ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧត្តមសេនីយ៍ឯក ​ហ៊ុន ម៉ា​ណែ​ត​ ផ្តល់​សម្ភារ​សិក្សា​ដល់​កុមារ​កំព្រា​និង​ពិការ​នៅ​«​វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី»

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​សម្ភា​រះ​សិក្សា​និង​ប្រើប្រាស់​ព្រមទាំង​ថវិការ​មួយ​ចំនួន ដែល​ជា​អំណោយ​របស់​ឯក

រាជធានី​ភ្នំពេញ​ ៖​ សម្ភា​រ​សិក្សា​ និង​ប្រើប្រាស់​ ព្រមទាំង​ថវិការ​មួយ​ចំនួន ដែល​ជា​អំណោយ​របស់​ឯកឧត្តម​បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត ​និង​លោក​ជំទាវ ពេ​ជ ចន្ទ​មុន្នី ត្រូវ​បាន​សមាគមយុវជន​ក្រុម​៨​ដែល​មាន​លោក​បណ្ឌិត ម៉ឹង មក​រា ជា​ប្រធាន​ និង​លោកស្រី បាន​នាំ​យក​ទៅ​ប្រគល់​ជូន​ដល់​លោកគ្រូ អ្នកគ្រូ​និង​សិក្សា​នុ​សិស្ស ដែល​ជា​កុមារ​កំព្រា​និង​ពិការ​នៅ​វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី ដែល​មា​នទី​តាំងនៅ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ការ​ចុះ​សាកសួរ​សុខទុក្ខ​និង​ឧបត្ថម្ភ​ដល់​កុមារ​កំព្រា​និង​ពិការ​នៅ​វិទ្យាល័យ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៤​ ខែ​កុ​ម្ភៈ ​ឆ្នាំ​២០២៣ ​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ម៉េ​ង ស្រ៊ុ​ន អនុប្រធាន​សមាគមយុវជន​ក្រុម​៨ និង​ជា​ប្រធាន​សមាគមយុវជន​ក្រុម​៨ សាខា​រាជធានី​ភ្នំពេញ​ផង​ដែរ​។​

វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី មាន​អ្នកគ្រូ​លោកគ្រូ ៤២​នាក់ និង​សិស្សានុសិស្ស​ដែល​ជា​កុមារ​កំព្រា​និង​ពិការ ២១១​នាក់ ដែល​កំពុង​ស្នាក់​នៅ​និង​សិក្សា​រៀនសូត្រ​។

ការ​ជួយ​ឧបត្ថម្ភ​ដល់​វិទ្យាល័យ លោកគ្រូ​អ្នកគ្រូ និង​ក្មួយ​ៗ​សិស្សានុសិស្ស​នា​ពេល​នេះ គឺជា​ការ​បង្ហាញ​នូវ​ការ​យកចិត្តទុកដាក់ និង​ចូលរួម​ចំណែក​របស់​ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លើកកម្ពស់​ជន​មាន​ពិការ​ភាព ជា​ពិសេស​កុមារ​មាន​ពិការ​ភាព ដើម្បី​ទទួល​បាន​នូវ​សិទ្ធ​ក្នុង​ការ​រស់រាន​មានជីវិត មានឱកាស​ទទួល​បានការ​សិក្សាអប់រំ និង​អាច​មាន​លទ្ធភាព​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។

លោក​បណ្ឌិត​ម៉ឹង មក​រា ក៏​បាន​ណែនាំ​ឱ្យ​ក្មួយ​សិស្សានុសិស្ស​ប្រឹងប្រែង​ក្នុង​ការ​សិក្សា ដើម្បី​ក្លាយ​ខ្លួន​ជា​ធនធានមនុស្ស​ដ៏​ល្អ​ក្នុង​សង្គម និង​អាច​មាន​លទ្ធភាព​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​លើកកម្ពស់​ក្រុម​ជន​មាន​ពិការ​ភាព​ឱ្យ​កាន់តែ​មាន​សក្ដានុពល និង​ឱកាស​ចូលរួម​កសាង និង​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។

លោក​បណ្ឌិត ម៉ឹង មក​រា បាន​ថ្លែង​ថា​៖ «​អ្វី​ៗ​អាច​សម្រេច​ទៅ​បាន គឺ​មក​ពី​កត្តា​មនុស្ស​ជា​ចម្បង មនុស្ស​ជា​អ្នក​គិត មនុស្ស​ជា​អ្នក​ធ្វើ បើ​យើង​មាន​ធនធានមនុស្ស ប្រទេស​ជាតិ​យើង​នឹង​មានការ​អភិវឌ្ឍន៍​រីក​ចម្រើន​»។

វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩១ មុន​ដំបូង​មានឈ្មោះ​ជា​«​អង្គការ​គ្រួសារ​ថ្មី​» ក្នុង​គោលបំណង​ចិញ្ចឹម​បីបាច់​ថែរក្សា​កុមារ​កំព្រា និង​កុមារ​ដែល​ត្រូវ​គេ​បោះបង់​ចោល​នៅ​ជុំរំ​ភៀសខ្លួន​សាយ​ធូ ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ​។

ក្រោយមក អង្គការ​គ្រួសារ​ថ្មី ក៏​ត្រូវ​បាន​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​ក្លាយជា សាលា​សម្រាប់​ថែរក្សា​និង​បណ្ដុះបណ្ដាល​កុមារ​កំព្រា ដែល​មាន​ពី​ការ​ភាព រហូត​ដល់​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៩ សាលា​ក៏​បាន​ប្តូរ​ឈ្មោះ​មក​ជា «​វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី» វិញ នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។

លោក​បណ្ឌិត​ម៉ឹង មក​រា​ ក៏បាន​បញ្ជាក់​ថា​ សមាគមយុវជន​ក្រុម​៨​កន្លង​មក​បាន​រួមចំណែក​យ៉ាង​សកម្ម ក្នុង​ការ​ជួយ​ដល់​កិច្ចការ​មនុស្សធម៌ មាន​ដូច​ជា​៖ វិស័យ​សុខាភិបាល វិស័យ​អប់រំ វិស័យ​កសិកម្ម និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រួម​មាន ការ​កសាង​ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ទំនប់​ទឹក ប្រឡាយ​ទឹក ស្រះ​ទឹក ការ​ដាំ​កូន​ឈើ​លម្អ​អម​សងខាង​ផ្លូវ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​ទៀត ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ