អូស្ត្រាលី ៖ ការប្រណាំងឡានអគ្គិសនីហោះ ឬ Flying Airspeeder លើកដំបូងបំផុតរបស់ពិភពលោក ដែលត្រូវបានសាកល្បងនៅលើវាលខ្សាច់ នៅក្នុងប្រទេសអូស្ត្រាលី ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសនេះ មានបំណងដាក់បញ្ចូលកីឡាប្រភេទនេះ ទៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុង Brisbane ឆ្នាំ២០៣២ ដែលអូស្ត្រាលីទទួលធ្វើជាម្ចាស់ផ្ទះ។ នេះបើយោងតាមប្រភពពីគេហទំព័រ Inside The Games ចេញផ្សាយកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។

ក្រុមហ៊ុន Airspeeder ដែលមានមូលដ្ឋាននៅទីក្រុង Adelaide បានបង្កើតនូវអ្វីដែលគេហៅថា ឡានប្រណាំងអគ្គិសនីហោះដំបូងគេរបស់ពិភពលោក ជាមួយការសាកល្បង ដែលបានធ្វើឡើងនៅវាលខ្សាច់ភាគខាងត្បូងអូស្ត្រាលី ហើយក្រុមហ៊ុនបានហោះហើរការប្រណាំងសាកល្បងរបស់ខ្លួន ដោយបង្ហាញក្តីសង្ឃឹមថា វាអាចជាកីឡាថ្មីសន្លាំង ដែលនឹងបង្ហាញខ្លួននៅព្រឹត្តិការណ៍អូឡាំពិក Brisbane 2032 ។

លោក Stephen Sidlo ប្រធានប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុន Airspeeder បានប្រាប់ទូរទស្សន៍អូស្ត្រាលី ABC ថា «នៅពេលដែលពួកយើងបានបង្កើត និងសាកល្បងឡានហោះទាំងអស់នេះ យើងបានធ្វើការប្រណាំងជាច្រើន យើងនឹងផ្លាស់ប្តូរទៅជាការប្រកួតពិត ដើម្បីដណ្តើមមេដាយ ហើយនោះនឹងបើកឱកាសជាច្រើនសម្រាប់ពិភពលោក ក្នុងការមើលឃើញនូវអ្វីដែលយើងកំពុងធ្វើនៅក្នុងភាគខាងត្បូងប្រទេសអូស្ត្រាលី។

លោកបានបន្ថែមថា «យើងចង់ឃើញកីឡាប្រភេទនេះ នៅព្រឹត្តិការណ៍អូឡាំពិក ហើយធ្វើអ្វីមួយនៅទីនោះ។ ប៉ុន្តែមធ្យោបាយតែមួយគត់ ដែលយើងនឹងទៅដល់ទីនោះ គឺប្រសិនបើយើងផ្ទៀងផ្ទាត់ថា កីឡានេះ មើលទៅដូចអ្វី ដែលទស្សនិកជនចង់ឃើញបំផុត ហើយថែមទាំងសាកល្បងពាក់ព័ន្ធនឹងប្រព័ន្ធសុវត្ថិភាពផងដែរ»។

ដោយឡែក លោក John Persico នាយកនៃបណ្តាញបច្ចេកវិទ្យាកីឡាអូស្ត្រាលី បាននិយាយថា គាត់អាចដឹងពីអត្ថប្រយោជន៍មួយចំនួនពីបច្ចេកវិទ្យាថ្មីៗ នៅពេលរៀបចំការប្រកួតនៅព្រឹត្តិការណ៍អូឡាំពិក Brisbane 2032 រួមទាំងការដោះស្រាយបញ្ហាដឹកជញ្ជូន និងការកែលម្អសន្តិសុខ។

លោក Persico បានថ្លែងប្រាប់ទូរទស្សន៍ ABC យ៉ាងដូច្នេះថា «វាជាផ្នែកមួយដ៏គួរឱ្យរំភើបបំផុត សម្រាប់ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០៣២ ជាមួយសមត្ថភាពក្នុងការបង្កើតការងារ ឱកាសថ្មីៗ និងបង្កើតបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅលើពិភពលោក។ យើងមានឧស្សាហកម្មក្នុងស្រុកដ៏រឹងមាំមួយ ជាមួយនឹងក្រុមហ៊ុនចំនួន ៦៥០ នៅក្នុងប្រទេសអូស្ត្រាលី ដែលធ្វើសកម្មភាពទាក់ទងនឹងការច្នៃប្រឌិតកីឡាទូទាំង ៣៥ ប្រភេទផ្សេងៗគ្នា ដែលផ្តល់ការងារដល់ប្រជាជនអូស្ត្រាលីប្រហែល ១៤,០០០នាក់នៅពេលនេះ ហើយក្រុមហ៊ុនមួយចំនួនទៀតបានបន្ត និងកំពុងធ្វើសកម្មភាពបង្ហាញភាពភ្ញាក់ផ្អើលសម្រាប់ពិភពលោក»៕






<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ