អាជ្ញាកណ្ដាល-ចៅក្រមប្រដាល់សកលកម្ពុជា៨រូបប្រឡងជាប់កម្រិតអន្ដរជាតិផ្កាយ១ IBA មុនស៊ីហ្គេម ឆ្នាំ២០២៣
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មន្ត្រីអាជ្ញាកណ្តាល-ចៅក្រម នៃសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ចំនួន ៨រូប
រាជធានីភ្នំពេញ ៖ មន្ត្រីអាជ្ញាកណ្តាល-ចៅក្រម នៃសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ចំនួន ៨រូប
រាជធានីភ្នំពេញ ៖ មន្ត្រីអាជ្ញាកណ្តាល-ចៅក្រម នៃសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ចំនួន ៨រូប បានប្រឡងជាប់អាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិផ្កាយ១ នៃសមាគមកីឡាប្រដាល់សកលអន្ដរជាតិ(IBA) ដើម្បីត្រៀមចូលរួមកាត់សេចក្ដី ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នាខែឧសភាខាងមុខ។
មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមកម្ពុជា ដែលបានប្រឡងជាប់អាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិផ្កាយ១ និងទទួលស្គាល់ដោយស្ថាប័ន IBA ទាំង៨រូបនេះ រួមមានលោក សួស លីនណា, លោក ម៉ាក់ សាមឿន, លោក ផល សុផាត, លោក ណុប វ៉ាន់ថេត, លោក ម៉ី រតនៈ លោក ជួន សំណាង, លោក នួន វុទ្ធី និងកញ្ញា ឥន្ទ វិចិត្រ ដែលត្រូវបានប្រគល់ និងទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សារបស់ខ្លួន កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ កន្លងទៅនេះ ។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានឱ្យដឹងថា កាលពីចុងខែធ្នូ ឆ្នាំ២០២២ កន្លងទៅ សហព័ន្ធ បានសហការជាមួយ IBA រៀបចំវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិផ្កាយ១ (IBA 1-Star R&J Certification Course 2022) ដែលបង្រៀនដោយគ្រូឧទ្ទេសអន្ដរជាតិលោក Waith John Henry។ វគ្គនេះ មានសិក្ខាកាមចូលរួមសរុប១៧នាក់ ហើយជាលទ្ធផលមានសិក្ខាកាម ៨នាក់ បានប្រឡងជាប់ និងទទួលស្គាល់ដោយ IBA ។
អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមទាំង ៨រូបនេះ នឹងមាន ២រូបចូលរួមកាត់សេចក្តី សម្រាប់ប្រភេទកីឡាប្រដាល់សកល ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដែលនឹងប្រកួតចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ រីឯមន្ត្រីអាជ្ញាកណ្តាល-ចៅក្រម ៦រូបទៀត ក៏នឹងចូលរួមជាមន្ត្រីបច្ចេកទេស សម្រាប់ការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះផងដែរ។
ទន្ទឹមនឹងនេះ លោក ប៊ុយ សុភ័ណ្ឌ បានចាត់ទុក ការប្រឡងជាប់វិញ្ញាបនបត្រអន្តរជាតិកម្រិតផ្កាយ១ របស់មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមរបស់កម្ពុជាទាំង៨នាក់នេះថា ជាកំណត់ត្រាប្រវត្តិសាស្ត្រលើកដំបូងសម្រាប់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាដែលនាំឱ្យសហព័ន្ធមានធនធានមន្ដ្រីបច្ចេកទេសគ្រប់គ្រាន់ ដើម្បីចូលរួមរៀបចំ និងកាត់សេចក្ដីក្នុងការប្រកួតកីឡាប្រចាំតំបន់នេះ ៕
ចែករំលែកព័តមាននេះ