ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិច​ស៊ី​ស​RX-470​បើក​លឿន រេ​ចង្កូត​ទៅ​បុក​រថយន្ត​បែន​ដឹក​ដី​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​RX-470 មួយ​គ្រឿង​បាន​រង​ការ​ខូចខាត​ដាច់​រយះ​មុខ និង​រហែក​សំបក​កង់​មុខ នៅ​សល់​តែ​យ៉ា​ន់​ទទេ​ប៉ុណ្ណោះ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​RX-470 មួយ​គ្រឿង​បាន​រង​ការ​ខូចខាត​ដាច់​រយះ​មុខ និង​រហែក​សំបក​កង់​មុខ នៅ​សល់​តែ​យ៉ា​ន់​ទទេ​ប៉ុណ្ណោះ ខណៈ​ដែល​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បាន​រេច​ចង្កូត​ជ្រុល​ចូល​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត​បុក​ចំ​កង់​ក្រោយ របស់​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​ទៀត ដែល​ជា​របស់​មន្ទីរ​សារ​ធា​រណៈការ និង​ដឹក​ជញ្ជូន សាលា​រាជធានី​ភ្នំពេញ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​ស​នោះ និង​អ្នក​រួម​ដំណើរ​រង​របួស​នោះ​ឡើយ​។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ លេខ​៤ ត្រង់​ចំណុច​ភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​RX-470 មួយ​គ្រឿង​នោះ​ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2O-1233 បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​គួរសម​ដែរ​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច កើតហេតុ​ខាងលើ​បាន​វ៉ា​រថយន្ត​ផ្សេង​១​គ្រឿង​ទៀត ហើយ​ក៏​បាន​រេ​ចង្កូត​ជ្រុល​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត បុក​សំដៅ​ទៅ​រក​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​ទៀត​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3A-3725 ដែល​ជា​រថយន្ត​ដឹក​ដី​របស់ មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ដែរ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​រថយន្ត​បែន​ដឹក​ដី​ខាងលើ​នោះ បាន​ខំ​បើក​គេច​ចេញ​ដែរ​ដើម្បី​កុំ​ឲ្យ​បុក​គ្នា ប៉ុន្តែ​គេច​ផុត​តែ​ក្បាល​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​រថយន្ត​ឡិច​ស៊ី​ស​នោះ​ជ្រុល​ទៅ​បុក​ចំ​កង់​ក្រោយ​ខាងឆ្វេង បណ្ដាល​ឲ្យ​ធ្លាក់​កាង និង​ដាច់​រយះ​មុខ​ព្រមទាំង​កង់​មុខ​ខាងឆ្វេង​រហែក​សំបក​កង់​បាត់​នៅ​សល់​តែ​យ៉ា​ន់​ទទេ​ប៉ុណ្ណោះ​។ ខណៈនោះ​សំណាង​ណាស់​ដែល​មិន​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ឡើយ ហើយ​ក្រោយ​ពេល​កើតហេតុ​នគរបាល​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ សម្រួល​ចរាចរណ៍​មិន​ឲ្យ​មានការ​កកស្ទះ ។ ចំណែកឯ​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស ក៏​បាន​ទទួលកំហុស​ថា គាត់​បើក​ជ្រុល​ចូល​ទៅ​បុក​រថយន្ត​បែន​ដឹក​ដី​នោះ​ដែរ បន្ទាប់​មក​គាត់​បាន​ហៅ​រថយន្ត​ស្ទូច​ទៅ​ស្ទូច​យក​រថយន្ត​របស់​ខ្លួន​ទៅ​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង​៕