ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CAMSOC ប្រកាស​ទទួលយក​អ្នក​ស្ម័គ្រ​ចិត្តជា​ផ្លូវការ សម្រាប់​ត្រៀម​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម និង​អាស៊ាន​​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ឆ្នាំ​២០២៣ បាន​ដាក់​ក្ដី​សង្ឃឹមថា កម្ពុជា នឹង​បាន​ទទួល​នូវ​ការ​ចុះ​ឈ្មោះ​របស់​អ្នក​ស្ម័គ្រ​ចិត្តជា​ច្រើន ដើម្បី​ចូលរួម​បំពេញការងារ​ក្នុង​កិច្ចការ​ស៊ី​ហ្គេ​ម​របស់​ជាតិ ឱ្យ​ទទួល​បាន​ជោគជ័យ​។

ការ​បង្ហើប​ពី​ក្តី​សង្ឃឹម​បែប​នេះ​របស់​ឯកឧត្តមបណ្ឌិត ថោ​ង ខុន ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ប្រកាស​ទទួលយក​អ្នក​ស្ម័គ្រ​ចិត្តជា​ផ្លូវការ សម្រាប់​ត្រៀម​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​ផ្ទាល់​របស់​ឯកឧត្តម និង​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា(​ស​.​ស​.​យ​.​ក​)​កាលពី​រសៀល​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២៣​។

តាម​ខ្លឹមសារ ដែល​ត្រូវ​បាន​លើក​ឡើង​ក្នុង​ស​ន្និសារ​ព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​០១ កុម្ភៈ គឺ​គណៈ​កម្មាធិការ​ជាតិ CAMSOC ត្រូវការ​អ្នក​ស្ម័គ្រចិត្ត​ប្រមាណ ៧០០០​នាក់ ដើម្បី​បម្រើ​ដល់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ដែល​មាន​ប្រតិភូ​ប្រមាណ​ពី​៧ ទៅ​៨​ពាន់​នាក់​ចូលរួម ហើយ​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន បាន​ដាក់​ក្ដី​សង្ឃឹមថា នឹង​បាន​ទទួល​នូវ​ការ​ចុះ​ឈ្មោះ​របស់​អ្នក​ស្ម័គ្រចិត្ត ទៅ​តាម​តម្រូវ​ការ​នេះ​។

តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ក្លាយជា​អ្នក​ស្ម័គ្រចិត្ត​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ២០២៣​?

គណៈកម្មការ​ស្ម័គ្រចិត្ត នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ឆ្នាំ​២០២៣ នៅ​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២៣ បាន​ប្រកាស​ទទួល​អ្នក​ស្ម័គ្រ​ចិត្តជា​ផ្លូវការ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ ។ ក្នុង​ឱកាស​ដែល​កម្ពុជា​ត្រូវ​ចាប់ផ្ដើម​មុន​សម្រាប់​ការ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ លើ​៣៦​ប្រភេទ​កីឡា បូក​កីឡា​សម្ដែង ១​ប្រភេទ តម្រូវការ​អ្នក​ស្ម័គ្រចិត្ត ត្រូវ​បាន​រំពឹង​ថា នឹង​ជ្រើសរើស​ចំនួន ៦.៩៦៣​នាក់ ដូច្នេះ​ការ​ចូលរួម​គឺជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ដំណើរការ​ទៅ​យ៉ាង​រលូន​។

អំពី​អ្នក​ស្ម័គ្រចិត្ត ៖ អ្នក​ស្ម័គ្រចិត្ត​ត្រូវ​បានបែងចែក​ជា ៣​កម្រិត រួម​មាន​៖ ថ្នាក់ដឹកនាំ ជន​បង្គោល និង​អ្នក​ស្ម័គ្រចិត្ត​ទូទៅ ។ ក្នុង​តម្រូវការ​អ្នក​ស្ម័គ្រចិត្ត​ប្រមាណ ៧.០០០​នាក់ គណៈ​កម្មការ​បាន​បើក​ទូលាយ​ជូន​ដល់​សាធារណជន​ចូលរួម​ព្រមទាំង​ផ្ដល់​នូវ​៥០​កន្លែង​ដល់​អ្នក​ស្ម័គ្រ​ចិត្តជា​ជនជាតិ​បរទេស ។ លើស​ពី​នេះ​ក៏​ត្រូវការ​អ្នក​ស្ម័គ្រចិត្ត នៅ​ខេត្តសៀមរាប ចំនួន ១០០​នាក់ ខេត្ត​ព្រះ​សីហ​នុ ចំនួន ១០០​នាក់ ខេត្ត​កែប ៥០​នាក់ និង​ខេត្តកំពត ៥០​នាក់​។

ការ​ចូលរួម​ស្ម័គ្រចិត្ត ៖ អ្នក​ស្ម័គ្រចិត្ត​ត្រូវ​មាន​លក្ខណៈសម្បត្តិ​ដូច​ខាងក្រោម​:

អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង​ទៅ (​គិត​ត្រឹម​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៣)

មាន​ពេលវេលា​គ្រប់គ្រាន់

មាន​សុខភាព​ល្អ ដើម្បី​បំពេញការងារ

មាន​ឆន្ទៈ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការងារ

មាន​អាកប្បកិរិយា​ស្លូតបូត និង​សុភាព​រាបសា

លើកទឹកចិត្ត​ចំពោះ​ជន​មាន​ពិការ​ភាព គ្រូបង្វឹក​កីឡា អតីត​កីឡាករ កីឡាការិនី

ចេះ​ភាសា​អង់គ្លេស (​សម្រាប់​អ្នក​ស្ម័គ្រ​ជា​អ្នកសម្របសម្រួល LO)

អ្នក​ស្ម័គ្រចិត្ត​ត្រូវ​មាន​ឯកសារ​តម្រូវ ៖

រូបថត (​ទំហំ ៤​គុណ​៦) អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន និង​ជីវប្រវត្តិ​សង្ខេប

ឆ្លងកាត់​ការ​ចុះ​ឈ្មោះ​តាម​អន​ឡាញ (Online Registration) និង​ត្រូវ​ឆ្លងកាត់​កិច្ច​សម្ភាសន៍ ព្រមទាំង​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ភារកិច្ច​ដែល​អ្នក​ស្ម័គ្រ​ចិត្តនឹង​ធ្វើ​ពេល​ព្រឹត្តិការណ៍​។

វិធី និង​ដំណាក់កាល​នៃ​ការ​បំពេញ​ពាក្យ​ជា​អ្នក​ស្ម័គ្រចិត្ត ៖ បើក​ទទួល​ចុះ​ឈ្មោះ​ពី​ថ្ងៃ​ទី​០១ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២៣ ដោយ​ចូល​ទៅ​កាន់ https://cambodia2023.com/km/volunteer-register
ការ​បំពេញ​ពាក្យ​ស្នើ​សុំ​ត្រូវ​បាន​កំណត់​ជា ៣​ដំណាក់កាល ហើយ​បេក្ខភាព​ដែល​បំពេញ​ពាក្យ​ស្នើ​សុំ​បាន​ជោគជ័យ នឹង​ទទួល​បាន​សារ​បញ្ជាក់​នៅ​លើ Telegram ឬ​នៅ​លើ E-mail​។

បន្ទាប់​ពី​ត្រូវ​បាន​ជ្រើសរើស បេក្ខជន​នឹង​ត្រូវ​ឆ្លងកាត់​សម្ភាសន៍ ស្រប​តាម​ស្ដង់ដា​ដាក់​ពិន្ទុ​ដែល​កំណត់ (​ចំនួន​៦​ផ្នែក​) ដើម្បី​ធានា​នូវ​តម្លាភាព ។ ចំពោះ​ការងារ​ដែល​មាន​តម្រូវការ​ជំនាញ​កម្រិត​ខ្ពស់ នឹង​មានការ​ចូលរួម​សម្ភាសន៍​ពី​គណៈកម្មការ​ជំនាញ​។

ការ​ប្រកាស​លទ្ធផល ៖ បេក្ខជន​ដែលបាន​ជាប់​នឹង​ទទួល​បាន​សារ​បញ្ជាក់​ពី​ជោគជ័យក្នុង​ការ​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​ស្ម័គ្រចិត្ត សម្រាប់ព្រឹត្តិការណ៍​កីឡា និង​បន្ត​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ដែល​បាន​រៀបចំ​ដោយ​គណៈកម្មការ តាម​រយៈ Telegram និង E-mail​។

ការ​បណ្ដុះបណ្ដាល​អ្នក​ស្ម័គ្រចិត្ត ៖ ការ​បណ្ដុះបណ្ដាល​អ្នក​ស្ម័គ្រចិត្ត ត្រូវ​បាន​បែងចែក​ជា ២​កម្រិត​រួម​មាន​៖ ១-កម្រិត​ថ្នាក់ដឹកនាំ​និង​ជន​បង្គោល និង​២-កម្រិត​អ្នក​ស្ម័គ្រចិត្ត​ទូទៅ​។
កម្រិត​ថ្នាក់ដឹកនាំ និង​ជន​បង្គោល មាន​រយៈពេល ៣​ថ្ងៃ ស្មើនឹង ១៨​ម៉ោង ខណៈ​កម្រិត​អ្នក​ស្ម័គ្រចិត្ត​ទូទៅ មាន​រយៈពេល ២​ថ្ងៃ ស្មើនឹង ១៣​ម៉ោង​កន្លះ​។

អត្ថប្រយោជន៍​អ្នក​ស្ម័គ្រចិត្ត​ទទួល​បាន​៖
អាវយឺត ចំនួន ២, ខោ ចំនួន ២, មួក ចំនួន ១, កា​តាប ចំនួន ១, លិខិត​ថ្លែងអំណរគុណ និង​ការ​ផ្គត់ផ្គង់​អាហារ ដោយ​បាន​គិតគូរ​ដល់​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម និង​អ្នកមាន​ប្រតិកម្ម​អាហារ​ផ្សេង​ៗ ៕

    អត្ថបទសរសេរ ដោយ

    កែសម្រួលដោយ