ខេត្តស្វាយរៀង ៖ បុរសជាកម្មករលីសែងម្នាក់ ត្រូវរថយន្តកុងតឺន័រ ថយបុកផ្ទប់កៀបជាប់នឹងគូទរថយន្ត ខណៈកំពុងលើកទំនិញ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។
ករណីរថយន្តថយក្រោយបុកកៀបស្លាប់នេះ កើតឡើងកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង២០និង៣០នាទីយប់ នៅក្នុងការដ្ឋានរបស់ក្រុមហ៊ុនសូឡា ស្ថិតក្នុងភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ។
បើតាមសមត្ថកិច្ចក្រុងបាវិត បានឲ្យដឹងថា ៖ នៅមុនពេលកើតហេតុ មានរថយន្ដមួយគ្រឿង ពាក់ស្លាកលេខ ៥១RO-១០៤៧ រថយន្តវៀតណាម ដឹកកុងតឺន័រ បើកបរដោយឈ្មោះ ចឹង យ៉ឹងវៀង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរបើកបររថយន្ត មានទីលំនៅភូមិផុងភូរ ឃុំកូវជៀ ស្រុកត្រាវិញ ខេត្តត្រាវិញ ប្រទេសវៀតណាម បានបើកថយន្តថយក្រោយ ដោយខ្វះការប្រុងប្រយ័ត្ន បានទៅបុករថយន្តខ្មែរមួយគ្រឿងទៀត ដែលកំពុងផ្ទេរអីវ៉ាន់ ចំពីក្រោយ បណ្ដាលកៀបកម្មករម្នាក់ ដែលកំពុងលើកអីវ៉ាន់ ជាប់នៅគូទរថយន្ត របួសធ្ងន់ធ្ងរ សន្លប់នៅនឹងកន្លែង គួរឲ្យញាក់សាច់ ។
ជនរងគ្រោះ ដែលកៀបនៅខាងក្រោយរថយន្តនោះមានឈ្មោះ វ៉ា គួយ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បណ្ដាលឲ្យស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ។
ឬឯជនបង្កជាអ្នកបើកបរ និងរថយន្តជាវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកមកអធិការដ្ឋាន នគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញខេត្ត ចាត់ការបន្ដតាមនីតិវិធី ។ ចំពោះសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ