ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារតែមនុស្សញៀននឹងអំណាច ទ្រព្យសម្បត្តិ…ទើបព្រះពុទ្ធសម្តែងទានមុន

6 ឆ្នាំ មុន

ហេតុ​ដូច​ម្តេច​បានជា​ព្រះ​បរមគ្រូ​ទ្រង់​សម្តែង​ទាន​ជា​មុន ? ព្រោះ​ទ្រង់​មើលឃើញ​ចិត្ត​របស់​មនុស្ស​ចាប់អារម្មណ៍​លើ​អំណាច និង​ទ្រព្យសម្បត្តិ​ខ្លាំង​ជាង​អ្វី​ៗ រហូត​បុគ្គល​ខ្លះ​ប្រើ​

ហេតុ​ដូច​ម្តេច​បានជា​ព្រះ​បរមគ្រូ​ទ្រង់​សម្តែង​ទាន​ជា​មុន ? ព្រោះ​ទ្រង់​មើលឃើញ​ចិត្ត​របស់​មនុស្ស​ចាប់អារម្មណ៍​លើ​អំណាច និង​ទ្រព្យសម្បត្តិ​ខ្លាំង​ជាង​អ្វី​ៗ រហូត​បុគ្គល​ខ្លះ​ប្រើ​កម្លាំង​ទ្រព្យ ប្រើ​អំណាច​ទៅ​ជិះជាន់​សង្កត់សង្កិន​អ្នក​ដទៃ​ដែល​ទន់ខ្សោយ ក្រខ្សត់​ជាង​ខ្លួន​…​មិន​អើពើ​ដល់​ការ​រស់នៅ​របស់​អ្នក​ដទៃ ។ ក្នុង​ធម៌​ទេសនា​នោះ ព្រះ​អង្គ​ទ្រង់​ណែនាំ​ឱ្យ​មនុស្ស​ចេះ​លះបង់​ទ្រព្យសម្បត្តិ​ធ្វើ​អំណោយ​ដល់​មនុស្ស​ដែល​ត្រូវ​សង្គ្រោះ​មាន​អ្នកក្រ​ខ្សត់ និង​អ្នក​រង​គ្រោះ​ដោយ​ប្រការ​ដទៃ​ៗ​ទៀត ដើម្បី​គ្នា​បាន​រស់​ផង​។ នេះ​បញ្ជាក់​ឱ្យ​ឃើញច្បាស់​ថា ព្រះពុទ្ធ​បរមគ្រូ​ទ្រង់​បាន​គិតគូរ​ដល់​ជីវភាព​រស់នៅ​របស់​មនុស្ស​ជាបឋម​ទើប​ទ្រង់​សម្តែង​អំពី​ទាន​មុន​អនុបុព្វីកថា​ដទៃ​ៗ​មាន​សីល ឋានសួគ៌ ព្រះ​និព្វាន​តាម​លំដាប់ ។

ទាន​មាន​ច្រើន​ប្រការ​ណាស់ ប៉ុន្តែ​ប្រការ​ដែល​សំខាន់​ជាងគេ​មាន​តែ​២​យា​៉​ង​គឺៈ អាមិសទាន​១ និង​ធម្មទាន​១ ។ ការ​ចែករំលែក​ទ្រព្យសម្បត្តិ​មាន គ្រឿង​ស្លៀកដណ្តប់​, គ្រឿង​បរិភោគ​, ទី​សំណាក់អាស្រ័យ និង​ថ្នាំ​សម្រាប់​ព្យាបាល​រោគ​ដល់​ជន​ដទៃ​ទៀត ឈ្មោះ​ថា​អាមិសទាន ។ ការ​ឃោសនា​ពន្យល់​មហាជន​ឱ្យ​ស្គាល់​ច្បាស់​ថា ធម៌​នេះ​ជា​កុសល​, ធម៌​នេះ​ជា​អកុសល​, ធម៌​នេះ​នាំ​ឱ្យ​មានទោស​, ធម៌​នេះ​នាំ​ឱ្យ​បាន​សុខ ធម៌​នេះ​ពួក​អ្នកប្រាជ្ញ​តែង​តិះដៀល​, ធម៌​នេះ​អ្នកប្រាជ្ញ​សរសើរ​… ហៅ​ថា​ធម្មទាន ។ បណ្តា​ទាន​ទាំង​២​ប្រការ​នេះ ធម្មទាន​ប្រសើរ​ក្រៃ​លែង​ជាង​អាមិសទាន​ដូច​ពុទ្ធភាសិត​ត្រាស់​ថា សព្វ​ទា​នំ ធម្ម​ទា​នំ ជិ​នា​តិ ប្រែ​ថា ធម្មទាន​ឈ្នះ​ទាន​ទាំងអស់ ។

មានការ​ពន្យល់​ថា ប្រសិនបើ​ទាយក​អាច​ប្រគេន​ចីវរ​ដ៏​មាន​សាច់​ម៉ដ្ឋ​ល្អ​ដូច​បណ្តូលចេក​ដល់​ព្រះពុទ្ធ ព្រះ​បច្ចេកពុទ្ធ ព្រះ​ខីណាស្រព​ទាំងឡាយ​ដែល​គង់​កកកុញ​ក្នុង​ផ្ទៃ​ចក្រ​វា​ឡ​រហូត​ដល់​ទល់​ព្រហ្មលោក​ក៏​ដោយ ការ​អនុមោទនា​តែ​មួយ​គាថា​របស់​លោក​ទាំងឡាយ​នោះ​ប្រសើរ​ជាង ។ ការ​សម្តែងធម៌​ក្តី ការ​បង្រៀន​ធម៌​ក្តី ការ​ស្តាប់ធម៌​ក្តី រមែង​បាន​ផល​យា​៉​ង​ធំ​ក្រៃ​លែង ។ បិណ្ឌបាតទាន​ដ៏​ប្រណីត​ដែល​ទាយក​ដាក់​បំពេញ​បាត្រ​ប្រគេន​ដោយ​គោរព​ក្តី ភេសជ្ជៈ​ទាំងឡាយ​មាន​ទឹកដោះ​ដ៏​មាន​រស់​ពិសេស​ជាដើម​ក្តី សេនាសនទាន​ដ៏​ប្រសើរ​ដូច​ជា​មហាវិហារ​របស់​អនាថបិណ្ឌិក​សេដ្ឋី ឬ​លោហៈ​ប្រាសាទ​របស់​មហា​ឧបាសិកា​ឈ្មោះ​វិសាខា​ក្តី ក៏​ឈ្មោះ​ថា​មិន​ប្រសើរ​ដូច​ធម្មទាន​ឡើយ ។ ធម្មទាន​នេះ​ដោយ​ហោចទៅ​សូ​ម្បី​តែ​ការ​សម្តែង​ប្រាប់​ពន្យល់​តែ​ក្នុង​ចំណុច​ណាមួយ​នៃ​ព្រះធម៌​ក៏​រមែង​ប្រសើរ​ជាង​អាមិសទាន​ទាំង​អស់នោះ​ទៅ​ទៀត ។ ព្រោះ​ហេតុ​អ្វី ? ព្រោះថា​មនុស្ស​សត្វ​ទាំងឡាយ ដែល​នឹង​ធ្វើបុណ្យ​កុសល លះ​ទ្រព្យ​ឱ្យ​ជា​ទាន​ទៅ​បាន ក៏​អាស្រ័យ​នឹង​ការ​ស្តាប់ធម៌​ជា​ហេតុ មិនមែន​មិន​ស្តាប់ធម៌​ហើយ​មានចិត្ត​ជ្រះថ្លា​ធ្វើ​បុញ្ញកម្ម​ទាំងនេះ​កើត​នោះ​ទេ ។ ប្រសិនបើ​បុគ្គល​មិន​បាន​ស្តាប់ធម៌​ទេ ម៉្លេះ​មិន​អាច​នឹង​ឱ្យ​នូវ​បបរ​មួយ​បោយ ឬ​បាយ​មួយ​វែក​បាន​ឡើយ ។ សូ​ម្បី​ព្រះ​សារីបុត្ត​ត្ថេ​រលោក​មាន​បញ្ញា​លើសលប់​អាច​រាប់​តំណក់ទឹកភ្លៀង​ដែល​បង្អុរ​ធ្លាក់​ចុះ​អស់​កប្ប​ទាំងមូល​បាន ក៏​មិន​អាច​លុះ​មគ្គផល​បាន​ដែរ លុះតែ​បាន​ស្តាប់ធម៌​របស់​ព្រះ​ថេរៈ​ទាំងឡាយ​មាន​ព្រះ​អស្ស​ជិត​ត្ថេ​រ​ជាដើម ទើប​ធ្វើ​ឱ្យ​លោក​ជាក់ច្បាស់​នូវ​សាវ​បារមី​ញាណ​បាន ។

ព្រោះហេតុនោះ​ធម្មទាន​ទើប​ឱ្យឈ្មោះ​ថាជា​ទាន​ប្រសើរ​ក្រៃ​លែង​ជាង​អាមិសទាន ។
ដោយហេតុ​នេះ​ការ​ឱ្យទាន​ទើប​ព្រះ​ដ៏​មានបុណ្យ​ទ្រង់​ត្រាស់​ថា​ជា​មង្គល​ដ៏​ប្រសើរ ព្រោះ​ជា​ហេតុ​នៃ​សេចក្តីចម្រើន និង​សេចក្តីសុខ​ក្នុង​លោក​នេះ និង​លោក​ខាង​មុខ​ប្រាកដ​ជាក់ស្តែង​៕  (​ឈ្វេងយល់​ឱវាទ​ព្រះពុទ្ធ​សាសនា​ចេញផ្សាយ​រៀងរាល់ថ្ងៃ​សីល​)