ពលរដ្ឋឆោឡោ រួចនាំគ្នាហៅរថយន្តពន្លត់អគ្គិភ័យភ្លាមៗ ខណៈភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយនាំគ្នាហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍បាញ់ទឹកជួយពន្លត់ទាំងព្រឹក ដោយសារតែអណ្ដាតភ្លើងបានលេបត្របាក់ឆាបឆេះផ្ទះ១ខ្នងយ៉ាងសន្ធោសន្ធៅ ស្ថិតនៅភូមិកាំងតេជោ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ហើយករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ តាមបណ្តោយផ្លូវបេតុង តាមជួរមាត់ទន្លេមេគង្គ ដែលម្ចាស់ផ្ទះបានអះអាងថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

លោកវរសេនីយ៍ឯក សែម ស៊ីថា អធិការស្រុកថាឡាបរិវ៉ាត់ បានបញ្ជាក់ថា ហេតុការណ៍ឆេះផ្ទះនេះ មិនបង្កផលបះពាល់ដល់មនុស្សនោះទេ តែផ្ទះប្រជាពលរដ្ឋមួយខ្នងដែលនៅជិតនោះ ត្រូវរ៉ូលភ្លើងខូចជញ្ជាំងមួយចំហៀង ហើយរថយន្តពន្លត់អគ្គិភ័យក៏បានជួយសង្គ្រោះទាន់ពេលវេលាមិនឱ្យអណ្ដាតភ្លើងឆេះរាលដាលបន្តឡើយ។

លោកបានបន្ថែមថា ផ្ទះដែលឆេះទាំងស្រុងនោះ គឺជាផ្ទះឈើប្រក់ស័ង្កសី ជញ្ជាំងបាំងក្ដារ សង់ផុតពីដី ទំហំ៧ម៉ែត្រ×៨ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ ឡុង សុផល ភេទប្រុស អាយុ៧១ឆ្នាំ និងមានប្រពន្ធឈ្មោះ ហម យៀត អាយុ៧០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ និងខូចខាតសម្ភារៈប្រើប្រាស់រួមមាន ៖ ទូខោអាវចំនួន២, គ្រែប្រអប់ចំនួន២ រួមនឹងសម្ភារៈរបស់របរប្រើប្រាស់ផ្សេងៗទាំងស្រុងតែម្តង។

លោកបានបន្ថែមទៀតថា ចំណែកឯផ្ទះអ្នកជិតខាង ក៏បណ្ដាលឲ្យឆេះខូចខាតជញ្ជាំងប្រមាណ៣០% ផងដែរ ដែលមានម្ចាស់ឈ្មោះ យិន រ៉ាន់ ភេទប្រុស អាយុ៤៩ឆ្នាំ និងប្រពន្ធឈ្មោះ ហង្ស ស៊ីណាន អាយុ៤៤ឆ្នាំ។

សូមបញ្ជាក់ថា ការអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះផ្ទះខាងលើនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន២គ្រឿងដែលជារបស់អធិការដ្ឋានស្រុកមួយគ្រឿង និងស្នងការដ្ឋានខេត្ត និងប្រើទឹកអស់ចំនួន២រថយន្ត ទើបជួយបាញ់ទឹកពន្លត់ឱ្យរលត់ទៅវិញទាំងស្រុងបាននៅវេលាម៉ោង១១ព្រឹកថ្ងៃដដែល៕





















ចែករំលែកព័តមាននេះ