តើការចិញ្ចឹមជ្រូកព្រៃខុសច្បាប់ដែរឬទេ ?
រាជធានីភ្នំពេញ ៖ សត្វព្រៃថ្វីដ្បិតតែរស់នៅតាមធម្មជាតិ ប៉ុន្តែមានសត្វមួយចំនួនអាចចិញ្ចឹមដោយដាក់ក្នុងទ្រុង និងបន្សាំុឲ្យរស់នៅដូចសត្វស្រុកបាន ពិសេសគឺសត្វជ្រូកព្រៃតែម្ដង ហើយប
រាជធានីភ្នំពេញ ៖ សត្វព្រៃថ្វីដ្បិតតែរស់នៅតាមធម្មជាតិ ប៉ុន្តែមានសត្វមួយចំនួនអាចចិញ្ចឹមដោយដាក់ក្នុងទ្រុង និងបន្សាំុឲ្យរស់នៅដូចសត្វស្រុកបាន ពិសេសគឺសត្វជ្រូកព្រៃតែម្ដង ហើយប
រាជធានីភ្នំពេញ ៖ សត្វព្រៃថ្វីដ្បិតតែរស់នៅតាមធម្មជាតិ ប៉ុន្តែមានសត្វមួយចំនួនអាចចិញ្ចឹមដោយដាក់ក្នុងទ្រុង និងបន្សាំុឲ្យរស់នៅដូចសត្វស្រុកបាន ពិសេសគឺសត្វជ្រូកព្រៃតែម្ដង ហើយបច្ចុប្បន្នមានពលរដ្ឋមួយចំនួនដែលរស់នៅតាមបណ្ដាខេត្តសម្បូរព្រៃភ្នំ កំពុងតែចិញ្ចឹមជាលក្ខណៈគ្រួសារ និងក្លាយជាសត្វស្រុករបស់ពួកគាត់សម្រាប់ផ្គត់ផ្គង់តម្រូវការអាហារ ឬជាផ្នែកមួយនៃចំណូលគ្រួសារ ។ តើការចិញ្ចឹមជ្រូកព្រៃខុសច្បាប់ដែរឬទេ ?
ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១០ សីហា ថា ការចិញ្ចឹមជ្រូកព្រៃដូចជាអត់បញ្ហាទេ ដោយបច្ចុប្បន្នមានពលរដ្ឋមួយចំនួនបានចិញ្ចឹមតាមផ្ទះជាលក្ខណៈគ្រួសារដូចជ្រូកស្រុកដែរ ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមរូបនេះថ្លែងថា ៖« រឿងចិញ្ចឹមជ្រូកព្រៃនេះ វាដូចជាអត់មានបញ្ហាទេ ព្រោះថាច្បាប់អត់មានចែងថា មិនអនុញ្ញាតនោះទេ ហើយក៏ពុំដែលមានភាគីពាក់ព័ន្ធចុះមកហាមឃាត់ដែរ » ។ ទោះបីយ៉ាងណា លោកបញ្ជាក់ថា ៖« ការចិញ្ចឹមរបស់ពលរដ្ឋកន្លងមកនេះ មិនមែនជាលក្ខណៈទ្រង់ទ្រាយធំទេ គឺចិញ្ចឹមជាការដកពិសោធន៍ប៉ុណ្ណោះ ។ ប្រសិនបើចិញ្ចឹមជាលក្ខណៈទ្រង់ទ្រាយធំ គឺវាពាក់ព័ន្ធនឹងច្បាប់ ឬត្រូវមានអាជ្ញាប័ណ្ណត្រឹមត្រូវ»។ លោកបន្ដថា ៖« សព្វថ្ងៃ យើងចិញ្ចឹមនៅខេត្តកំពង់ស្ពឺ ប្រមាណជាបួនដប់ក្បាល គ្រាន់ជាការពិសោធន៍ និងបង្កាត់ពូជសាកល្បងប៉ុណ្ណោះ ពុំមែនជាទ្រង់ទ្រាយធំទេ » ។
ពាក់ព័ន្ធនឹងច្បាប់ចិញ្ចឹមសត្វព្រៃនេះ កន្លងមក ក្រសួងបរិស្ថានគ្រោងបង្កើតឲ្យមានច្បាប់មួយហៅថា «ក្រមបរិស្ថាន» ដែលច្បាប់នេះ គឺធានាការពារធនធានធម្មជាតិ ការពារសិទ្ធិមនុស្ស សិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ឧទ្យានជាតិ និងតំបន់ដែនជម្រកសត្វព្រៃ ។ ពិសេស ច្បាប់នេះបង្កើតឡើងដើម្បីផ្លាស់ប្ដូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋពីការបរបាញ់សត្វព្រៃ ឲ្យងាកមកចិញ្ចឹមសត្វព្រៃវិញដូចជា ទន្សាយ អណ្ដើក និងជ្រូកព្រៃជាដើម ។
ក្នុងពិធីប្រារព្ធទិវាសត្វព្រៃពិភពលោក កាលពីឆ្នាំមុន លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ៖« ច្បាប់នេះនឹងប្ដូរការគិតរបស់មនុស្សតែម្ដង ដែលពីមុនជ្រូកព្រៃនៅក្នុងព្រៃ ប៉ុន្តែពេលនេះ បងប្អូននៅរតនគិរី មណ្ឌលគិរី គឺជាសត្វស្រុករបស់គាត់ » ។ លោកថា សព្វថ្ងៃនេះ ក្រសួងបរិស្ថានបានអនុញ្ញាតឲ្យមានការចិញ្ចឹមជ្រូកព្រៃនៅខេត្តព្រះវិហារ ដោយព័ទ្ធរបងដីជាង១០ហិកតា ។ លោកបន្ដថា ៖ « យើងបានចាប់ផ្ដើមកម្មវិធីមួយ គឺអនុញ្ញាតឲ្យចិញ្ចឹមជ្រូកព្រៃ បើមនុស្សចូលចិត្តជ្រូកព្រៃ គាត់អាចរកចំណូលបាន » ។
ទោះបីយ៉ាងណា រហូតមកដល់បច្ចុប្បន្ន ច្បាប់មួយនេះ មិនទាន់ចេញជារូបរាងនៅឡើយទេ ។ នេះបើតាមការបញ្ជាក់ពីលោក ជា សំអាង អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន កាលពីថ្ងៃទី១០ សីហា ម្សិលមិញ ។
តាមការដកពិសោធន៍របស់សមាគមចិញ្ចឹមសត្វកម្ពុជា បានឲ្យដឹងថា ការចិញ្ចឹមជ្រូកព្រៃមានការពិបាកខ្លះ ដែលវាខុសពីជ្រូកស្រុក ដោយសារតែវាស៊ីចំណីធម្មជាតិ មិនសូវស៊ីរបស់ដែលគេផលិតឲ្យនោះទេ ហើយបើចង់យកចំណីឲ្យវាស៊ី ក៏ត្រូវរករបស់ណាដែលធម្មជាតិដែរ ពិសេសគឺក្លិន និងពណ៌ដែលវាចូលចិត្ត ។
យោងតាមឯកសារមួយបានឲ្យដឹងថា ជ្រូកព្រៃងាយស្រួលចិញ្ចឹមជាងជ្រូកស្រុក ដោយសារវាធន់នឹងជំងឺច្រើន ។ ការចិញ្ចឹម គឺអាចដាក់ក្នុងទ្រុង ឬធ្វើរបងព័ទ្ធជុំវិញដីទំនេរឲ្យវារស់នៅដូចធម្មជាតិក៏បាន តែក៏ត្រូវគិតគូរផងដែរ ព្រោះជ្រូកព្រៃអាចធ្វើរូងចេញ ឬលោតចេញពីរបង ប្រសិនបើមិនយកចិត្តទុកដាក់ ។ រីឯការចិញ្ចឹមក្នុងទ្រុង វាមានសុខភាពមិនល្អដូចចិញ្ចឹមបែបធម្មជាតិទេ ។ ថ្វីដ្បិតវាធន់នឹងជំងឺច្រើនយ៉ាង និងមានសុខភាពមាំមួនជាងជ្រូកស្រុក ប៉ុន្ដែវាក៏មានជំងឺដែរ កាលណាគេយកវាមកចិញ្ចឹមដែលអាចឆ្លងពីជ្រូកស្រុកដូចជា ជំងឺប៉េស្ដ ជំងឺអុដ និងជំងឺឆ្កួត ជាដើម ហើយដើម្បីការពារជំងឺនេះ គេគួរចិញ្ចឹមនៅដាច់ដោយឡែកពីជ្រូកស្រុក ។
ឯកសារដដែលបញ្ជាក់ថា ការឲ្យចំណីជ្រូកព្រៃ ក្នុង១ថ្ងៃ គួរឲ្យវាស៊ីតែ២ដង គឺព្រឹក និងល្ងាច ព្រោះថាបើឲ្យវាស៊ីញឹកញាប់ពេក វានឹងមានខ្លាញ់ច្រើនដូចជ្រូកស្រុកដែរ ។ តាមការកត់សម្គាល់ វាស៊ីចំណីតិចជាងជ្រូកស្រុក៥ដង មានន័យថា ចំណីជ្រូកស្រុក១ក្បាល អាចចិញ្ចឹមជ្រូកព្រៃបាន៥ក្បាល ។ ចំពោះចំណីដែលវាអាចស៊ីបាន ដូចជា ដើមចេកហាន់ជាកង់ៗស្ដើងៗ, ស្មៅបារាំង, កន្ទក់, បន្លែ ផ្លែឈើដែលហូបសល់, ស្លឹកកំប្លោក ហើយអ្វីដែលវាចូលចិត្តបំផុតនោះគឺពោត ៕
ចែករំលែកព័តមាននេះ