ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​នៃ​ការ​ពុល​នំ​បញ្ចុក​ដែល​អ្នក​ធ្វើ​នំ​បញ្ចុក​គួរតែ​ដឹង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​២​ទៅ​៣​ឆ្នាំ​កន្លង​ទៅ​នេះ ការ​ពុល​ចំណីអាហារ​មានការ​កើនឡើង

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​២​ទៅ​៣​ឆ្នាំ​កន្លង​ទៅ​នេះ ការ​ពុល​ចំណីអាហារ​មានការ​កើនឡើង ជា​ពិសេស​ការ​ពុល​នំ​បញ្ចុក​ក៏​មានការ​កើត​ឡើងជា​បន្តបន្ទាប់​ដែរ ។ នេះ​ជា​ការ​កត់សម្គាល់​របស់​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ា​ន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ។ លោក លី សូ​វ៉ា​ន់ មាន​ប្រសាសន៍​ថា ក្នុង​មួយ​ឆ្នាំ​ៗ​ការ​ពុល​នំ​បញ្ចុក​មាន​៤​ទៅ​៥​ករណី និង​មាន​ប្រជាជន​រង​គ្រោះ​រាប់រយ​នាក់ តែ​មិន​មាន​ករណី​ស្លាប់​ដោយសារ​ការ​ពុល​នំ​បញ្ចុក​នេះ​ទេ ដោយសារ​តែ​ក្រុម​ឆ្លើយ​តប​បន្ទាន់​របស់​ក្រសួងសុខាភិបាល​បានដឹង​ទាន់ បន្ទាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​ផ្តល់​ព័ត៌មាន និង​បាន​ចុះ​ទៅ​ជួយ​ទាន់​ពេល ។ លោក​វេជ្ជបណ្ឌិត លី សូ​វ៉ា​ន់ បាន​ប្រាប់​កោះសន្តិភាព​ថា ចាប់តាំងពី​ដើមឆ្នាំ​២០១៧ រហូត​មក​ដល់​ពេល​នេះ ការ​ពុល​នំ​បញ្ចុក​មាន​ជាង​៨០​នាក់ នៅ​ក្នុង​ខេត្តបាត់ដំបង សៀមរាប និង​ខេត្ត​មួយ​ចំនួន​ទៀត តែ​មិន​មាន​អ្នក​ស្លាប់​ទេ ។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា ការ​ពុល​នំ​បញ្ចុក​នេះ​អាច​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន​ដូច​ជា ៖ 

១-​កង្វះ​អនាម័យ​៖ សម្រាប់​សិប្បកម្ម​ខ្នាត​តូច ភាគច្រើន​ទម្លាប់​ធ្វើ​នំ​បញ្ចុក​ដោយ​ប្រើ​ដៃ​ហើយ​ដៃ​មិន​បាន​លាង​សម្អាត​ឱ្យ​បាន​ស្អាត ។ 

២-​ការ​ទុកដាក់​៖ ការ​ទុកដាក់​នំ​បញ្ចុក​ក្ន​ង​កញ្ច្រែង​ឬ​ធុង និង​របស់របរ​ផ្សេង​ទៀត​ដែល​មិន​មាន​អនាម័យ ។ 

៣-​ទឹក​លាង​សម្អាត​៖ ជាង​ទូទៅ ការ​ពុល​នេះ​អាច​បណ្តាល​មក​ពី​ការ​លាង​នំ​បញ្ចុក​ជាមួយ​ទឹក​ត្រជាក់​មិន​បាន​ចម្អិន​ឱ្យ​ឆ្អិន ។ 

៤-​ទុកដាក់​យូរ​៖ ការ​ទុកដាក់​នំ​បញ្ចុក​រយៈពេល​យូរ គ្មាន​សីតុណ្ហភាព​ត្រឹមត្រូវ អាច​ធ្វើ​ឱ្យ​សាច់​នំ​បញ្ចុក​បំ​លែង​នាំ​ឱ្យ​មាន​ជាតិពុល ។

៥-​បន្លែ​នំ​បញ្ចុក​៖ ជា​ទូទៅ ខ្មែរ​យើង​និយម

បរិភោគ​នំ​បញ្ចុក​ជាមួយ​បន្លែ​ឆៅ ហើយ​កាលណា​បន្លែ​លាង​មិន​បាន​ស្អាត​អាច​នាំ​ឱ្យ​ពុល​បាន​ដែរ ។ 

ដូច្នេះ ដើម្បី​ការពារ​កុំឱ្យ​មានការ​ពុល​ដោយសារ​នំ​បញ្ចុក​កើតឡើង លោក​អ្នក​ដែល​ជា​អ្នក​ធ្វើ​នំ​បញ្ចុក គួរតែ​អនុវត្ត​តាម​វិធី​ខាងក្រោម​នេះ​មាន​ដូច​ជា ៖ 

-​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​ជា​និច្ច ហើយ​មុន​ពេល​ចាប់ផ្តើម​ធ្វើ​នំ​បញ្ចុក គួរតែ​លាង​សម្អាត​ដៃជើង​ឱ្យ​បាន​ស្អាត ពិសេស​គួរតែ​មាន​ស្រោមដៃ​សុវត្ថិភាព ។ 

-​មិន​ត្រូវ​លាង​សម្អាត​នំ​បញ្ចុក​ជាមួយ​ទឹក​មិន​បាន​ចម្អិន​ឱ្យ​បាន​ឆ្អិន​ល្អ ។ 

-​ដោយសារ​តែ​សីតុណ្ហភាព​ក្នុង​ប្រទេស​យើង​មានការ​ប្រែប្រួល ដូច្នេះ​គួរតែ​ចេះ​ទុកដាក់​នំ​បញ្ចុក​និង​បន្លែ​ឱ្យ​មាន​សុវត្ថិ​ភាពល្អ បើសិនជា​ទុក​យូរ​លើស​ពី​២​ម៉ោង គួរតែ​ធ្វើការ​ផ្ងំ​(​កម្តៅ​)​នំ​បញ្ចុក​ឱ្យ​លើស​ពី​៦០​អង្សា​សេ តែបើ​ទុក​នៅ​កន្លែង​ត្រជាក់​គួរតែ​ឱ្យ​ស្ថិត​នៅ​ក្នុង​សីតុណ្ហភាព​៤​អង្សា​សេ​ទើប​ជា​ការ​ប្រសើរ ។ 

-​ចំពោះ​បន្លែ​ត្រូវ​តែ​លាង​សម្អាត​ជាមួយនឹង​ទឹក​ស្អាត ពិសេស​ត្រូវ​ទិញ​បន្លែ​ដែល​មាន​ប្រភព​ច្បាស់លាស់​និង​មានការ​ជឿ​ទុកចិត្ត ។ 

សូម​អនុវត្ត​តាម​វិធី​ទាំងនេះ នោះ​លោក​អ្នក​អាច​នឹង​ចៀស​ផុត​ពី​ការ​មាន​បញ្ហា​ពុល ដែល​អាច​ធ្វើ​ឱ្យ​លោក​អ្នក​ខាតបង់​ទាំង​ថវិកា ប្រឈម​ទៅ​នឹង​មុខ​ច្បាប់ និង​អាច​បិទ​សិប្បកម្ម​ថែម​ទៀត​ផង ។ ពិសេស បើ​មាន​ពុល​អ្វី​កើតឡើង​គួរតែ​រាយការណ៍​ទៅ​កាន់​លេខ​១១៥ ដើម្បី​ឱ្យ​មន្ត្រី​ចុះ​ទៅ​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា ៕