ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​លើក​ទី​៣២ និង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​​បរទេស​អាស៊ាន

1 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ថ្ងៃ​ទី​៣-៤ ខែកុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន (ACC) លើក​ទី​៣២ និង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ដែល​បាន​

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៣-៤ ខែកុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន (ACC) លើក​ទី​៣២ និង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​លេខាធិការដ្ឋាន​អាស៊ាន ទីក្រុង​ហ្សា​ការ​តា សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​។

លើស​ពី​នេះ នេះ​ជា​ប្រវត្តិសាស្ត្រ​ដែល​លោក​ជំទាវ អា​ដាល់​ជី​ហ្សា ម៉ាក​ណូ (Adaljiza Magno) រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ជា​លើក​ដំបូង បន្ទាប់​ពី​ទី​ម័​រ​ឡេ​ស្តេ ទទួល​បានការ​ឯកភាព ជា​គោលការណ៍ កា្ល​យ​ជា​ប្រទេស​សមាជិក​អាស៊ាន​ទី​១១ ដោយ​កិច្ចប្រជុំ​កំពូល អាស៊ាន​លើក​ទី​៤១ នៅ​កម្ពុជា​។

កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​លើក​ទី​៣២ ត្រូវ​បាន​ចាប់ផ្តើម​ឡើង​ដោយ​បទ​បង្ហាញ​យ៉ាង​លម្អិត​របស់​លោក​ជំទាវ រ៉េ​ត​ណូ ម៉ារ​ស៊ូ​ឌី (Retno Marsudi) រដ្ឋមន្ត្រី​ការ​បរទេស នៃ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី និង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២៣ ស្តី​ពី​អាទិភាព​គន្លឹះ ក្រោម​មូលបទ «​សារៈសំខាន់​អាស៊ាន ៖ ស្នូល​នៃ​កំណើន​»​។

រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ក៏​បាន​ឯកភាព​ថា អាស៊ាន​ពិតជា​មាន​សារសំខាន់ ហើយ​បាន​បញ្ជាក់​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង និង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា សមិទ្ធ​ភាព​អាទិភាព​គន្លឹះ​របស់​ប្រធាន​អាស៊ាន​នៅ​ក្នុងឆ្នាំនេះ នឹង​ជួយ​ប្រែក្លាយ​អាស៊ាន​ឱ្យទៅ​ជា​តំបន់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​។

កិច្ចប្រជុំ​នេះ​បាន​កោតសរសើរ​ដល់​ក្រុមការងារ​ជាន់ខ្ពស់​សម្រាប់​ចក្ខុវិស័យ​សហគមន៍​អាស៊ាន ក្រោយ​ឆ្នាំ​២០២៥ (HLTF-ACV) ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ជា​ពិសេស​ក្នុង​ការ​ផ្តល់​អនុសាសន៍​ស្តី​ពី​ការ​ពង្រឹងសមត្ថភាព និង​ប្រសិទ្ធភាព​ស្ថាប័ន​អាស៊ាន ដែល​ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​ទី​៤១ កាលពី​ខែវិច្ឆិកា ឆ្នាំ​កន្លង​ទៅ​។

រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន បាន​ប្រគល់​ភារៈកិច្ច​ជូន​ឧត្តមមន្ត្រី​អាស៊ាន​សិក្សា​អំពី​លទ្ធភាព​បង្កើត​ក្រុមការងារ ដើម្បី​ពិភាក្សា​ពី​វិធី​ពង្រឹងសមត្ថភាព​របស់​អាស៊ាន​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​មុខ​នឹង​វិបត្តិ​នានា ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា ហើយ​ក៏​បាន​ចាត់​គណៈកម្មាធិការ​តំណាង​អចិន្ត្រៃយ៍​ប្រចាំ​អាស៊ាន (CPR) ធ្វើការ​ពិគ្រោះ​យោបល់​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​លេខាធិការដ្ឋាន​អាស៊ាន និង​ស្ថាប័ន​ពាក់ព័ន្ធ អំពី​អនុសាសន៍​គន្លឹះ​នានា​របស់ HLTF-ACV​។

កិច្ចប្រជុំ​បាន​លើក​ឡើង​អំពី​សារៈសំខាន់ នៃ​ការ​អនុវត្ត​នូវ​ជំហាន​ជាក់ស្តែង ដើម្បី​សម្រេច​គោលដៅ​នៃ​ទស្សនវិស័យ​អាស៊ាន​ស្តី​ពី​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក (AOIP) និង​បាន​ចាត់​ឲ្យ CPR ពិភាក្សា​អំពី​ផែនទី​បង្ហាញផ្លូវ​អាស៊ាន​សម្រាប់​ការ​លើកកម្ពស់​ទស្សនវិស័យ​អាស៊ាន​ស្តី​ពី​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក និង​តាមដាន​ការ​អនុវត្ត​នៃ​សេចក្តី​ប្រកាស​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​ស្តី​ពី​ការ​ពង្រឹង​វិស័យ​អាទិភាព​ចំនួន​បួន នៃ AOIP​។ បន្ថែម​ពី​នេះ ACC ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​ការ​តាមដាន​ការ​អនុវត្ត​នៃ​សេចក្តី​ប្រកាស​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​ស្តី​ពី​សេដ្ឋកិច្ច​ពណ៌​ខៀវ និង​បាន​ឯកភាព​បង្កើត​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ពណ៌​ខៀវ​អាស៊ាន។

រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​ចិត្ត​ពង្រឹង​យន្តការ និង​ក្របខ័ណ្ឌ​ការងារ ថ្នាក់​តំបន់ ដើម្បី​ឆ្លើយ​តប​នឹង​វិបត្តិ​សុខភាព​សាធារណៈ ក្រៅពី​ជំងឺ​កូ​វី​ដ​-១៩ រួម​ទាំង​ការ​ដាក់​ដំណើរការ​ឱ្យ​បាន​ឆាប់​នូវ​មជ្ឈមណ្ឌល​អាស៊ាន​សម្រាប់​គ្រោះអាសន្ន​សុខភាព​សាធារណៈ និង​ជំងឺ​រាតត្បាត​ថ្មី​ៗ​។ ACC ក៏​បាន​អនុម័ត​លើ​វិសោធនកម្ម​លក្ខខណ្ឌ​ប្រតិបត្តិ​នៃ​មូលនិធិ​អាស៊ាន​ឆ្លើយ​តប​នឹង​ជំងឺ​កូ​វី​ដ​-១៩ ដែល​នឹង​អនុញ្ញាត​ឱ្យ​ប្រទេស​សមាជិក​អាច​ប្រើប្រាស់​មូលនិធិ​នេះ ដើម្បី​ទិញ​វ៉ា​ក់​-​សាំង​សម្រាប់​ជំងឺឆ្លង​ផ្សេង​ៗ​ទៀត​។

ចំពោះ​បញ្ហា​ទី​ម័​រ​ឡេ​ស្តេ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​បាន​ប្រគល់​ភារៈកិច្ច​ជូន​ក្រុមការងារ​របស់ ACC ព​ន្លឿ​ន​ការ​រៀបចំ​ផែនទី​ចង្អុល​ផ្លូវ​មួយ ដែល​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ​គោលដៅ​សម្រាប់​ការ​ចូល​ជា​សមាជិក​អាស៊ាន​ពេញ​សិទ្ធិ​របស់​ទី​ម័​រ​ឡេ​ស្តេ ហើយ​ដែល​នឹង​ដាក់​ជូន​អនុម័ត​នៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤២​។ កិច្ចប្រជុំ​បាន​អនុម័ត​គោលការណ៍​ណែនាំ​ស្តី​ពី​ការ​អនុវត្ត​លក្ខន្តិក​ជា​អ្នក​សង្កេតការណ៍​របស់​ទី​ម័​រ​ឡេ​ស្តេ សម្រាប់​សមាជិកភាព​អាស៊ាន ដើម្បី​អនុញ្ញាត​ឲ្យ​ទី​ម័​រ​ឡេ​ស្តេ អាច​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ទាំងអស់ និង​អាច​ធ្វើ​សេចក្តីថ្លែងការណ៍​បាន តាម​ការ​សម​ស្រប​។

បន្ថែម​លើស​នេះ​ផង​ដែរ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន បាន​គូសបញ្ជាក់​នូវ​សារៈសំខាន់​នៃ​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព នៃ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ដែល​ដើរតួ​ដ៏​សំខាន់​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​ក្នុង​តំបន់​។ កិច្ចប្រជុំ​បាន​រំលឹក​អំពី​គំនិត​ផ្តួចផ្តើម​ក្នុង​ការ​បង្កើត​កិច្ចព្រមព្រៀង​បៃតង​អាស៊ាន ដែល​ជា​ក្របខ័ណ្ឌ​ការងារ​អាច​អនុវត្ត​បាន និង​មាន​ភាព​ជាក់ស្តែង និង​អនុញ្ញាត​ឱ្យ​ប្រទេស​សមាជិក​ធ្វើការ​ផ្លាស់​ប្តូរ​បន្តិច​ម្តង​ៗ​ឆ្ពោះទៅ​កាន់​អនាគត​បៃតង និង​ប្រកបដោយ​ចីរភាព​។

នៅ​ក្នុង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន រដ្ឋមន្ត្រី​បាន​ពិភាក្សា​លើ​ការងារ​តាមដាន​អំពី​ការ​វា​.​យ​តម្លៃ និង​សេចក្តីសម្រេច​ចិត្ត​របស់​ថ្នាក់ដឹកនាំ​អាស៊ាន ស្តី​ពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច (5PC) និង​បាន​ទទួលស្គាល់​ពី​ភាព​ស្មុគស្មាញ និង​ការ​លំបាក​នៃ​វិបត្តិ​នយោបាយ​នៅ​មី​យ៉ា​ន់​ម៉ា ហើយ​បាន​ទទួលស្គាល់​ថា គឺ​ត្រូវការ​ពេលវេលា​ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​នយោ​បាយ​យូរអង្វែង​។ ខណៈ​ពេល​ដែល​ការ​បញ្ឈប់​អំពើ​ហិ​.​ង្សា និង​ការ​សន្ទនា​ប្រកបដោយ​បរិ​យា​ប័ន្ន គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​រក​សន្តិភាព​យូរអង្វែង ការ​កសាង​ទំនុកចិត្ត ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ជា​បន្ទាន់​ជា​កត្តាចាំបាច់​។ អង្គប្រជុំ​បាន​ឯកភាព​ថា ការ​ចូលរួម​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ គួរតែ​ត្រូវ​ជំរុញ​ឲ្យ​ខ្លាំង​បន្ថែម​ទៀត ក្នុង​ឥរិយាបថ​បរិ​យា​ប័ន្ន និង​ប្រកបដោយ​ភាព​បត់បែន ព្រមទាំង​ឲ្យ​ស្រប​តាម​ធម្មនុញ្ញ​អាស៊ាន​។

រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​បាន​បញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​រក្សា «​ម​ជ្ឈ​ភាព និង​ឯកភាព​អាស៊ាន​» នៅ​ក្នុង​ដំណោះស្រាយ​វិបត្តិ​នយោបាយ​នៅ​មី​យ៉ា​ន់​ម៉ា ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់ ហើយ​ក៏​បាន​សម្តែង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​លោក​ជំទាវ រ៉េ​ត​ណូ ម៉ារ​ស៊ូ​ឌី និង​ការិយាល័យ​ប្រេសិត ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តី​ពី​មី​យ៉ា​ន់​ម៉ា​ផង​ដែរ​។ អង្គប្រជុំ​បាន​ស្វាគមន៍​នូវ​សេចក្តី​ព្រាង​ផែនការ​អនុវត្ត 5PC ដែល​ជា​ឯកសារ​រស់​អាច​ធ្វើ​បច្ចុប្បន្នភាព​បាន អាស្រ័យ​តាម​វឌ្ឍនភាព និង​ស្ថានការណ៍ នៅ​មី​យ៉ា​ន់​ម៉ា​។

កិច្ចប្រជុំ​ចង្អៀត​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​បញ្ហា​តំបន់ និង​បញ្ហា​អន្តរជាតិ ដែល​ជា​ប្រយោជន៍ និង​កង្វល់​រួម រួម​ទាំង​ស្ថានភាព​នៅ​មី​យ៉ា​ន់​ម៉ា បញ្ហា​ឧបទ្វីប​កូរ៉េ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​សមុទ្រ​ចិន​ខាងត្បូង ជាដើម​។ រដ្ឋមន្ត្រី​ការ​បរទេស​បាន​គូសបញ្ជាក់​ពី​តម្រូវការ​ក្នុង​ការ​ពង្រឹង និង​លើកកម្ពស់​ពហុភាគី​និយម ការ​សន្ទនា​ក្នុង​ន័យ​ស្ថាបនា និង​កិច្ច​សហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ ដើម្បី​ជម្នះ​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់​មាន​ពី​មុន​។ លើស​ពី​នេះ កិច្ចប្រជុំ​ក៏​បាន​សង្កត់ធ្ងន់​ថា គំនិត​ផ្តួចផ្តើម​របស់​ដៃគូ​នានា​ត្រូវ​តែ​ស្រប​តាម​ធម្មនុញ្ញ​អាស៊ាន និង AOIP ហើយ​រួមចំណែក​ដល់​សន្តិភាព ស្ថិរភាព និង​វិបុលភាព ក្នុង​តំបន់​។

ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​ខាងលើ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន ក៏​បាន​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក​ជំទាវ អា​ដាល់​ជី​ហ្សា ម៉ាក​ណូ រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ និង​ជាមួយ​ឯកឧត្តម ប៊ូ​យ ថា​ញ់​សឺ​ន រដ្ឋមន្ត្រី​ការ​បរទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ស្តី​ពី​បញ្ហា​ជា​ច្រើន​ពាក់ព័ន្ធ​ទៅ​នឹង​ផលប្រយោជន៍​ជា​យុទ្ធសាស្ត្រ​ទៅ​វិញ​ទៅ​មក និង​កិច្ច​ខិតខំ​ប្រឹងប្រែង​នៃ​ប្រទេស​សមាជិក​អាស៊ាន ដើម្បី​ជំរុញ​ដល់​ដំណើរការ​កសាង​សហគមន៍​អាស៊ាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ