ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ​ដាក់​បញ្ចូល​កីឡា​អេ​ឡិច​ត្រូ​និក (E-Sports) ក្នុង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ នៅ​សល់​តែ​៨១​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ ព្រឹត្ដិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ២០២៣ ដែល​

រាជធានី​ភ្នំពេញ​ ៖ នៅ​សល់​តែ​៨១​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ ព្រឹត្ដិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ២០២៣ ដែល​ព្រះរាជាណាចក្រ​កម្ពុជា ធើ្វ​ជា​ម្ចាស់ផ្ទះ​នោះ នឹង​ឈាន​ចូល​មក​ដល់ ពោល​គឺ​រំលង​ជិត​១​ខែ​ប៉ុណ្ណោះ ក្រោយ​ការ​ប្រកួត​ស៊ី​ហ្គេ​ម​បាន​បញ្ចប់​។

នេះ​គឺជា​លើក​ដំបូង​ដែល​កម្ពុជា មាន​សិទ្ធិ​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ជន​ពិការ​ធំ​ជាងគេ​ក្នុង​តំបន់ អាស៊ី​អាគ្នេយ៍ ខណៈ​វិញ្ញាសា​ដែល​មាន​សក្កា​នុ​ពល​មួយ​ចំនួន​ដូច​ជា ហែល​ទឹក​, បាល់ទះ​អង្គុយ​, បាល់បោះ និង​កីឡា​ជា​ច្រើន​ទៀត​នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​។

អ្វី​ដែល​ពិសេស និង​បង្កើត​បានជា​ប្រវត្ដិសាស្ដ្រ​ក្នុង​ព្រឹត្ដិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​នេះ គឺ​វិញ្ញាសា កីឡា​អេ​ឡិច​ត្រូ​និក ឬ E Sports នឹង​ត្រូវ​ដាក់​បញ្ចូល​ផង​ក្នុង​ការ​ប្រកួត​នេះ ជា​លើក​ដំបូង​បំផុត​។

ទោះបីជា​ការ​ដាក់​បញ្ចូល​ដំបូង​នេះ ជា​ការ​ប្រកួត​បែប សាកល្បង​(Demo Sports)​ដោយ​មិន​មានការ​រាប់​បញ្ចូល ជ័យ​លា​ភី​មេដាយ​ក្ដី ប៉ុន្តែ​នេះ​ពិតជា​សមិទ្ធផល​ដ៏​ធំ​មួយ សម្រាប់​ប្រទេស​កម្ពុជា​ដែល​បាន​ក្លាយទៅជា​ប្រទេស ដំបូង ជា​អ្នក​រៀបចំ​ក្នុង​ការ​ដាក់​បញ្ចូល​កីឡា E-Sports​នេះ​ចូល​ទៅ​ក្នុង​វិញ្ញាសា​ប្រកួត​កីឡា​ជន​ពិការ​ធំ​ជាងគេ ក្នុង​អាស៊ាន​។ នេះ​គឺជា​កេរ្តិ៍​ដំណែល​មួយ​ដែល​ប្រទេស​កម្ពុជា​បាន​ធ្វើ​ឡើង​សម្រាប់​បន្ត​ទៅ​ប្រទេស​ផ្សេង​ៗ​ទៀត ហើយ​សមិទ្ធផល​នេះ នឹង​ត្រូវ​បាន​គេ​រំលឹក​ឡើង​គ្រប់ពេល​ដែល​គេ​និយាយ​ពី វិញ្ញាសា​កីឡា​អេ​ឡិច​ត្រូ​និក (E-Sports) ក្នុង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​។

ធី​មធូ (Team Two) ដែល​ជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ទីផ្សារ​តាម​រយៈ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា ដែល​រួម មាន​ក្រុមការងារ​ជំនាញ​ផ្នែក​កីឡា​អេ​ឡិច​ត្រូ​និក Next Level Entertainment នឹង​ក្លាយជា​ដៃគូរ​ដ៏​សំខាន់​ជាមួយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ទៅ​លើ​វិញ្ញាសារ E-Sports នៅ​ក្នុង​ឆ្នាំ​២០២៣ ខាង​មុខ​នេះ​។

កីឡា​អេ​ឡិច​ត្រូ​និក គឺជា​ទម្រង់​នៃ​ការ​ប្រកួតប្រជែង​ដោយ​ប្រើប្រាស់​វី​ដេ​អូ​ហ្គេ​ម និង​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ជា ប្រភេទ​វិញ្ញាសា​កីឡា​ម្យ៉ាង​ដែល​មាន​បរិបទ​ប្រកួតប្រជែង​ស្រ​ដៀង​នឹង​កីឡា​ទូទៅ​ដែរ​។ E-Sports អាច​ជា ប្រធានបទ​ថ្មី​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​វា​មិនមែន​ជា​រឿង​ថ្មី​ឡើយ​សម្រាប់​អន្តរជាតិ ដោយ​មាន​ប្រទេស​ជា​ច្រើន មានការ​រីក​ចម្រើន​និង​គាំទ្រ​ខ្លាំង​ក្នុង​វិស័យ​មួយ​នេះ​គួរ​ឲ្យ​កត់សម្គាល់ ដូច​ជា​ប្រទេស​ចិន អា​មេ​រិ​ក រុ​ស្សី ម៉ា​ឡេ​ស៊ី និង​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​ទ្វីប​អ៊ឺ​រ៉ុ​ប​។

នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ E-Sports ក្នុង​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​ខ្លាំង គួរ​ឲ្យ​កត់សម្គាល់ ហេតុនេះ​ហើយ ទើប​ធើ្វ​ឲ្យ​កម្ពុជា​សម្រេច​ដាក់​បញ្ចូល​វិញ្ញាសា E-Sports ចូល​ទៅ​ក្នុង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ហើយ​វា​ក៏​ជា​លើក​ទី​១​ផង​ដែរ ដែល​ព្រឹត្ដិការណ៍​កីឡា​ជន​ពិការ​អាស៊ី​អាគ្នេយ៍​នេះ មាន​វិញ្ញាសារ​ដ៏​គួរ​ឲ្យ ចាប់អារម្មណ៍ ដែល​មនុស្ស​ជា​ច្រើន​ធ្លាប់តែ​ឃើញ​កីឡា​មួយ​នេះ ក្នុង​កម្មវិធី​ស៊ី​ហ្គេ​ម និង​ព្រឹត្ដិការណ៍​កីឡា​ផ្សេង​ៗ​តែ​ប៉ុណ្ណោះ​។

ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​គណៈកម្មាធិការ​រៀបចំ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម (CAMAPGOC) និង​ក្រុមហ៊ុន​ធី​មធូរ (Team Two) បាន​ធើ្វ​ឡើង​នៅ​ព្រឹក​ថៃ្ង​ទី​២១ ខែធ្នូ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ អូ​ឡាំ​ពិ​ក​កម្ពុជា ដោយ​បាន​ធ្វើ​ឡើង​ដោយ​មានការ​ចូលរួម​ពី ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ CAMSOC និង អ្នកស្រី ហាក់ សំបូរ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ធី​មធូ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ