ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​! អណ្ដាតភ្លើង​ឆាបឆេះ​ផ្ទះ​យ៉ាង​សន្ធោសន្ធៅ​ឆក់​យកអាយុ​ជីវិត​កូន​ម្ចាស់ផ្ទះ​៣​នាក់ និង​របួស​២​នាក់

1 ឆ្នាំ មុន
  • កំពង់ចាម

មាន​​អគ្គិភ័យ​បាន​ឆាបឆេះ​លំនៅ​ឋាន​របស់​បងប្អូន​ខ្មែរ​-​អ៊ិ​ស្លា​ម ដែល​រស់នៅ​ភូមិ​អង្គ​របា​នទី​៣ ឃុំ​អង្គរ​បាន ស្រុក​កងមាស ពិតជា​គួរ​ឱ្យ​រន្ធត់​ណាស់​។ ហើយ​ហេតុការណ៍​នេះ​ បាន​កើតឡើង

ខេត្តកំពង់ចាម ៖ បើតាម​សេចក្តីរាយការណ៍​បាន​ឱ្យ​ដឹងថា ​មាន​​អគ្គិភ័យ​បាន​ឆាបឆេះ​លំនៅ​ឋាន​របស់​បងប្អូន​ខ្មែរ​-​អ៊ិ​ស្លា​ម ដែល​រស់នៅ​ភូមិ​អង្គ​របា​នទី​៣ ឃុំ​អង្គរ​បាន ស្រុក​កងមាស ពិតជា​គួរ​ឱ្យ​រន្ធត់​ណាស់​។ ហើយ​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៣ ហើយ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កងមាស បាន​ចេញ​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​មុនគេ តែ​គ្រោះ​អកុសល​នេះ បាន​បណ្ដាល​ឲ្យ​ស្លា​.​ប់​កូន​ម្ចាស់ផ្ទះ​រហូត​ទៅ​ដល់​៣​នាក់ និង​រង​របួស​ចំនួន​២​នាក់​ផង​ដែរ​។

លោក ភោគ សា​វុ​ធ អភិបាលស្រុក​កងមាស បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្រប​ពេល​ដែល​អគ្គិភ័យ​កំពុង​តែ​ឆាបឆេះ​លំនៅ​ឋាន​របស់​បងប្អូន​ខ្មែរ​-​អ៊ិ​ស្លា​ម​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​អង្គរ​បាន រាយការណ៍​បន្ទាន់​មក​កាន់​លោក​អធិការ​នគរបាល​ស្រុក និង​បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​បាញ់​ទឹក​ពន្លត់ភ្លើង ដែល​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នេះ​ដែល​មាន​ផ្សែង​ហ៊ុយ​ឡើង​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស​។

អភិបាលស្រុក​កងមាស បាន​ប្រាប់​បន្ត​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ពេល​ដែល​មាន​គ្រោះ​អគ្គិភ័យ​នេះ ត្រូវ​បាន​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​សុំ​អន្តរាគមន៍​ជា​បន្ទាន់ ដោយ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ ចំនួប​១​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​២​គ្រឿង បាន​ចេញ​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​អណ្ដាតភ្លើង​បាន​រលត់​ទៅ​វិញ​ជា​បណ្ដើរ​ៗ និង​មិន​បាន​ឆាបឆេះ​ទៅ​ដល់​លំនៅ​ដ្ឋា​ន​ផ្សេង​ទៀត​នោះ​ទេ​។

លោក​អភិបាលស្រុក​បាន​បញ្ជាក់​ថា ផ្ទះ​ដែល​រង​គ្រោះ​ដោយសារ​អគ្គិភ័យ​នេះ គឺជា​ផ្ទះ​កាត់ដេរ និង​មាន​​ផ្ទុក​ក្រណាត់​ជា​ច្រើន​ទៀត​ផង​។ ហើយ​នៅ​ពេល​ដែល​អគ្គិភ័យ​បាន​ឆាត​ឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ​​នោះ បាន​ធ្វើ​ឲ្យ​កូន​ម្ចាស់ផ្ទះ​ដែល​ដេក​នៅ​ក្នុង​បន្ទប់​រត់​ចេញ​មក​ក្រោម​មិន​ទាន់ ជា​ហេតុ​បណ្ដាល​ឲ្យ​ស្លា​.​ប់​បាត់បង់​ជីវិត​រហូត​ដល់​ទៅ​៣​នាក់​ឯណោះ ក្នុង​ចំណោម​កូន​ទាំង​៥​នាក់​។ ចំណែក​ផ្ទះ​របស់​ជន​រង​គ្រោះ​ដែល​ឆេះ​ឡើង​ហ្មត់​នេះ គឺជា​កម្មសិទ្ធិ​របស់​ឈ្មោះ យ៉ា អ៊ែ​ល ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​ជនជាតិ​ចាម រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ហើយ​ចំពោះ​កូន​ម្ចាស់ផ្ទះ​ដែល​បាន​ស្លា​.​ប់​ទាំង​៣​នាក់​នោះ ក្នុង​នោះ​បុរស​ម្នាក់ រួម​មាន ៖

១- ឈ្មោះ ឯ​ល ណូ​រ៉ុល​ចាន់​ណាស់ ភេទ​ស្រី អាយុ​១៧​ឆ្នាំ​, ២- ឈ្មោះ ឯ​ល ម៉ាត់​ហ្វី​ទល ភេទ​ប្រុស អាយុ​១០​ឆ្នាំ និង​៣- ឈ្មោះ ឯ​ល ហ្វា​រី​ទាស់ ភេទ​ស្រី អាយុ​១៥​ឆ្នាំ ក្រៅពី​នេះ​បាន​រង​របួស​មនុស្ស​ចំនួន​២​នាក់ ក្នុង​នោះ​ស្រី​ម្នាក់ រួម​មាន ៖ ១- ឈ្មោះ យ៉ា អ៊ែ​ល ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ និង​២- ឈ្មោះ ឯ​ល រ៉​ទី​យ៉ា​ស់ ភេទ​ស្រី អាយុ​៤១​ឆ្នាំ កំពុង​បញ្ជូន​ទៅ​ស​ង្គ្រាះ​នៅ​មន្ទីរពេទ្យ ចំណែក​កូន​ៗ​ចំនួន​២​នាក់​ទៀត​នៅ​ពុំ​ទាន់​ស្គាល់ឈ្មោះ​នៅឡើយទេ​។

ចំពោះ​ការ​ខូចខាត គឺ​ផ្ទះ​សង់​អំពី​ឈើ​ដំបូល​ប្រក់​ក្បឿង រៀប​បន្ទប់​ស​ង្ក័​សី​ក្រោម​ទំហំ (៦​មែ​ត្រ​×៨​ម៉ែត្រ​) ឆេះ​អស់ទាំង​ស្រុង និង​ខូចខាត​ទ្រព្យសម្បត្តិ​ទាំងស្រុង​ផង​ដែរ​។ ចំណែក​មូលហេតុ​វិញ សមត្ថ​កិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​នៅឡើយ​។ អគ្គិភ័យ​នេះ​បាន​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ហើយ​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ យើង​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង និង​ប្រើប្រាស់​អស់​ទឹក​៦​រថយន្ត​ផង​ដែរ​។

អភិបាលស្រុក​កងមាស បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​មាន​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ កុម្ភៈ គឺ​ឃើញ​មាន​វត្តមាន​ស្នងការ​នគរបាល​ខេត្ត បាន​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់ រួម​នឹង​សហការី​។ ហើយ​ក្នុង​នាម​អាជ្ញាធរ​ស្រុក ពិតជា​មានការ​សោកស្ដាយ​ចំពោះ​អគ្គិភ័យ​នេះ ដែល​បាន​ធ្វើ​ឲ្យ​បាត់បង់​អាយុជីវិត​កូន​ម្ចាស់ផ្ទះ​រហូត​ដល់​ទៅ​៣​នាក់​។

ជាមួយ​គ្នា​នោះ​ផង​ដែរ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត បាន​នាំ​យក​អំណោយ​សាខា​កាកបាទក្រហម​ខេត្ត ជូន​ដល់​គ្រួសារ​ជន​រង​គ្រោះ ក្នុង​នោះ​រួម​មាន ៖ អង្ករ​ចំនួន​១០០​គីឡូក្រាម​, មី​ចំនួន​២​កេស​, ត្រីខ​ចំនួន​២​យូរ​, ទឹកបរិសុទ្ធ​ចំនួន​២​កេស​, ទឹកក្រូច​ចំនួន​២​កេស​, ទឹកត្រី​ចំនួន​២​យួរ​, ទឹកស៊ីអ៊ីវ​ចំនួន​២​យួរ​, តង់​មួយ​, អាវយឺត​១០ និង​ថវិការ​ចំនួន​២​លាន​រៀល​។

ដោយឡែក ឯកឧត្តម ហុង ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល បាន​ចុះ​ជួយ​ស្រុក​កងមាស ដោយ​បាន​ឧបត្ថម្ភ​បន្ថែម​មាន ៖ អង្ករ​ចំនួន​៥០​គីឡូក្រាម​, មី​ចំនួន​២​កេស រួម​នឹង​របស់របរ​មួយ​ចំនួន​ទៀត អម​ដោយ​ថវិការ​ចំនួន​១​លាន​រៀល​ផង​ដែរ​។ ហើយ​ក្នុង​​ពេល​ប្រគល់​អំណោយ​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​ដោយ​លើក​ឡើង​ថា សូម​សោកស្ដាយ និង​ចូលរួម​រំលែក​នៅ​មរណទុក្ខ​ដែល​បាត់បង់​កូន​ម្ចាស់ផ្ទះ​រហូត​ដល់​ទៅ​៣​នាក់​នេះ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ