃយ៉ាងម៉េចក៏ដោយ ក៏គិតថា ប្រពៃណីខ្មែរ អ្នកកាន់ពុទ្ធសាសនាជាមួយព្រះសង្ឃគេប្រតិបត្តិបែបហ្នឹង។
លោកម្ចាស់គ្រូ សាន សុជា មានសង្ឃដីកាបន្ថែមថា កុំនិយាយថា ថ្វាយបង្គុំសុំសុខហ្នឹង ឈប់និយាយទៅ ពិបាកណាស់ ដល់ពេលមានជំនឿខ្លាំងពេក បើអត់សុខអត់ថ្វាយ។ បើយើងនិយាយប៉ុណ្ណឹងល្អ ទោះបីមិនទាន់យល់គុណព្រះសង្ឃម៉េចក៏ដោយ ក៏យើងគោរពដល់វប្បធម៌របស់យើង ឬក៏ប្រពៃណីរបស់យើងដែរ។

លើសពីនេះទៀត លោកម្ចាស់គ្រូ ក៏បន្តថា បើនិយាយថា ថ្វាយបង្គុំទៅសុខ វាបង្កើតទិដ្ឋិមួយ អត់ល្អ ពិបាកហ្នឹងកែណាស់ ព្រោះរាល់ថ្ងៃនេះអ៊ីចឹងមែន ឲ្យតែលឺញាតិញោមថា ថ្វាយបង្គុំលោកទៅកូន បានសុខ អាត្មាសឹងតែដើរចេញ និយាយមែនទែន អាត្មាមានសុខពីណាឲ្យ បើខ្វះសុខដែរហ្នឹង។
សូមរំលឹកថា លោកម្ចាស់គ្រូ សានសុជា ជាសាវៈរបស់ព្រះពុទ្ធសាសនាដែលមានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយធម៌ អប់រំចិត្ត និងគំនិតរបស់ប្រជាជនឲ្យប្រកាន់ភ្ជាប់អំពើល្អ ចេះជួយអ្នកដទៃ មានចិត្តមេត្តា និងសេចក្ដីសុច្ចរិតទៀងត្រង់។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋខ្មែរ បានចាត់ទុកព្រះអង្គ ជាអ្នកប្រាជ្ញខ្មែរ ឬជាបណ្ឌិតសង្ឃដែលមានចំណេះដឹងខ្ពង់ខ្ពស់ និងជាភិក្ខុសង្ឃបានយល់ដឹងច្រើនទាំងផ្លូវលោក និងផ្លូវព្រះធម៌ តាមរយៈការសម្ដែងព្រះធម្មទេសនា ពន្យល់អំពីព្រះធម៌នានា។ព្រះអង្គជាធម្មាចារ្យដែលបង្រៀនព្រះអភិធម្មដ៏មានកេរិ៍ឈ្មោះល្បីនៅក្នុងប្រទេសកម្ពុជាផងដែរ។ សព្វថ្ងៃនេះ ភិក្ខុវជិរប្បញ្ញោ សាន សុជា គង់នៅទីក្រុង មែលប៊ន ប្រទេសអូស្ត្រាលី ៕
ចែករំលែកព័តមាននេះ