ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បង្កើន​ការ​នាំ​ចូល​ប្រេង​បញ្ចុះតម្លៃ ដែល​លាយ​បញ្ចូល​គ្នា​ជាមួយ​ប្រេង​រុ​ស្ស៊ី

1 ឆ្នាំ មុន

ចិន​-​រុ​ស្ស៊ី ៖ យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៣ ខែ

ចិន​-​រុ​ស្ស៊ី ៖ យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៣ ខែកុម្ភៈ បានឱ្យ​ដឹង​ថា រោងចក្រ​ចម្រាញ់​ប្រេង​ឯករាជ្យ​របស់​ប្រទេស​ចិន កំពុង​បង្កើន​ការ​នាំ​ចូល​ប្រេង​បញ្ចុះតម្លៃ ដែល​លាយ​បញ្ចូល​គ្នា​ជាមួយ​ប្រេង​រុ​ស្ស៊ី ដែល​មាន​តម្លៃ​ទាប ចំ​ពេល​មានការ​ខ្វះខាត​កូតា​នាំ​ចូល​ប្រេង​ឆៅ​របស់​រដ្ឋាភិបាល សម្រាប់​ក្រុមហ៊ុន​មួយ​ចំនួន​។

ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាងលិច ជុំវិញ​ការ​លុកលុយ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន រួម​ទាំង​ការ​ហាមឃាត់ ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០៥ ខែកុម្ភៈ​តទៅ ហើយ​និង​ការ​កំណត់​តម្លៃ​ផលិតផល​ចម្រាញ់ បាន​កំពុង​ជំរុញ​ឱ្យ​ការ​នាំ​ចេញ​ប្រេង​របស់​រុ​ស្ស៊ី បង្វែរ​គោលដៅ​ឆ្ពោះទៅ​ភាគ​ខាងកើត ពោល​ទៅ​តំបន់​អាស៊ី តាម​រយៈ​ការ​បញ្ចុះតម្លៃ​ដ៏​គួរ​ឱ្យ​ទាក់ទាញ ចាប់តាំងពី​ឆ្នាំ​មុន​មក​ម្ល៉េះ ដែល​មមាញឹក​ខ្លាំង នៅ​មជ្ឈមណ្ឌល​ផ្ទេរ​ពី​កប៉ាល់​ទៅ​កប៉ាល់​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ក្រុមហ៊ុន Fujairah របស់​អា​រ៉ាប់​រួម ចាប់តាំងពី​ត្រីមាស​ទី​២ នៃ​ឆ្នាំ ២០២២​។ ដោយ​ពាណិជ្ជករ​បាន​លាយ​ប្រេង​រុ​ស្ស៊ី ជាមួយនឹង​ប្រេង​ផ្សេង​ទៀត ហើយ​ធ្វើ​ម៉ាក​យីហោ​ប្រទេស​ដើម​របស់​ប្រេង​ឡើង​វិញ ដើម្បី​គេច​ពី​ការ​ហាមប្រាម នៅ​ក្រោម​ទណ្ឌកម្ម​។

ជាក់ស្តែង តាម​រយៈ​ការ​បញ្ចុះតម្លៃ​ដ៏​ពិសេស​របស់​រុ​ស្ស៊ី គឺជា​ឱកាស​មាស និង​ជួយ​កែ​លម្អ សម្រាប់​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​ឯករាជ្យ​ចិន ដើម្បី​ជំនួស​ប្រេង​ឆៅ ដែល​ក្រុមហ៊ុន​មួយ​ចំនួន មិន​អាច​នាំ​ចូល​ដោយ​គ្មាន​កូតា​។ ពាណិជ្ជកម្ម​នេះ ក៏​ផ្តល់​មធ្យោបាយ​ដ៏​សំខាន់ ដើម្បី​ទទួល​បាន​ប្រេង​រុ​ស្ស៊ី​ទៅ​កាន់​ទីផ្សារ និង​នាំ​មក​នូវ​ចំណូល​នាំ​ចេញ ដែល​ទីក្រុង​ម៉ូ​ស្គូ ត្រូវការ​ជា​ចាំបាច់​។

នាយក​ប្រតិបត្តិ ដែល​មាន​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​ឯករាជ្យ​ក្នុង​ខេត្ត Shandong ភាគ​ខាងកើត​ប្រទេស​ចិន បាន​និយាយ​ថា ក្រុមហ៊ុន​បាន​ធ្វើ​ពាណិជ្ជកម្ម​ប្រេង​ជាមួយ​រុ​ស្ស៊ី ចាប់តាំងពី​ខែធ្នូ មក​ម្ល៉េះ​។ នាយក​ប្រតិបត្តិ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូប​នោះ បាន​បន្ថែម​ថា ក្រុមហ៊ុន​ចម្រាញ់​ប្រេង មិន​បាន​ទទួល​កូតា​ប្រេង​ឆៅ​របស់​រដ្ឋាភិបាល​សម្រាប់​ឆ្នាំ​មុន ហើយ​ការ​ទិញ​ប្រេង ដែល​ដំណើរការ​ភាគច្រើន ដើម្បី​ផលិត​ប្រេងម៉ាស៊ូត និង​ប្រេងសាំង​។

ប្រភព​មួយ​បាន​លើក​ឡើង​ថា ធុង​ប្រេង​ដែល​លាយ​បញ្ចូល​គ្នា​ទាំងនោះ ត្រូវ​បាន​គេ​ជួញដូរ​លើក​ចុង​ក្រោយ នៅ​ក្នុង​តម្លៃ​ប្រហែល​៥​ដុល្លារ ដល់​តម្លៃ​ប្រេង​ឆៅ​នៃ​ស​ន្ទ​ស្សន៍ ICE Brent តាម​មូលដ្ឋាន​ដែល​ខេត្ត Shandong បាន​ចែកចាយ​។

ទិន្នន័យ​គយ​ផ្លូវការ បាន​បង្ហាញ​ថា ការ​នាំ​ចូល​ប្រេង​សរុប​របស់​ចិន បាន​កើនឡើង​ដល់​ប្រហែល ១.៧៦​លាន​តោន នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០២២ ដែល​ជា​ចំនួន​ខ្ពស់​បំផុត ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០២១ ។

តួលេខ​នេះ ត្រូវ​បាន​ជំរុញ​ដោយ​ការ​កើនឡើង​នៃ​ការ​ដឹក​ជញ្ជូន​ពី​ម៉ា​ឡេ​ស៊ី ដល់​កម្រិត​ខ្ពស់​ជាង​មួយ​ឆ្នាំ ចំនួន ៦២០,០០០​តោន ខណៈ​ដែល​ការ​នាំ​ចូល​ប្រចាំខែ​ពី​អា​រ៉ាប់​រួម (UAE) បាន​កើនឡើង​ដល់ ៤៧១,០០០​តោន ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​។

ទន្ទឹម​នឹង​នេះ ការ​នាំ​ចូល​ប្រេង​ដោយ​ផ្ទាល់​ពី​រុ​ស្ស៊ី បាន​ធ្លាក់​ចុះ​មក​ត្រឹម ១៨៧,០០០​តោន ក្នុង​ខែធ្នូ ឆ្នាំ​២០២២ បន្ទាប់​ពី​បាន​ឡើង​ដល់​កំពូល ៥៥៤,០០០​តោន ក្នុង​ខែតុលា បើ​ទោះបី​ការ​នាំ​ចូល​សរុប​ពី​រុ​ស្ស៊ី បាន​កើនឡើង​ទ្វេ​ដង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដល់​ចំនួន ៣,១​លាន​តោន ក្នុង​ឆ្នាំ ២០២២ យ៉ាងណា​ក៏​ដោយ​៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ