ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការសម្រេចបិទវិទ្យុ VOD គឺជាការបិទវិទ្យុ ដែលមិនគោរពក្រមសីលធម៌មួយ ហើយការបិទវិទ្យុនេះ វាមិនធ្វើឱ្យស្លា.ប់សេរីភាពសារព័ត៌មាននៅកម្ពុជានោះទេ។ ផ្ទុយទៅវិញ វានឹងជួយពង្រឹងដល់ការអនុវត្តច្បាប់ និងវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។
ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលដូច្នេះ តបនឹងមតិយោបល់របស់អ្នកស្រី កាន់ វិច្ឆិកា ដែលជាអ្នកសារព័ត៌មាន នៅវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA និងជាអតីតអ្នកសារព័ត៌មានរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ VOD។
អ្នកស្រី កាន់ វិច្ឆិកា ដែលជាស្ត្រីអ្នកកាសែតដ៏ក្លាហាន ក្នុងវិស័យសារព័ត៌មានកម្ពុជា បានសរសេរបញ្ចេញមតិ Comment នៅលើហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន ថា «ពាក្យសូមអធ្យាស្រ័យ គឺជាការសុំទោសហើយសម្តេច។ ឬពួកគាត់ គួរតែសរសេរលិខិតមួយទៀត ដោយដាក់ថា សុំទោស? ក្នុងនាមក្មួយជាអ្នកសារព័ត៌មានម្នាក់ ក្មួយពិតជារំពឹងថា វិទ្យុ VOD នៅអាចបន្តការងារបាន ដើម្បីធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីបញ្ហាក្នុងសង្គម។ វិជ្ជាជីវៈសារព័ត៌មាន គួរត្រូវបានពង្រឹងឱ្យមានការចូលរួមទាំងអស់គ្នា។ ការបិទវិទ្យុ VOD នឹងអាចធ្វើឱ្យវិស័យសារព័ត៌មាននៅកម្ពុជា កាន់តែមានភាពចុះខ្សោយ។ ក្មួយសង្ឃឹមថា សម្តេច នឹងអាចពិចារណាសម្រាប់ពួកគាត់»។
ឆ្លើយតបនឹងការលើកឡើងរបស់អ្នកស្រី កាន់ វិច្ឆិកា ដូច្នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «អ្នកយល់តាមរបៀបអ្នក។ ពាក្យអធ្យាស្រ័យ និងពាក្យសុំទោស វាខុសគ្នា។ បិទវិទ្យុមិនគោរពក្រមសីលធម៌មួយ វាមិនធ្វើឱ្យស្លាប់សេរីភាពសារព័ត៌មាននៅកម្ពុជានោះទេ។ ផ្ទុយទៅវិញ វានឹងជួយពង្រឹងដល់ការអនុវត្តច្បាប់ និងវិជ្ជាជីវៈសារព័ត៌មាន នៅកម្ពុជា»។
សូមរម្លឹកថា នៅយប់ថ្ងៃទី១២ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យក្រសួងព័ត៌មាន លុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី (VOD) ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយ នៅត្រឹមម៉ោង ១០ព្រឹក ថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត។
នៅលើហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «តើការប្រើពាក្យសោកស្តាយ និងសូមអធ្យាស្រ័យ វាជំនួសឲ្យពាក្យសុំទោសបានដែរ ឬទេ? សម្រាប់ខ្ញុំ មិនអាចទទួលយកបានឡើយ។ តើការបកស្រាយបំភ្លឺនៅទីនេះ មានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ? ទុកជូនឯកឧត្តម ផៃ ស៊ីផាន ពិនិត្យលទ្ធភាព ប្តឹងទៅតុលាការ»។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ខ្ញុំកាន់តំណែងក្នុងរដ្ឋរយៈពេលជាង ៤៤ឆ្នាំហើយ ក្នុងនោះ តំណែងនាយករដ្ឋមន្ត្រីរយៈពេលជាង ៣៨ឆ្នាំ ខ្ញុំពិតជាយល់ដឹងល្មមគ្រប់គ្រាន់នូវពាក្យពេចន៍ ដែលត្រូវបានប្រើរាប់ទាំងពាក្យសំដីវាគ្មិនមួយចំនួន ដែលចូលមកសម្ភាស ក្នុងរឿងផ្លូវច្បាប់ទាក់ទងដល់ការផ្តល់ជំនួយដល់ប្រទេសទួកគី ដែលវាគ្មិនខ្លះ ព្យាយាមវាយទាំងឪ វាយទាំងកូន ដែលកូននោះ គឺ ហ៊ុន ម៉ាណែត ដែលគាត់ពុំបានដឹងរឿងអ្វីសោះ។ តើនេះឬ ជាវិជ្ជាជីវៈ ដែលអស់លោក ចង់ផ្សាយដោយអចេតនានោះ?»។
សម្តេចតេជោ ហ៊ុន សែន បន្តថា «ដើម្បីកុំឲ្យវែងឆ្ងាយ ខ្ញុំសម្រេចមិនទទួលយកការសំដែងការសោកស្តាយ និងសូមការអធ្យាស្រ័យ ជំនួសឲ្យការសុំទោសរបស់អស់លោក ដែលជាសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អស់លោកនោះឡើយ។ ក្នុងនាមរាជរដ្ឋាភិបាល ដែលត្រូវការពារកិត្តិយសរបស់ខ្លួន ខ្ញុំសម្រេចបញ្ចប់រឿងនេះ ដោយឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី (VOD) ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយ នៅត្រឹមម៉ោង 10.00នាទី ថ្ងៃ១៣ កុម្ភះ ២០២៣ ជាកំហិត»។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «សូមសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ជួយការពារសណ្តាប់ធ្នាប់ និងទ្រព្យសម្បត្តិនៃវិទ្យុនេះ ឲ្យបានគង់វង្ស។ យើងបិទតែការផ្សាយគ្រប់ប្រភេទនៃវិទ្យុនេះប៉ុណ្ណោះ តែយើងមិនប៉ះពាល់ទ្រព្យសម្បត្តិរបស់គេទេ។ សូមមិត្តភក្តិបរទេស ដែលផ្តល់លុយឲ្យវិទ្យុនេះ បង្វិលលុយទៅប្រទេសវិញ ឬជួយទៅប្រទេសផ្សេង។ សូមបុគ្គលិក ដែលធ្វើការនៅវិទ្យុនេះ ស្វែងរកការងារធ្វើនៅកន្លែងផ្សេងទៀត»៕




ចែករំលែកព័តមាននេះ